ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​-​ចិន ចុះ​អនុស្សរណៈ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

ភ្នំពេញ​ ៖ តំណាង​ឲ្យ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក កឹម ស៊ីថន រដ្ឋមន្ត្រី​ស្តីទី បាន​ទទួល​ជួបពិភាក្សា​ជាមួយ លោក WANG Bingnan អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើ​ការ​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពិនិត្យឡើងវិញ​លើ​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន កាលពី​ថ្មី​កន្លងមកនេះ។

យោងតាម​ផេ​ក ផ្លូវការ របស់ ក្រសួងពាណិជ្ជកម្ម ដែល​ភ្នាក់ងារ យើង​ទើប​នឹង​ទទួល​បាន នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ពិភាក្សា​នេះ ភាគី​ទាំង​ពីរបាន​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) និង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​អេឡិចត្រូនិក ដើម្បី​ជំរុញ​វិស័យ​នេះ​នៅ​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរឡើង​។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​សម្រាប់​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ (One Belt One Road Initiative) របស់​រដ្ឋាភិបាល​ចិន ដែល​អាច​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​ពី​ប្រទេស​ចិន​មក​កម្ពុជា ដើម្បី​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា។

​តាមរយៈ​អនុស្សរណៈ​នេះ ភាគី​ទាំងពីរ​នឹង​សហការគ្នា ដើម្បី​បង្កើត​បរិយាកាស​ឲ្យ​មាន​អំណោយផល សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក ក្រោម​គោលបំណង​ទទួលបាន​ផលប្រយោជន៍​ទៅវិញទៅមក ដែល​មាន​ដូចខាងក្រោម​៖

ភាគី​ទាំងពីរ​នឹង​ស្វែងយល់​គ្រប់​ច្រកល្ហក​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក ដូចជា​ការសិក្សា​រួម កម្មវិធី​បណ្ដុះបណ្ដាល​ស​ម​ត្ថ​ភាព ជំនួយ​បច្ចេកទេស​លើ​ការបង្កើត​ក្របខណ្ឌ​ច្បាប់ និង​ការអនុវត្ត​ច្បាប់ ព្រមទាំង​ចែករំលែក​បទពិសោធន៍​ស្ដីពី​ការកំណត់​គោលនយោបាយ និង​ការគ្រប់គ្រង​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក ដោយ​រដ្ឋាភិបាល​។​ល។

ភាគី​ទាំងពីរ នឹង​លើកទឹកចិត្ត​ឲ្យ​សហគ្រាស ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក រួមមាន​ការជំរុញ​ពាណិជ្ជកម្ម​លើ​ផលិតផល ទៅវិញទៅមក​ពី​ប្រទេស​រៀងៗ​ខ្លួន តាមរយៈ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​។​ ភាគី​ទាំងពីរ នឹង​គាំទ្រ​សកម្មភាព​សហប្រតិបត្តិ​កា​រលើ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក តាមរយៈ​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​អាជីវកម្ម ការបណ្ដុះបណ្ដាល និង​ការកសាង​សមត្ថភាព និង​ការផ្លាស់ប្ដូរ​បទ​ពិសោធ​ន៍​អនុវត្ត​ល្អៗ និង​នវានុវត្តន៍​ថ្មីៗ​។​ដើម្បី​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ប្រសើរឡើង កម្ពុជា​នឹង​ត្រៀមខ្លួន​រៀបចំ ១-​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ២-​ហេដ្ឋារចនាសម្ព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍ ៣-​កិច្ច​សម្រួល​ពាណិជ្ជកម្ម​អេឡិចត្រូនិក ៤-Online Payment Gateway និង ៥-​ធនធានមនុស្ស​លើ​វិស័យ​អេឡិចត្រូនិក​។​

ជាមួយគ្នានេះដែរ កម្ពុជា​បាន​សំណូមពរ​ឲ្យ​ភាគី​ចិន​បង្កើត​កម្មវិធី​ទស្សនកិច្ច​សិក្សា និង​បណ្តុះបណ្តាល​សមត្ថភាព​ដ​ល់​មន្ត្រី​ជំនាញ​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ធនាគារជាតិ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាដើម​។

ក្នុង​ឱកាស​នោះដែរ លោក កឹម ស៊ីថន បាន​ជម្រាប​ភាគី​ចិន​អំពី​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​-​ចិន​ឆ្នាំ​២០១៦ ដែលមាន​ចំនួន ៤,៧៦០ លាន​ដុល្លារ​អាមេរិក (​កើនឡើង​ប្រមាណ ៧.៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៥) ជាពិសេស​រហូតមកដល់​បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន បាន​ឈានឡើង​លើស​ពី ៥,០០០ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧ ដែល​ចំនួន​នេះ លើស​ពី​ការ​រំពឹងទុក​ដែល​កំណត់​ដោយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​។

លោក​អនុរដ្ឋមន្ត្រី​ចិន មាន​ជំនឿ​ថា ក្រោយពី​មាន​កិច្ច​សហប្រតិបត្តិ​លើ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មា​នស​ន្ទុះ​យ៉ាងខ្លាំង​បន្ថែម ហើយ​នឹង​កើនឡើង​ដល់ ៦,០០០​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២០៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684