ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​ឆ្នាំ​២០១៨​ខាងមុខ​ស្ថាប័ន​អ្នកបញ្ជា​ទិញ​សន្យា​ថា​នឹង​បន្ត​បង្កើន​ការបញ្ជាទិញ​ផលិតផល​កាត់ដេរ​ពី​កម្ពុជា

ភ្នំពេញ ​៖ ​ស្ថាប័ន​អ្នកបញ្ជា​ទិញ​ ដែល​មាន​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​ជាច្រើន​បាន​សន្យាថា​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ​នឹង​បន្ត​បង្កើន​ការ​បញ្ជាទិញ​ផលិតផល​កាត់ដេរ​សំលៀកបំពាក់​និង​ស្បែកជើង​ពី​កម្ពុជា​បន្ថែមទៀត​ដើម្បី​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់​នៅ​រសប់កម្មករនិយោជិត​ក៏ដូចជា​សេដ្ឋកិច្ច​កម្ពុជា​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋ​មន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​បែបនេះ​នៅ​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត Frank Hoffer នាយក​ប្រតិបត្តិ​ស្ថាប័ន​សកម្មភាព​សហប្រតិបត្តិ​ការ​និង​ផ្លាស់ប្តូរ​ដែល​ហៅ​កាត់​ថា​ACT​កាលពី​ព្រឹក​ថ្ងៃទី​១៤​ ខែវិច្ឆិកា​នៅ​ទីស្តីការក្រសួង​។

លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ត​ថា ​ការដែល​ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​សម្រេច​បន្ត​បង្កើន​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា​នេះ​ដោយសារតែ​កម្ពុជា​បាន​អនុវត្តន៍​នូវ​លក្ខខណ្ឌ​ការងារ​បាន​ល្អ​ប្រសើរ​ហើយ​ជា​ប្រទេស​ដែល​មាន​ប្រភព​ទំនិញ​ស្អាតស្អំ​គ្មាន​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ហើយ​កម្មករ​និយោជិត​ទទួល​បាន​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​ល្អ​ប្រសើរ។

​លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ​ក្រៅពីនេះ​ក្រុម​អ្នកបញ្ជា​ទិញ​បាន​វាយតម្លៃ​ខ្ពស់​ទៅលើ​ក្របខណ្ឌ​គោលនយោបាយ​រួម​ដែល​កម្ពុជា​បាន​អនុវត្ត​ដែល​ផ្សារភ្ជាប់​លក្ខខណ្ឌ​ការងារ​ជាមួយ​ការធ្វើ​ពាណិជ្ជកម្ម​។​ការអនុវត្ត​ល្អ​ទៅលើ​ការផ្តល់​សេរីភាព​អង្គការ​វិជ្ជាជីវៈ ការរៀបចំ​ត្រីភាគី​សម្រាប់​ដំឡើង​ប្រាក់​ឈ្នួល​និង​ការការពារ​សិទ្ធិសេរីភាព​ផ្សេងៗ​ជួន​កម្មករនិយោជិត​នៅ​កន្លែង​ការងារ​ពិសេស​ទប់ស្កាត់​ការរំលោភបំពាន​មិន​ឲ្យ​មានការ​ប្រើប្រាស់​ពលកម្ម​កុមារ​នៅតាម​រោងចក្រ​សហគ្រាស​ផងដែរ​។

ចំណែក​លោក​បណ្ឌិត Frank Hoffer នាយក​ប្រតិបត្តិ​សកម្មភាព​សហប្រតិបត្តិ​ការ​និង​ផ្លាស់ប្តូរ​ដែល​ហៅ​កាត់​ថា​ACT​បាន​សំដែង​នូវ​ការ​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គោរព​និង​អនុវត្ត​លក្ខខណ្ឌ​ការងារ​នៅតាម​រោងចក្រ​សហគ្រាស​បានល្អ​ប្រសើ​រ។

លោក​បាន​មានប្រសាសន៍ថា​ តាមរយៈ​លក្ខខណ្ឌ​ដ៏​ល្អប្រសើរ​នេះ​ស្ថាប័ន​ACT​ដែលជា​យន្តការ​ចម្រុះ​របស់​អ្នកបញ្ជា​ទិញ​ធំៗ​និង​មាន​អង្គការ​សហជីព​មួយចំនួន​ផង​នោះ​នឹង​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ​បន្ថែម​ទៀតហើយ​សង្ឃឹមថា​ក្រុមហ៊ុន​អ្នកបញ្ជា​ទិញ​នឹង​ពេញចិត្ត​នូវ​ទំនិញ​ពី​កម្ពុជា​ដែល​ផលិត​ប្រកបដោយ​ភាព​ស្អាតស្អំ។

តែ​យ៉ាងណាក៏ដោយ​លោក​បាន​ជំរុញ​ឲ្យ​កម្ពុជា​បន្ត​អនុវត្ត​លក្ខខណ្ឌ​ការងារ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​និង​បង្កើត​នូវ​ប្រភព​ទំនិញ​ស្អាតស្អំ​បន្ត​ទៀត​ដើម្បី​បង្កើន​នូវ​ទំនុក​ចិត្ត​ពី​ក្រុម​អ្នកបញ្ជា​ទិញ​ក៏ដូចជា​ដើម្បី​បង្កើត​ឱកាស​ការងារ​ជាច្រើន​ទៀត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ក​ម្មករ​និយោជិត​ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ផងដែរ។

យោង​តាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៧​នេះ​ការនាំចេញ​របស់​កម្ពុជា​បាន​កើន​ឡើង​ដល់​៧,៧​ពាន់​លាន​ដុល្លារ​មានការ​កើនឡើង​១៧​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​ភាគច្រើន​ត្រូវបាន​ជំរុញ​ឲ្យ​ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង។

ក្នុង​នោះ​ការនាំចេញ​សម្លៀកបំពាក់​មានតម្លៃ​៤,៩​ពាន់​លាន​ដុល្លារ កើនឡើង​៨,៣​ភាគរយ ការនាំចេញ​ស្បែក​ជើងមាន​៦៣៦,៧៦​ដុល្លារ​កើនឡើង​៤៣​ភាគរយ និង​វាយនភ័ណ្ឌ ៧៦,៨៨​លាន​ដុល្លារ ខណៈ​ផលិតផល​មិន​ជាក់លាក់​ផ្សេងទៀត​មានតម្លៃ​៥៦១,៤៥​លាន​ដុល្លារ កើនឡើង​ដល់​៤២,៥១​ភាគរយ​។ តួលេខ​បានបង្ហាញ​តម្លៃ​នាំចេញ​អង្ករ​មាន​ចំនួន ២០៦,៩១​លាន​ដុល្លារ ធ្លាក់​ចុះ​៦,៧​ភាគរយ​។

គួរ​បញ្ជាក់​ថា ​គណៈប្រតិភូ​ស្ថាប័ន​ACT​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​លើក​នេះ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​និយោជក សហជីព​និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ប្រមែ​ល​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ស្តីពី​ការអនុវត្ត​លក្ខខណ្ឌ​ការងារ​ហើយ​បាន​វាយតម្លៃ​ថា​ការអនុវត្ត​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា​បានល្អ​ប្រសើរ​ព្រមទាំង​បាន​សន្យាថា​នឹង​បញ្ជា​ទិញ​ផលិតផល​កាត់ដេរ​ពី​កម្ពុជា​បន្ថែមទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684