ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ការងារ ​បើក​ការប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​លើក​ទី​៦ ដើម្បី​ជ្រើសរើស​បេក្ខជន​ឆ្នើម​ទៅ​ចូលរួម​ប្រកួតប្រជែង​ជំនាញ​អាស៊ាន​នៅ​ប្រទេស​ថៃ

ភ្នំពេញ​ ៖​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បើក​ការប្រកួតប្រជែង​ជំនាញ​អេឡេចត្រូនិក​ និង ​បច្ចេកវិទ្យា​ព័ត៌មាន​លើក​ទី​៦​ដើម្បី​ជ្រើសរើស​បេក្ខជន​ឆ្នើម​ទៅ​ចូលរួម​ប្រកួតប្រជែង​ជំនាញ​អាស៊ាន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ ក្នុង​អំឡុង​ខែសីហា ​ឆ្នាំ​២០១៨​ខាងមុខនេះ។

ថ្លែង​ក្រោយ​ពិធី​បើក​ការប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​លើក​ទី​៦​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​នៅ​កាលពី​ថ្ងៃ​ទី​១៣ ​វិច្ឆិកា ​លោក​ទេព ណាវី អគ្គ​នាយរង​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា ​ការប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​លើក​ទី​៦​នេះ​មាន​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ចំនួន​៤៧​នាក់​មកពី​តាម​បណ្តា​វិទ្យាស្ថាន​និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​ និង ​វិជ្ជាជីវៈ​ចំនួន​១១​នៅ​ទូទាំង​ប្រទេស​ដោយ​ចាប់ផ្តើម​ប្រកួត​ចាប់ពី​ថ្ងៃ​១៣​ដល់​ថ្ងៃ​ទី​១៧ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៧​នេះ។

លោក​បាន​បន្ត​ថា​ ការប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​លើក​ទី​៦​នេះ ​គឺ​តម្រូវ​ឲ្យ​បេក្ខជន​ម្នាក់ៗ​ត្រូវ​អនុវត្ត​ផ្ទាល់​ជាក់​ស្តែង​តែ​ម្តង​តាមរយៈ​ឧបករណ៍​ដែល​បាន​រៀបចំ​រួចជាស្រេច​ទៅលើ​មុខជំនាញ​ចំនួន​៦​មុខ​រួមមាន​ជំនាញ​រៀប​ឥត ជំនាញ​ត​បណ្តាញ​អគ្គិសនី ជំនាញ​ត​ផ្សារ រចនា​គេហទំព័រ ជំនាញ​IT Software Solution for Business និង​ជំនាញ​រចនា​ក្រាហ្វិក។

លោក​បាន​បន្ថែម​ថា ​ចំពោះ​វិញ្ញាសា​ប្រឡង​នេះ​គឺ​ក្រសួង​ការងារ​បាន​យក​តាម​អាស៊ាន​តែ​ម្តង​ដោយ​គ្រាន់តែ​ធ្វើ​ការ​កែ​តម្រូវ​ឲ្យ​សមស្រប​ទៅតាម​ស្ថាន​ការ​ជាក់ស្តែង​របស់​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​បេក្ខជន​ប្រឡង​ថ្នាក់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការចូលរួម​ប្រកួតប្រជែង​នៅ​តំបន់​អាស៊ាន​ក៏ដូចជា​នៅលើ​ពិភពលោក។

លោក​បាន​បន្ត​ទៀត​ថា ​បេក្ខជន​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​មេដាយ​នឹងត្រូវ​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​ដោយ​មេដាយ​មាស​ទទួល​បាន​៣​លាន​រៀល​មេដាយប្រាក់​២​លាន​រៀល​និង​មេដាយ​សំរិទ្ធិ​១​លាន​រៀល​ ហើយ​ជ័យលាភី​ទាំងនោះ​នឹង​ត្រូវ​ជ្រើសរើស​តាម​លំដាប់​ពិន្ទុ​ខ្ពស់​បំផុត​បន្តបន្ទាប់​យក​ទៅ​ប្រកួតប្រជែង​ជំនាញ​អាស៊ាន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ខាងមុខនេះ​។

លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា​ ការរៀបចំ​ប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​នេះ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​លើកកម្ពស់​គុណភាព​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ឲ្យ​កាន់តែ​ប្រសើរ​ក៏ដូចជា​ការ​ផ្តល់​តម្លៃ​ដល់​យុវជន​យុវនារី​និង​កម្មករ​ដែល​បាន​សិក្សា​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​នៅ​កម្ពុជា​និង​ប​ន្ស៉ី​គ្នា​រវាង​វិស័យ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ស្របទៅនឹង​ការ​រីកចម្រើន​បច្ចេកវិទ្យា​និង​តម្រូវការ​ទីផ្សារ​ការងារ​ក្នុង​និង​ក្រៅ​ប្រទេស​ព្រមទាំង​លើកកម្ពស់​តម្លៃ​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ទាក់ទាញ​យុវជន​ឲ្យ​គាំទ្រ​និង​ចូលរួម​បណ្តុះបណ្តាល​លើ​វិស័យនេះ​ឲ្យ​កាន់តែ​ផុលផុស​ថែមទៀត។

លោក​បាន​បន្ត​ថា ​ការប្រកួតប្រជែង​ជំនាញ​ថ្នាក់​ជាតិ​នេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដោយ​ជួយ​ឲ្យ​គុណភាព​ការ​បណ្តុះ​បណ្តា​ជំនាញ​បាន​អភិវឌ្ឍន៍​ដោយ​សាលា​បណ្តុះបណ្តាល​នីមួយៗ​មានការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចូលរួម​ប្រកួតប្រជែង ​និង ​ឲ្យ​យុវជន​បាន​មើល​ឃើញ​ពី​សារៈសំខាន់​នៃ​ការសិក្សា​ជំនាញ​វិជ្ជាជីវៈ​នេះ​និង​ជា​ស្ពាន​មួយ​ដែល​អាច​ផ្សារភ្ជាប់​ការ​បណ្តុះបណ្តាល​ទៅនឹង​ទីផ្សារ​ការងារ​ដោយ​វិស័យ​ឯកជន​អាច​ជ្រើសរើស​សិស្ស​ទៅធ្វើ​ការ​នៅ​កន្លែង​គេ។

លោក​ពេ​ជ ​សោភ័ន ​បាន​អំពាវនាវ​ឲ្យ​មានការ​បំផុស​ចលនា​ប្រកួតប្រជែង​ជំនាញ​នេះ​នៅ​តាម​សាលា​បណ្តុះបណ្តាល​បច្ចេកទេស​នានា​ជា​បន្ត​ទៀត​ដើម្បី​ជ្រើសរើស​បេក្ខជន​ឆ្នើមៗ​ឲ្យ​បាន​ច្រើន​សម្រាប់​ចូលរួម​ប្រឡង​តាម​ភូមិភាគ​ឬ​តំបន់ ​និង ​នៅ​ថ្នាក់​ជាតិ​ព្រមទាំង​ទៅ​ចូលរួម​ប្រកួតប្រជែង​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684