ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែប្រយុទ្ធ ភួង សុខ​សា​ណា ស​ង្ឃឹម​ថា​ ទម្រង់​លេង​ត្រឡប់​ដូចដើម​ទោះបី​ជួយ​ក្រសួងការពារជាតិ ត្រឹម​ចុង​រដូវ​កាល​ក៏ដោយ

កីឡាករ ភួង សុខ​សា​ណា ខ្សែប្រយុទ្ធ​ប្រចាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ក្លិប​ក្រសួងការពារជាតិ បាន​បានជា​សះស្បើយ​របួស​សរសៃ​ជង្គង់​ខាងឆ្វេង​របស់​ខ្លួន​ក្រោយ​វះកាត់​ដោយ​ជោគជ័យ​កាលពី​ខែ​សីហា ឆ្នាំ​២០១៦ កន្លងទៅ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម បន្ទាប់ពី​រងរបួស​អំ​ឡុង​ពេល​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា។

​សូម​រំលឹក​ដើមចម​បន្តិច កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​បាន​រង​របួស​អំឡុង​ពេល​បំពេញ​បេសកកម្ម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ រវាង​ក្រុម​កម្ពុជា ទទួល​ភ្ញៀវ​ក្រុមទី​ម័​រ​ខាងកើត កាលពី​ថ្ងៃទី​២៩ ខែ ឧសភា ឆ្នាំ​២០១៦ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។ មុន​ពេល​របួស​រូបគេ​បា​នរក​គ្រាប់​បាល់​ទី​១​ឲ្យ​កម្ពុជា នាំមុខ​ទី​ម័​រ​ខាងកើត ១​គ្រាប់​ក្នុង​នាទី​ទី​១១ ខណៈ​លទ្ធផល​សរុប​ពេលនោះ​កម្ពុជា បាន​យកឈ្នះ​ដោយ​លទ្ធផល​២​ទល់​០​។ របួស​នេះ​បានធ្វើ​ឲ្យ​រូបគេ មិន​អាច​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់​បាល់ទាត់​បាល់ទាត់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup 2019 UAE ជាមួយ​ក្រុម​ឆាយ​នី​ស​តៃប៉ិ ទាំង​២​ជើង ក៏ដូចជា​ពេល​ប្រកួត​ពានរង្វាន់ AFF Suzuki Cup ផងដែរ។

គ្រូពេទ្យ​បាន​ប្រាប់​ថា កីឡាករ​១.៧៨ ម៉ែត្រ​រូប​នេះ​ត្រូវ​សម្រាក​ព្យាបាល​យ៉ាងតិច​៦​ខែ​ទើប​អាច​ចូល​ទីលាន​វិញ​បាន​ខណៈ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ក្លិប​ក្រសួងការពារជាតិ សហការគ្នា​ជួយ​ចេញ​សោហ៊ុយ​ព្យាបាល​របស់​ខ្លួន​។ គិត​ត្រឹម​ពេល ភួង សុខ​សា​ណា បាន​ប្រាប់​ថា របួស​របស់​ខ្លួន​បាន​ស្ទើរតែ​១០០%​ហើយ ដោយ​អាច​ចូល​ហ្វឹកហាត់​របៀប​រត់ និង​ហ្វឹកហាត់​រៀប Gym ជាមួយ​ក្រុម តែ​វិញ​។

​កន្លងមក​យោងតាម​ទំព័រ​ផ្លូវការ​របស់​ក្លិប​បានសរសេរថា «​មែនទែនទៅ !​របួស​នេះ​បានជា​សះស្បើយ​ហើយ​។ ខ្ញុំ​អន្ទះសា​ចង់​ជួយ​ក្រុម ទោះបី​ជាលី​គ​យើង​នៅសល់​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ក៏ដោយ​។ ខ្ញុំ​នៅតែ​មិន​បោះ​បង់​ហើយ​ខំ​ហ្វឹកហាត់​បន្ថែម ឲ្យ​កម្រិត​លេង​ល្អ​ដូច​មុន ដើម្បី​ជួយ​ក្លិប​និង​សង្ឃឹមថា​អាច​ចូល​លេង​ក្នុង​ជម្រើសជាតិ​ឡើងវិញ​»។

កីឡាករ ភួង សុខ​សា​ណា ធ្លាប់​ជួយ​ក្រុម​ក្រសួងការពារជាតិ លើក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ឆ្នាំ​២០១៦ ចំនួន​២​លើក​មក​ហើយ​ដោយ​លើកដំបូង​កាលពី​ឆ្នាំ​២០១០ ហើយ​ចុងក្រោយ​គឺ​ក្នុង​ឆ្នាំ​២០១៦ នេះ​ក្រោយ​យកឈ្នះ​លើ​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្ដី ៦​ទល់​៥ ក្រោយ​ស្មើគ្នា​១​ទល់​១។

ម្ចាស់​អាវ​លេខ​៩៩ ប្រចាំ​ក្លិប​ដែល​មាន​កីឡដ្ឋាន​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ មួយ​នេះ​បាន​ចាប់ផ្ដើម​ជា​កីឡាករ​អាជីព​ដំបូង​គឺ​នៅ​ឆ្នាំ​២០០៨ រហូតមកដល់​បច្ចុប្បន្ន​ជាមួយ​ក្លិប​ក្រសួងការពារជាតិ​។ កាលពី​ឆ្នាំ​២០១២ រូបគេ​ត្រូវ​បាន​លោក ហុក សុចិ​ត្រា គ្រូបង្វឹក​ក្រុម U-22 របស់​កម្ពុជា នៅ​សម័យ​នោះបាន​កោះហៅ​ឲ្យ​ចូលរួម​ក្នុង​ក្រុម ខណៈ​ចាប់ពី​ឆ្នាំ​២០១១ ដល់ ២០១៥ បាន​ជាប់​ជា​សមាជិក​ក្រុម U-23 ​កម្ពុជា​ និងក្នុង​ក្រុម​ជម្រើសជាតិ​ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684