ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​ខេត្ត​កំពង់ធំ ប្រារព្ធ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ នៅ​ស្រុក​ប្រាសាទ​សំបូរ​

​កំពង់ធំ ៖ ​លោក​ ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ​បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ ក្នុង​គោលបំណង​បង្ហាញ​សមិទ្ធផល​ដែល​បាន​អនុវត្ត​កន្លងមក ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម និង​ស្តាប់​សំណូមពរ​ដែល​ប្រជាពលរដ្ឋ​កំពុងជួបប្រទះ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​វិទ្យាល័យ​កំពង់​ឈើទាល ស្រុក​ប្រាសាទសំបូរ​។​

​ថ្លែង​ក្នុង​ពិធី​នោះដែរ លោក ឈុន ឈន់ មានប្រសាសន៍​លើកឡើងថា វេទិកា​របស់​ក្រុមប្រឹក្សាលើក​នេះ យើង​ធ្វើការ​ពិភាក្សា និង​ដោះស្រាយ​លើ​បញ្ហាសំខាន់ៗ​ចំនួន​៤ រួមមាន​៖ ១).បញ្ហា​សំរាម​នៅ​ទីប្រជុំ ២). គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ៣). ការសាងសង់លំនៅឋាន​លើដី​តំបន់​ប្រាសាទសំបូរព្រៃគុក (​តំបន់​ស្នូល តំបន់ទ្រនាប់ និង ​តំបន់​រណប​) និង​ ៤). ត្រួសត្រាយ ឈូសឆាយ​ដីចម្ការ​នៅក្នុង​តំបន់​ប្រាសាទសំបូរ​ព្រៃ​គុក​។

ក្នុងនោះផងដែរ ​លោក​បញ្ជាក់ថា រមណីយដ្ឋាន​ប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ ​ថ្មីៗ​នេះ ដោយមាន​ការទទួលស្គាល់​ពី​អន្តរជាតិ ដូច្នេះសូម​មន្ទីរអង្គភាព​ពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ​ស្រុក ត្រូវយកចិត្តទុកដាក់​លើបញ្ហា​បរិស្ថាន ដោយ​បន្ថែម​នូវ​ធុង​សំរាម​ឲ្យ​បាន​ច្រើន​កន្លែង ត្រូវ​រក្សា​ការពារ​សុខសន្តិសុខជូន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ ដែល​មក​ទស្សនា​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​។​

​ក្នុងឱកាស​នោះដែរ លោក សុខ លូ មានប្រសាសន៍​សង្កត់ធ្ងន់​ថា ការ​ទុកដាក់​សំរាម​នៅ​ទីប្រជុំជនរបស់​ស្រុក​ប្រាសាទ​សំបូរ ជាពិសេស​ផ្សារ​កំពង់​ឈើទាល តំបន់​រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក រឿង​សំរាមនៅតែ​ជា​បញ្ហា​ដដែល ព្រោះ​នៅទីនេះពុំទាន់​មានក្រុមហ៊ុន​ទទួល​ម៉ៅការ​សំរាម​នៅឡើយ​ទេ ដូច្នេះ​សូម​រដ្ឋបាល​ស្រុក​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរប្រាសាទសំបូរព្រៃគុក ព្រមទាំង​ប្រជាពលរដ្ឋ​នៅតាម​ទីប្រជុំជន ដើម្បី​ស្វែងរកដំណោះស្រាយ​ក្នុងការ​ដឹកជញ្ជូន​សំ​រា​ម​នាពេល​ខាងមុខនេះ ចៀសវាង​ការ​ចោល​សំរាមផ្ដេសផ្ដាស​នាំ​ឲ្យ​អាប់អួ​បរិស្ថាន និង​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ផងដែរ​។

ក្នុងនោះឯកឧត្តមបានបញ្ជាក់​អំពី​ការសាងសង់​ផ្ទះរ​បស់បង​ប្អូន​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក រាល់ការសាងសង់​លំនៅឋានត្រូវមាន​ការសុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ ចៀសវាង​ការសាងសង់​មុនការ​អនុញ្ញាត ដែល​នាំ​ឲ្យ​ខាតបង់​នូវ​ទ្រព្យសម្បត្តិ​របស់​បងប្អូន ឈានដល់​ការរុះ​រើ​ជាដើម។ ដោយឡែក​នៅ​តំបន់​ស្នូល គឺ​យើង​មិន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​សំណង់​អគារ​ឡើយ នៅតំបន់​ទ្រនាប់​វិញ​យើង​មានការ​អនុញ្ញាត ​តែ​ត្រូវគោរព​តាម​លក្ខខ័ណ្ឌ និង​ប្រភេទ​សំណង់​របស់អាជ្ញាធរ​ប្រាសាទសំបូរព្រៃគុក​។ រីឯ​ការបង្ក​បង្កើន​ផល​របស់​បងប្អូន​នៅ​តំបន់ប្រាសាទសំបូរព្រៃគុក អនុញ្ញាត​ឲ្យ​បង្កបង្កើនផល​ទៅតាម​ផ្ទៃដី​ចាស់​របស់​បងប្អូន តែ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​ទន្ទ្រាន ឬ​ ពង្រីក​បន្ថែម​ទៀតឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684