ព័ត៍មានទាន់​ហេតុការណ៏
Search

មេ​បញ្ជា​ការ​អាវុធ​ហត្ថ​ស្រុក​ម្នាក់ ​ដេក​ស្លាប់​ក្នុង​អង្រឹង​ ១០​ម៉ោង​ក្រោយ ទើប​ដឹង​

ពោធិ៍សាត់ ​៖ មេ​បញ្ជា​ការ​អាវុធហត្ថ​ស្រុក​ម្នាក់​ ក្រោយពី​ដើរ​ល្បាត​ពេលយប់​ចូល​ដេក​ក្នុង​ទី​បញ្ជា​ការ រហូតដល់​ថ្ងៃត្រង់​ទើប​ដឹង​ថា ​ដេកស្លាប់​ក្នុង​អង្រឹង​បង្ករ​ការភ្ញាក់ផ្អើល។

​ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​កាល​ម៉ោង​១២ ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រង់​ទី​បញ្ជា​ការ​អាវុធហត្ថ​ស្រុក​កណ្ដៀង ស្ថិត​ក្នុង​ភូមិស្ថា​នីយ ឃុំ​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់។

ជនរងគ្រោះ​ឈ្មោះ ញិ​ក បាន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​មេ​បញ្ជាការ​អាវុធហត្ថ​ស្រុក​កណ្ដៀង ដែល​មា​មាន​ទីលំនៅ​ភូមិ​កែវ​សុវណ្ណ សង្កាត់​បន្ទា​យ​ដី ក្រុង​ពោធិ៍សាត់។

លោក​អធិការ​នគរបាល​ស្រុក​កណ្ដៀង​ឲ្យ​ដឹង​មុន​នេះ​ថា​ មុន​ពេល​កើតហេតុ​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជនរងគ្រោះ​បាន​ដើរ​ល្បាត​ពេលយប់​ការពារ​ភូមិសាស្ត្រ​ភូមិ​ឃុំ​សុវត្ថិភាព រហូត​យប់​ជ្រៅ ទើប​ចូល​ទី​បញ្ជា​ ដោយ​ជនរងគ្រោះ​បាន​ផ្ញើ​រថយន្ត​ផ្ទះ​អ្នកជិតខាង​ក្បែរ​នោះ​រួច ចូល​ទី​បញ្ជា​ដេក។ រហូតដល់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ដោយ​គេ​ឆ្ងល់​មិន​ឃើញ​ជនរងគ្រោះ​ចេញពី​ទី​បញ្ជា​យក​រថយន្ត ក៏បាន​ដើរចូល​ទៅ​នោះ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ស្លាប់​ក្នុង​អង្រឹង ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​តែម្ដង។

​លោក​អធិការ​បន្ត​ថា ក្រោយពេល​ដឹង​ថា មេ​បញ្ជា​អាវុធហត្ថ​ស្រុក​ដេកស្លាប់​ក្នុង​បន្ទាយ​លើ​អង្រឹង កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​និង​កម្លាំង​ជំនាញ​នគរបាល​ស្រុក ខេត្ត រួម​ទាំង​គ្រូពេទ្យ​ជំនាញ​ចុះ​ពិនិត្យ ទើប​ដឹង​ថា ជនរងគ្រោះ​ដេក​ស្លាប់​ដោយ​គាំង​បេះដូង រយៈពេល​១០​ម៉ោង​មុន​នេះ​។ សព​បាន​ប្រគល់ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​យ៉ាង​សមរម្យ​ដោយមាន​ការ​ជ្រោមជ្រែង​ពី​ទី​បញ្ជាការ​អាវុធហត្ថ​ខេត្ត​ពោធិ៍​សាត់​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684