ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​អាជ្ញាកណ្ដាល​បាល់ទាត់​ថ្មី​ចំនួន​២០​រូប ​មកពី​ទូទាំងប្រទេស​បញ្ចប់​វគ្គ​សិក្សា​ដោយជោគជ័យ

​សិក្ខាកាម​ចំនួន​២០​រូប​មកពី​ទូទាំង​ប្រទេស បាន​បញ្ចប់​វគ្គ​បំពាក់​បំប៉ន​អ្នក​វាយតម្លៃ ឬ​គ្រូ​អាជ្ញាកណ្ដាល កាលពី​ពេល​ថ្មីៗ ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​ប្រកួត​នានា ដែល​នឹង​ដំណើរការ​ក្នុងពេល​ឆាប់ៗ​។

ប្រភព​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​វគ្គ​សិក្សា​នេះ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១០ ដល់​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ហើយ​វគ្គ​នេះ​បង្កើតឡើង​ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព ចំណេះដឹង​របស់​អ្នកវាយតម្លៃ និង​គ្រូ​អាជ្ញាកណ្តាល​ឱ្យ​កាន់​តែមាន​គុណភាព និង​បំពេញ​ទៅតាម​តម្រូវការ​សកម្មភាព​ប្រកួត​បាល់ទាត់​ដែល​កំពុង​តែ​មាន​ចលនា​ផុសផុល​នាពេល​បច្ចុប្បន្ន​។

ចំណែក​សិក្ខាកាម​ដែល​បានបញ្ចប់​សិក្សា​វគ្គ​នេះ​មានដូចជា លោក ស្រេង ហៅ​ឌី មកពី​នាយកដ្ឋាន​អប់រំ​កាយ​សិស្ស​និស្សិត លោក ដួង សុចិត្រ មកពី​វិទ្យាស្ថាន​អប់រំ​កាយ​និង​កីឡា លោក លឹម សុផាត មកពី​ក្រសួងការពារជាតិ លោក ឃុ​យ បូរាណ មកពី​ខេត្តតាកែវ លោក យ៉ែម វណ្ណៈ​និង​លោក នាង សុ​ផា​រិ​ទ្ធិ មកពី​រាជធានី​ភ្នំពេញ លោក ពៅ ពិសី មកពី​ខេត្តស្វាយរៀង លោក អែម រ៉​ន មកពី​ខេត្តកំពង់ធំ លោក អ៊ុន ឌី​ពុទ្ធ​ណា មកពី​ពោធិសាត់ លោក​ព្រំ ចិត្រ មកពី​បាត់ដំបង លោក ម៉ៅ ផល្លី មកពី​មណ្ឌល​គី​រី លោក កូវ ណាត មកពី​ប៉ៃលិន លោក មួង ថោះ​វិសាល មកពី​ឧ​ត្ត​រ​មានជ័យ លោក ង៉ៃ​ត វីរៈ មកពី​សៀមរាប លោក យឹម អមរិន្ទ​សួគ៌ា មកពី​ព្រះវិហារ លោក គង់ សំអាត មកពី​ត្បូងឃ្មុំ លោក ជា សុ​និ​ត មកពី​កំពត លោក ម៉ម កុសល មកពី​កំពង់ស្ពឺ និង​លោក កែវ មីនា មកពី​កោះកុង​។

វគ្គ​សិក្សា​នេះ​គឺ​ដើម្បី​ធ្វើការ​ពិនិត្យ​ទៅលើ​ការ​បំពេញ​បេសកកម្ម​របស់​ពួកគេ​ក្នុង​ការ​បំពេញ​តួនាទី​កន្លងមក ព្រមទាំង​បង្រៀន​បន្ថែម​អំពី​ការ​បំពេញ​ការងារ​រប​ស់​អាជ្ញាកណ្តាល​ទំនើប ( Modern Referee ) ដែល​ធ្វើការ ឬ​លំ​ហាត់​នៅ​លើ​ប្រព័ន្ធ​ប​ចេ្ច​ក​វិទ្យា​។​ ក្រៅ​ពី​នេះ​ក៏បាន​រំលឹក​ពួកគេ​ពី​ច្បាប់​វិសោធនកម្ម​ថ្មី​នៃ​ច្បាប់​ល្បែង​ផង​ដែរ​។ យ៉ាងណាក្តី​សិក្ខ​កាម​ទាំងអស់នេះ​ទំណង​នឹងធ្វើ​ការងារ​ដំបូង​របស់ខ្លួន​ក្នុងពាន​រង្វាន់​លីក​យុវជន​ U14, U16 និងបាល់ទាត់នារី ដែលចាប់​ផ្តើម​នៅខែវិច្ឆិកា ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684