ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​រថយន្ត​ទំនើប​លើ​ផ្លូវ​ជាតិ ​ឡើង​ជែង​មិន​មើល​ឧបសគ្គ​​ ​ រេ​ចង្កូត​ទៅ​កៀរ​ម៉ូតូ​ច្រាស​ទិស

ពោធិ៍សាត់​ ៖ រថយន្ត​ទំនើប​ប្រភេទ​ម៉ា​ស្ដា​មួយ​គ្រឿង​ បាន​បើក​លឿន​លើ​ផ្លូវ​ជាតិ​លេខ​៥​ជួប​ឧបសគ្គ​ ក៏រេ​ចង្កូត​ទៅ​កៀរ​ នឹង ​ម៉ូតូ​ច្រាស​ទិស ​បណ្ដាល​ឲ្យ​របួសធ្ងន់​ម្នាក់។

ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងភូមិ​ស្ដុក​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់។

លោក យ៉ែម យឿន អធិការរង​នគរបាល​ស្រុក​បាកាន​ទទួលបន្ទុក​កិច្ចការ​នេះ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​របួសធ្ងន់​ឈ្មោះ ឡាយ នង ភេទ​ប្រុស ​អាយុ​៦៤ នៅ​ភូមិ​កើតហេតុ។ មុន​ពេល​កើតហេតុ​​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រីម​ ពណ៌ខ្មៅ​ ស្លាក​លេខ​ ពោធិ៍សាត់​1B-8001 ​​​​​​លើ​ផ្លូវជាតិ​ក្នុង​ទិសដៅ​ពី​លិចទៅ ខាង​ផ្លូវ​អាទិភាព។ លុះ​​​​​ជិះ​ម៉ូតូ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ត្រង់​គីឡូម៉ែត្រ​លេខ​១៩៥.១៩៦ ស្រាប់​តែ​មាន​រថយន្ត​ទំនើប​មួយ​គ្រឿង​ប្រភេទ​ម៉ា​ស្តា ពណ៌ស ស្លាក់​លេខ​ ភ្នំពេញ​2AN-7990 ផលិត​ឆ្នាំ​២០១៧ បាន​បោះពួយ​មកពី​លិចទៅ​កើត​ច្រាសទិស​គ្នា ដោយ​ល្បឿន​លឿន ឡើង​ជែង​រថយន្ត​ស្រប​ទិស​មិន​មើល​ឧបសគ្គ ក៏​បាន​រេ​ចង្កូត​ទៅ ខាងស្ដាំ​ដៃ​ផ្លូវ​អាទិភាព​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ ហើយ​កៀរ​ម៉ូតូ​នោះ ដួល​ត្រឡប់ត្រឡិន​លើផ្លូវ​ជាតិ បណ្ដាល​ឲ្យ​បុរស​ជិះ​ម៉ូតូ​ខាងលើ​របួសធ្ងន់ ហើយ​ខូចខាត​រថយន្ត​និង​ម៉ូតូ​មួយចំនួន រួច​ហើយ​តៃកុង​រថយន្ត​ទំនើប​នោះគេ​ខ្លួន​បាត់​។

នគរបាល​ចរាចរណ៍​ស្រុក​បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​សងខាង​បាន​ប្រមូល​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​បណ្ដោះអាសន្ន។ ក្រោយពេល​វាស់វែង​រួច ដោយ​មន្ត្រី​ដដែល​នោះ​បញ្ជាក់​ថា មូលហេតុ​គឺ​មកពី​រថយន្ត​ម៉ា​ស្ដា បើក​លឿន​ ហើយ​ឡើង​ជែង​មិន​មើល​ឧបសគ្គ​ខាងមុខ​ ទើប​បង្ក​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​ម្នាក់​ព្រមទាំង​ម៉ូតូ​និង​រថយន្ត​ខាង​ខូចខាត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684