ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈកម្មការ​ជំនាញ​ចំនួន​ពីរ​ ផ្តើម​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ធម្មនុញ្ញ​នៃ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ

ភ្នំពេញ ​៖ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ធម្មនុញ្ញ នៃ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ ត្រូវបាន​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​ចំនួន​ពីរ បាន​សហការ​គ្នា​ពិនិត្យ និង​សិក្សា​ជាមួយ​តំណាង​រាជរដ្ឋាភិបាល កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​វិមាន​រដ្ឋសភា។

គណៈកម្មការ​ជំនាញ​រដ្ឋ​សភា ដែល​ចូលរួម​ក្នុង​ការ​ពិនិត្យ និង​សិក្សា​សេចក្តីព្រាងច្បាប់​នេះ មាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន ដែល​មាន​លោក ឈាង វុន ជា​ប្រធាន និង​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក ដែលមាន​លោក ហ៊ូ ស្រ៊ី ជា​អនុប្រធាន​គណៈកម្មការ ចំណែក​តំណាង​រាជរដ្ឋាភិបាល មាន​លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​អនុប្រធាន​ប្រចាំការ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

នៅក្នុង​កិច្ចប្រជុំ​នោះ លោក ញឹម វណ្ណដា បាន​លើក​ឡើង​ថា មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី ហៅ​កាត់​ថា អេ​ឌី​ភី​ស៊ី (ADPC: Asian Disaster Preparedness Center) មាន​ទីតាំងនៅ​រាជធានី​បាងកក​ប្រទេស​ថៃ បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​១៩៨៦​។ ក្នុងនាម​ជា​អង្គការ​មិនមែន រដ្ឋាភិបាល​ឯករាជ្យ មជ្ឈមណ្ឌល​អេ​ឌី​ភី​ស៊ី​បាន​បំពេញបេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ជួយ​ដល់​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ក្នុង​គោលបំណង កាត់បន្ថយ​ផល​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ និង​ធ្វើ​ឲ្យ​សហគមន៍​ទាំងឡាយ​កាន់តែ​មាន​សុវត្ថិភាព និង​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព។

លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ស្ថិត​នៅ​ក្រោម​មូលនិធិ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ មជ្ឈមណ្ឌល​នេះ បាន​ជួយ​បណ្តា​ប្រទេស​នៅ​តំបន់ អាស៊ី និង​ប៉ាស៊ីហ្វិក ជាពិសេស​ព្រះរាជាណាចក្រ​កម្ពុជា និង​សហគមន៍​ទាំងឡាយ ក្នុងការ​អនុវត្តន៍​គោលនយោបាយ និង​សមត្ថភាព ដើម្បី​កាត់បន្ថយ ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយ តាមរយៈ ការរៀបចំ ការសម្របសម្រួល ការគាំទ្រ​កម្មវិធី​បណ្តុះបណ្តាល ការគ្រប់គ្រង​ព័ត៌មាន ការស្រាវជ្រាវ ការគ្រប់គ្រង​គម្រោង​ក​ម្ម​វិធី ការផ្តល់​ចំណេះដឹង​អំពី​គ្រោះមហន្តរាយ​ដើម្បី​ការពារ​អាយុ​ជិវិត ទ្រព្យសម្បត្តិ និង​បរិស្ថាន និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស ផ្សេងៗ​ទៀត​។

ជាមួយគ្នា​នោះ លោក ញឹម វណ្ណដា បាន​ជម្រាប​ជូន​សមាជិក​រដ្ឋ​សភា​ថា ផ្អែកលើ​សកម្មភាព​បម្រើ​ផលប្រយោជន៍​សង្គម​ដ៏​ធំធេង​របស់​មជ្ឈមណ្ឌល​អេ​ឌី​ភី​ស៊ី បណ្តា​ប្រទេស​មួយចំនួន​នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​ឯកភាពគ្នា​រៀបចំតាក់តែង​ធម្មនុញ្ញ​មួយ ដើម្បី​ប្រែក្លាយ​មជ្ឈមណ្ឌល​អេ​ភី​ឌី​ស៊ី​ឲ្យ​ទៅជា​អង្គការ​អន្តរ រដ្ឋាភិបាល ក្នុង​តំបន់​មួយ​ដែលមាន​ប្រទេស​ស្ថាបនិក​ចំនួន​៩​បានអនុម័ត និង​ចុះហត្ថលេខា​លើ​ធម្មនុញ្ញ​នេះ នា​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០០៥ នៅ​រាជធានី បាងកក​។

តំណាង​រាជរដ្ឋាភិបាល​បាន​គូស​បញ្ជាក់​ថា តាម​ស្មារតី​នៃ​ធម្មនុញ្ញ​នេះ នឹង​ចូល​ជាធរ​មានបាន លុះត្រាតែ​ប្រទេស​សមាជិក​ទាំង​៩ ផ្តល់​សច្ចាប័ន​គ្រប់ ចំនួន​។ រហូតមកទល់​បច្ចុប្បន្ន​នេះ មាន​ប្រទេស​ស្ថាបនិក​ចំនួន​៧​ហើយ បានផ្តល់​សច្ចាប័ន​លើ​ធម្មនុញ្ញ​នេះ ក្នុងនោះ​មាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឥណ្ឌា នេ​ប៉ាល់ ប៉ា​គី​ស្ថាន ហ្វីលីពីន បង់​ក្លា​ដេ​ស ស្រីលង្ការ ដោយឡែក​ស្ថាបនិក​ចំនួន​២ មិនទាន់​បានផ្តល់​សច្ចា​ប័ន គឺ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ​។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក ញឹម វណ្ណដា បាន​ស្នើសុំ​រដ្ឋសភា​ពិនិត្យ សិក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ ដើម្បី​ជា​យន្តការ​ក្នុង​ការបម្រើ​ផលប្រយោជន៍​ប្រជាជន​កម្ពុជា និង​ប្រជាជន​នៅក្នុង​តំបន់​។

ចំណែក​លោក ឈាង វុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី​ហៅ​កាត់​ថា​អេ​ឌី​ភី​ស៊ី ( ADPC Asian Disaster Preparedness Center ) ហើយ​ក៏បាន​កោតសរសើរ​យ៉ាង​ក្រៃលែង ដែល​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​ស្ថាបនិក​មួយ នៃ​មជ្ឈមណ្ឌល​នេះ ដែល​បាន ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការ​ជួយ​គាំទ្រ និង​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ ដែល​ជួប​គ្រោះធម្មជាតិ​នានា​។

ក្រោយពី​បាន​ពិនិត្យ​សិក្សា​យ៉ាង​ល្អិតល្អន់ គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា បាន​ឯកភាព​លើ​សេចក្តី​ព្រាងច្បាប់​នេះ ហើយ​សម្រេច​ថា នឹង​បញ្ជូន លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ​សម្រេច ក្នុងការ​ដាក់បញ្ចូល​សេចក្តីព្រាងច្បាប់​នេះ ក្នុង​របៀបវារៈ​សម័យ ប្រជុំ​រដ្ឋសភា នាពេលខាងមុខ។

សូម​បញ្ជាក់​ថា សេចក្តី​ព្រាងច្បាប់​ស្តីពី ការ​អនុម័ត​យល់ព្រម​លើ​ធម្មនុញ្ញ​នៃ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី​នេះ មាន​១៥​មាត្រា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684