ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​ក្រុង​កំពង់ឆ្នាំង ប្រតិកម្ម​នឹង​អ្នកម៉ៅការ​មិន​ប្រមូល​សំរាម​ ដើរ​ប្រមូល​តែ​លុយ

កំពង់ឆ្នាំង​ ៖​ ​សំរាម​ គឺជា​សំបុក​មេរោគ​គួរឱ្យ​បារម្ភ ដែល​អាច​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខុមាលភាព​មនុស្ស និង ​សត្វ។ ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ជាច្រើន​នាក់ បាន​សំដែង​ការមិន​ពេញចិត្ត ដោយ​អ្នកខ្លះ​ប្រតិកម្ម​ថា គេ​ដើរ​ប្រមូល​យក​តែ​លុយ​គ្រាន់តែ​ដល់​ខែ​មិនទាន់ ហើយ​អ្នក​ប្រមូល​សំរាម​ទៀតសោត​មាន​សំដី​ព្រហើន​ថែមទៀត​ផង ប៉ុន្តែ​សំរាម​នៅ​គរ​ស្អុយរលួយ​តាម​ដង​ផ្លូវ​ដដែល តែ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង និង ​មន្ទីរ​ពាក់ព័ន្ធ​ធ្វើ​មិន​ដឹង​មិន​ឮ​ទៅវិញ។

​នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោក ម៉ក់ សុខ​លីម នាយករង​រដ្ឋបាល​សាលាក្រុងកំពង់ឆ្នាំង ទទួលបន្ទុក​សំរាម​ក្នុង​ក្រុង​បានបញ្ជាក់​ឱ្យដឹងថា​ ការប្រមូល​សំរាម​នៅក្នុង​ក្រុងកំពង់ឆ្នាំង គឺ​ត្រូវបាន​ឈ្មោះ គុយ ស៊ីវ​ឆេង ជា​អ្នកដេញថ្លៃ​ប្រមូល​សំរាម​ក្នុង​ក្រុង តែ​រយៈពេល​ជាង​១​ខែ​កន្លងមកនេះ គឺ​គាត់​មិនបាន​ប្រមូល​សំរាម​បាន​ទៀងទាត់​តាម​កិច្ចសន្យា​នៅក្នុងសៀវភៅ​បន្ទុក​ឡើយ​។ ករណីនេះ​អាជ្ញាធរ​ក្រុង និង​ មន្ទីរ​ពាក់ព័ន្ធ​បាន​បើក​ការប្រជុំដោះស្រាយ​ពីរលើក​មកហើយ ថា​តើ​គួរ​ទុក​អ្នកម៉ៅការ​ចាស់​ឱ្យធ្វើ​ដដែល ឬ​ក៏​ត្រូវ​បញ្ឈប់ជំនួស​អ្នកថ្មី​វិញ​? ដើម្បី​កុំ​ឱ្យ​មាន​សំរាម​ស្អុយរលួយ​នៅ​ពាសវាលពាសកាល​ក្នុង​ក្រុង ព្រោះ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ កំពុង​ខិតខំ​ណាស់​ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​។ លោក​បាន​បន្ត​ថា ប្រសិនបើ​អ្នកស្រី គុយ ស៊ីវ​ឆេង មិន​អនុវត្តតាម​សៀវភៅ​បន្ទុក គណៈកម្មការនឹងសុំ​គោលការណ៍​គណៈបញ្ជាការ​ឯកភាព​ខេត្ត បញ្ឈប់​អាជីវ​កម្មនេះ​តែម្តង​។

​​ដោយឡែក​ អ្នកស្រី គុយ ស៊ីវ​ឆេង បាន​ប្រាប់​នៅ​ម៉ោង​១​ និង​​ ២៩​ នាទី​រសៀល​ ថ្ងៃទី​១៤ ខែវិច្ឆិកា ​នេះ​ថា​ ការប្រមូល​សំរាម​ក្នុង​ក្រុង​កំពង់ឆ្នាំង លោកស្រី​បានប្រគល់​ទៅឱ្យ​ប្អូនថ្លៃ​ជីដូន​មួយលោកអភិបាលខេត្ត ឈួ​រ ច័ន្ទ​ឌឿ​ន ឈ្មោះ សុខ សម្បត្តិ ជា​អ្នកធ្វើ​ហើយ​។ ពាក់ព័ន្ធ​នឹងសំណួរ​អ្នកយកព័ត៌មាន​សួរថា តើ​អ្នកស្រី​ជា​អ្នកដេញថ្លៃ​បាន ឬ ​លោក សុខ សម្បត្តិ ជាអ្នកដេញថ្លៃ​បាន​? អ្នកស្រី​សួរ​វិញ​ថា «​ម៉េច​បាន​ត្រូវ​សួរ​ខ្ញុំ​ដូចនេះ ខ្ញុំ​រវល់​ណាស់​» ហើយ​អ្នកស្រី គុយ ស៊ីវ​ឆេង បាន​បិទ​ទូរស័ព្ទ​ចោល​តែម្តងទៅ​។

