ព័ត៍មានទាន់​ហេតុការណ៏
Search

AFC Asian Cup ៖ កម្ពុជា ចាញ់​ហ្សកដានី ជា​លើក​ទី​២ អស់​ឱកាស​ឡើងទៅ​ជុំ​បន្ទាប់​

ក្រុមបាល់ទាត់​ម្ចាស់ផ្ទះ​ជម្រើសជាតិ​កម្ពុជា បាន​ចាញ់​ក្រុម​ជម្រើសជាតិ​ហ្សកដានី ១​ទល់​០ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​វគ្គ​ជម្រុះ​ពូ​ល C នៃ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី 2019 AFC Asian Cup UAE ហើយ​បរាជ័យ​នេះ​បញ្ជាក់​ឲ្យ​កាន់តែច្បាស់​ថា​កម្ពុជា អស់​ឱកាស​ឡើងទៅ​ជុំ​បន្ទាប់​។

ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ប្រមាណ​ជាង​២​ម៉ឺន​នាក់ ការប្រកួត​ដែល​កាត់​សេចក្តី​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល Ilgiz Tantashev ជនជាតិ​អ៊ូ​បែ​គី​ស្ថាន កីឡាករ Monther Abu Amara បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ក្រុម​ហ្សកដានី តាំងពី​នាទី​ទី​១៧ មកម្ល៉េះ ខណៈ​លទ្ធផល​នេះ​បាន​បន្ត​រហូតដល់​ចប់​ការប្រកួត​។

​នេះ​ជា​បរាជ័យ​ជា​លើក​ទី​២​ហើយ របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក ប្រាក់ សុវណ្ណារ៉ា ដែល​កាល​ពី​ពេល​ថ្មីៗ​បាន​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា ក្នុង​ប្រកួត​មិត្តភាព ២​ទល់​១​។ ចំណែក​នេះ​ក៏​ជា​បរាជ័យ​របស់​ក្រុម​កម្ពុជា ជា​លើក​ទី​២​ហើយ​ពេល​ប៉ះ​ក្រុម​ហ្សកដានី ហើយ​ការ​ចាញ់​លើកដំបូង​គឺ​តាំងពី​ខែមីនា ដើម​ឆ្នាំ​ម្ល៉េះ​ដោយ​លទ្ធផល ៧​ទល់​០ ដែល​កាលនោះ​កម្ពុជា ដឹង​នាំ​ដោយ​លោកគ្រូ​បង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល Leonardo Vitorino​។

សូម​បញ្ជាក់​ថា C នៃ​ពានរង្វាន់ 2019 AFC Asian Cup UAE នេះ​មាន​ក្រុម​ហ្សកដានី វៀតណាម អា​ហ្វ​ហ្គា​នី​ស្ថាន និង​កម្ពុជា ខណៈ​ប្រកួត​ចុងក្រោយ​ប្រចាំ​ពូ​ល​នឹង​ធ្វើ​ឡើង​នៅ​ខែមីនា ដើមឆ្នាំ​២០១៨ ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន លើ​ទីលាន​កីឡដ្ឋាន Pamir Stadium ក្នុង​ទីក្រុង Dushanbe ប្រទេស​តាជី​កី​ស្ថាន ខណៈ​ក្រុម​ហ្សកដានី ទទួល​ក្រុម​វៀតណាម នៅលើ​ទីលាន​កីឡដ្ឋាន​Amman International Stadium ក្នុង​ទីក្រុង Amman​។

ចំពោះ​វគ្គ​ជម្រុះ​តាម​ពូ​ល ប្រចាំ​ពានរង្វាន់​ប្រចាំ​ទ្វីប​នេះ នៅសល់​សមាសភាព​ក្រុម​២៤ ដោយ​ក្រុម​ទាំងអស់​ត្រូវ​បែង​ចែកចេញជា​៦ ពូ​ល ក្នុង​មួយ​ពូ​ល​មាន ៤ ក្រុម ប្រកួត​តាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២ ជើង (​ក្នុងផ្ទះ​និង​ក្រៅ​ផ្ទះ​) ហើយ​ក្រុម​ដែល​ឈរ​លេខ​១ និង​លេខ​២ ប្រចាំ​ពូ​ល​នីមួយៗ​នឹងត្រូវ​ឡើងទៅ​ប្រកួត​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ នៅ​ប្រទេស​អារ៉ាប​រួម ឆ្នាំ​២០១៩ ជាមួយ​ប្រទេស​ចំនួន​១២ ផ្សេងទៀត​អង្គុយ​រង់ចាំ​រួចជាស្រេច​។ ក្រុម​ទាំង​១២​មាន​អារ៉ាប់​រួម ជា​ម្ចាស់ផ្ទះ កាតារ​, កូរ៉េខាងត្បូង​, ជប៉ុន​, ថៃ​, អារ៉ាប់​ប៊ី​សា​អូឌីត​, អូស្ត្រាលី​, អ៊ូ​ប៉ែ​គី​ស្ថាន​, ស៊ី​រី​, អ៊ីរ៉ាក់​, អ៊ីរ៉ង់ និង​ចិន ព្រោះថា​ក្រុម​ទាំង​១២​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​កាលពី​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ 2018 FIFA World Cup Russia ជុំ​ទី​២​ប្រចាំ​ទ្វីប​កាល​នាពេល​កន្លងទៅ​។

​ចំណែក​ក្រុម​ក្នុង​វគ្គ​ជម្រុះ​ជុំ​ផ្ដាច់ព្រ័ត្រ​នេះ​ពូ​ល A មាន​ប្រទេស​គី​ជី​ស្ថាន​, ឥណ្ឌា​, មី​យ៉ាន់​ម៉ា និង​ម៉ា​កាវ ហើយ​ពូ​ល B មាន​កូរ៉េខាងជើង​, ហុងកុង​, លី​ប៉ង់ និង​ម៉ាឡេស៊ី ពូ​ល C មាន​ហ្ស៊​កដា​នី​, វៀតណាម​, អា​ហ្វ​ហ្គា​នី​ស្ថាន និង​កម្ពុជា ពូ​ល D មាន​អូ​ម៉​ង់​, ប៉ា​ឡេ​ស្ទី​ន​, ម៉ា​ល់​ឌី​វ និង​ប៊ូ​តាន់ ពូ​ល E មាន​ប៉ា​រ៉ែ​ន​, តួ​មេ​នី​ស្ថាន​, ឆាយ​នី​ស​តៃប៉ិ (​តៃវ៉ាន់​) និង​សិង្ហ​បុរី និង​ពូ​ល F មាន​ហ្វីលីពីន​, តាជី​គី​ស្ថាន​, យេ​ម៉ែន និង នេប៉ាល់៕

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684