ព័ត៍មានទាន់​ហេតុការណ៏
Search

សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​សៀមរាប ​បើក​វគ្គ​បណ្ដុះបណ្ដាល​វិជ្ជា​សង្គ្រោះ​បឋម​ និងការ​ផ្សព្វផ្សាយ​ពី​ចលនា​កាកបាទក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​

​សៀមរាប ៖ នាថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោកស្រី គួ​យ ណា​លីន អនុប្រធានគណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ​ខេត្តសៀមរាប បាន​អញ្ជើញ​ជា​អធិបតី​ក្នុងបើក​វគ្គ​បណ្ដុះបណ្ដាល​វិជ្ជា​សង្គ្រោះ​បឋម និង ការផ្សព្វផ្សាយ​ពី​ចលនា​កាកបាទក្រហម​ និង អឌ្ឍចន្ទ​ក្រហម​ នៃ​គម្រោង​សង្គ្រោះ​បឋមមាន​រយៈពេល​ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៤ ​ដល់ ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយមាន​ការចូលរួម​ជា​សិក្ខាកាម​ពី​សំណាក់​មន្ត្រី​កាកបាទក្រហមកម្ពុជា​ ម​ក​ពីថ្នាក់កណ្តាល និង​ សាខា​រាជធានី​ខេត្ត​ទាំង ​២៥ ​ក្នុងប្រទេស​កម្ពុជា​ ក្រោម​ការ​បង្ហាត់បង្ហាញ​ពីសំណាក់​គ្រូឧទ្ទេស​វិជ្ជា​សង្គ្រោះ​បឋម​កាកបាទ​ជប៉ុន។​

​លោកស្រី គួ​យ ណា​លីន បាន​មានប្រសាសន៍ថា វគ្គ​បណ្ដុះបណ្ដាល​បំប៉ន​គ្រូ​វិជ្ជា​សង្គ្រោះ​បឋម ដែល​មាន​កិច្ចសហការ​រវាង​កាកបាទក្រហមកម្ពុជា និង​ កាកបាទក្រហម​ជប៉ុន នាពេលនេះ គឺ​ក្នុងគោលបំណង​ផ្តល់​ចំណេះដឹង​ និង ​បច្ចេកទេស​ថ្មីៗ​ជូន​ដល់​មន្ត្រី​ជំនាញ​វិជ្ជា​សង្គ្រោះ​បឋម​ទាំង​ ២៥ ​រាជធានី​ខេត្ត ដើម្បី​យកទៅ​អនុវត្តន៍​ជាក់ស្តែងតាម​សាខា​នីមួយៗ និង ជួយ​ដល់​ជនរងគ្រោះគ្រប់ប្រភេទ ដោយ​ក្នុងនោះ​មាន​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ ​ដោយ​មនុស្ស ជាពិសេស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ស្ទើរតែ​រាល់ថ្ងៃ​នោះ​ ហើយ​ការងារ​នេះ​ ​គឺ​ស្របតាមគោលការណ៍​គ្រឹះ​នៃ​ចលនា​អន្តរជាតិ​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​ ដែល​សមាគម​ជាតិជា​សមាជិក​ទាំងអស់​ តែងតែ​បាន​ប្រកាន់យក​ក្នុង​បេសកកម្ម​មនុស្សធម៌​រប​ស់​ខ្លួនផងដែរ។​

​លោកស្រី គួ​យ ណា​លីន បាន​មានប្រសាសន៍​ទៀតថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា​ ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​រាល់​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ និង ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា ហើយ​សម្តេច​ប្រធាន​ក៏បាន​យកចិត្តទុកដាក់ ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​មន្ត្រី​កាកបាទ​ក្រហម​កម្ពុជា​គ្រប់​ថ្នាក់ ដោយ​ក្នុង​នោះ​មាន​ការ​យល់ដឹង និង ​ជំនាញ​វិជ្ជា​សង្គ្រោះ​បឋម ដើម្បី​ឲ្យ​មន្ត្រី​មាន​សមត្ថភាព​គ្រប់គ្រាន់ក្នុង​ការជួយ​ដល់​ជនរងគ្រោះ ក៏ដូចជា​បន្ត​ផ្តល់​ចំណេះដឹង​នេះ​ដល់​មន្ត្រីអ្នកស្ម័គ្រចិត្ត និង​ យុវជន​កាកបាទក្រហម​កម្ពុជា​ឯទៀត​ផងដែរ។

​លោក អ៊ិ ឈិ​ណូ​សិ​ក តំណាង​ប្រតិភូ​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​កាកបាទ​ជប៉ុន បាន​សង្ឃឹមថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​កាកបាទក្រហមកម្ពុជា ក្នុង​ការបើក​វគ្គប​ណ្តុះ​បណ្តាល​នាពេលនេះ គឺ​នឹងផ្តល់​ចំណេះដឹង និង​ ពង្រឹង​សមត្ថភាព​បន្ថែម​ដល់​អ្នកស្ម័គ្រចិត្ត​យុវជន និង ​ប្រជាជន​ក្នុងសហគមន៍ ដើម្បី​អនុវត្ត​វិជ្ជា​សង្គ្រោះ​បឋម​តាម​ជំហាន ​និង​ តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ ក្នុង​ការ​ជួយ​ការពារ​ដល់​ជនរងគ្រោះ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​បន្ថែម និង ជួយ​ដល់​គ្រូពេទ្យ​ងាយ​ព្យាបាល៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684