ព័ត៍មានទាន់​ហេតុការណ៏
Search

ចង.ក សម្លាប់​ខ្លួន​ទាំង​ក្មេង​ល្ហក់ ​ដោយ​មិន​ដឹង​មូលហេតុ

​ភ្នំពេញ ៖ យុវជន​វ័យ​១៧​ឆ្នាំ​ម្នាក់​ បាន​ដាច់ចិត្ត​ចង.ក សម្លាប់​ខ្លួន​ចោល​ឪពុកម្ដាយ​បងប្អូន​ទាំង​ខ្លួន​នៅ​ក្មេង​ល្ហក់​ដោយ​មិន​ដឹង​មូលហេតុ​អ្វី​ឡើយ​ គ្រាន់តែ​ដឹង​ថា ​កាលពី​ពីរ​ឆ្នាំមុន​យុវជន​រូប​នេះ​ក៏​ធ្លាប់​ប៉ុនប៉ង​ចង.ក ម្ដង​ដែរ​ តែ​ពេល​នោះ​បាន​ម្ដាយ​ជួយ​ទាន់​រហូតមក​ដល់​ពេល​នេះ​ចង.ក ស្លាប់​បានសម្រេច​មែន។

ហេតុ​ការណ៍​នេះ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៦​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែវិ​ច្ឆិ​កា ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​2058​ ភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សព​មានឈ្មោះ​ផាត ភ​ត្រា ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ​មុខរបរ​រៀន​ជួសជុល​ទូរស័ព្ទ មាន​ទីលំនៅ​និង​ស្រុក​កំ​ណើត​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ។

តាម​ការ​បញ្ជាក់​ពី​ឈ្មោះ​សោម នាង ត្រូវជា​ម្ដាយ​ប​ង្កើ​ត​របស់​សព​បាន​ឲ្យ​ដឹង​ថា ​​កាលពី​ឆ្នាំ​២០១៥ នៅ​បូរី​កីឡា កូន​របស់​គាត់​ធ្លាប់​បាន​ប៉ុនប៉ង​ចង.ក​សម្លាប់​បែបនេះ​រួច​ម្ដង​មក​ហើយ​​ ប៉ុន្តែ​គាត់​ជួយ​ទាន់ ទើប​មិន​អី រហូតមកដល់​ម៉ោង​កើត​ហេតុ​ខាង​លើ​ស្រាប់តែ​កូន​គាត់​បាន​ព្យាយាម​ចង.ក​នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ​ស្លាប់​ទាល់តែ​បាន​ ដោយ​មិន​ដឹង​ថា ​កូន​មាន​វិបត្តិ​អ្វី​ទេ​ ព្រោះ​មិនដែល​ឮ​កូន​និយាយ​រឿង​អី​សោះ។

ក្រោយពេល​កើតហេតុ​ ម្ដាយ​ជន​រង​គ្រោះ​បាន​បដិសេធ​បណ្ដឹង​មិន​ប្ដឹង​ចោទប្រកាន់​ទៅ​លើ​បុគ្គល​ណា ឫ​អង្គភាព​ណាមួយ​ឡើយ ដោយ​សុំ​តែ​ធ្វើ​បុណ្យ​សព​កូន​នៅផ្ទះ​តាម​ប្រពៃណី​ប៉ុណ្ណោះ។

បើ​យោង​តាម​ការពិនិត្យ​ជាក់ស្ដែង របស់​ផ្នែក​ជំនាញ​ខណ្ឌ​ជនរងគ្រោះ​បាន​យក​ខ្សែ​នីឡុង​ប្រវែង​ប្រហែល​៥​ម៉ែត្រ​ចង​ជាប់​ នឹង ​ផ្ទោង​ដំបូល​ផ្ទះ​ក្បែរ​ជញ្ជាំង​ផ្ទះ​សម្លាប់​ខ្លួន។ ពេល​ឃើញ​បែប​នេះ​ម្ដាយ​បាន​ទៅ​ជួយ​កាត់​ខ្សែ​ទម្លាក់​មក​ក្រោម​ជួយសង្គ្រោះ​ដែរ​ តែ​មិនទាន់​ដង្ហើម​កូន​ឡើយ។ តាម​ការពិនិត្យ​ឃើញ​ថា ​នៅ​លើ​ខ្លួន​សព​មិន​ឃើ​ញ​មាន​ស្លាកស្នាម​សង្ស័យ​ពាក់ព័ន្ធ​ទៅ​អំពើ​ឃាតកម្ម​នោះ​ទេ គឺ​មានតែ​ស្នាម​ជាំ​នៅ​ក្រោម​ចង្កា​ព័ទ្ធ​ពី​ឆ្វេង​មក​ស្ដាំ​តែប៉ុណ្ណោះ​ ទើប​សន្និដ្ឋាន​បាន​ថា​ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចង.ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន​មិន​ពាក់ព័ន្ធ​ឃាតកម្ម​អ្វី​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684