​​កន្លងមកគេ​បានដឹងថា អ្នកស្រី គុយ ស៊ីវ​ឆេង តែងតែ​បង្ក​ភាព​អនាធិបតេយ្យ​ ដូចជា​នៅ​ចំណតជលយាន​ដើម​ពោធិ៍​ផ្សារ​ក្រោម ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ មិន​ស្តាប់​គោលការណ៍​អភិវឌ្ឍន៍របស់​អាជ្ញាធ​រ​ខេត្ត​ក្រុង​ជាដើម​ ហើយ​ថ្មីៗ​នេះ​អ្នកស្រីបាន​បង្ក​ការ​ថ្នាំងថ្នាក់​ដល់ប្រជាពលរដ្ឋ​ទាក់ទង​នឹង​បញ្ហា​សំរាម​នេះ​ទៀត​។

​​ដោយឡែក​ លោក សុខ សម្បត្តិ ដែល​អ្នកស្រី គុយ ស៊ីវ​ឆេង អះអាងថា​ ជា​ប្អូនថ្លៃ​លោកអភិបាលខេត្ត ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ប្រាប់ថា លោក​បានទទួល​ការជួយ​ប្រមូល​សំរាម​ជាមួយអ្នកស្រី គុយ ស៊ីវ​ឆេង មែន តែ​ពុំមាន​លាយលក្ខណ៍អក្សរ​អី​ទេ ហើយ​លោក​ក៏​មិនដែល​ហ៊ានយកឈ្មោះ​អភិបាលខេត្ត​មក​ប្រើ​ដែរ ចំពោះ​អ្នកស្រី គុយ ស៊ីវ​ឆេង បាន​និយាយ គឺ​អ្នកស្រី​ជាអ្នកទទួលខុសត្រូវ​ទៅ​។ ​លោក​បាន​បន្តថា ការខកខាន​មិនបាន​ប្រមូល​សំរាម​ជាង​១​ខែ​មកនេះ ដោយសារតែ​ឡាន​ដឹក​សំរាម​ខូចធ្វើ​មិនទាន់រួច ហើយ​កម្មករ​ឈប់​ច្រើន និង​ មាន​ប្រជាពលរដ្ឋខិលខូច​មួយចំនួន​ដែល​មិន​បង់​សេវា​ប្រមូល​សំរាម​ លួច​យក​សំរាម​មក​ចោល​ឱ្យ​គាត់​ជាអ្នកប្រមូល​ទៀត​។

​​រឿងនេះ​អាជ្ញាធរខេត្ត​ និង​ ក្រុង​ គួរតែ​ដោះស្រាយ​បន្ទាន់​ផង កុំ​ទុក​គំនរ​សំរាម​ឱ្យ​ស្អុយរលួយ​រាប់អាទិត្យ ធ្វើឱ្យប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​បែបនេះ​ពិតជា​មិនល្អ​នោះទេ​។ ប្រជាពលរដ្ឋ​រង់ចាំមើលថា​ តើ​អាជ្ញាធរខេត្ត​ក្រុង និង​ មន្ទីរ​ពាក់​ព័ន្ធ មាន​វិធានការណ៍​បែប​ណា​ចំពោះ​អ្នកស្រី គុយ ស៊ីវ​ឆេង​? ឬ​ឱ្យ​គាត់​ចាំ​ប្រមូល​យកតែ​លុយ​អញ្ចឹង​រហូត​ទៅ តែ​សំរាម​មិន​ប្រមូល​ទៅវិញ​បែបនេះ នោះដូច​​ប្រជាពលរដ្ឋ​បាន​រិះគន់​មែន​!!៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684