ព័ត៍មានទាន់​ហេតុការណ៏
Search

កងទ័ព​ផ្នែក​សឹក​រង​ស្រុក​ប្រាសាទ​សំបូរ​ ចុះ​ជួយ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​ស្ត្រី​មេម៉ាយ​ទី​ទាល់ក្រ

​កំពង់ធំ ៖ លោក​វរសេនីយ៍ត្រី អ៊ិន ប៉ូ ដឹកនាំ​កងកម្លាំង​២៣​នាក់ ចុះ​ជួយ​ច្រូត​កាត់ប្រមូល​ផល​ស្រូវជូនប្រជាពលរដ្ឋដែល​ពុំមាន​លទ្ធភាពជួល​គ្រឿងចក្រ​ច្រូតកាត់ ខណៈពេលដែល​ដល់​រដូវប្រមូល​ផល​ស្រូវ ដើម្បី​ជួយ​រំលែក​ការខ្វះខាត ដែលសកម្មភាពនេះបាន​ធ្វើឡើង​នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ ជាក់ស្ដែង​ស្ត្រី​មេម៉ាយ​មាន​ជីវភាព​ទីទាល់ក្រ ឈ្មោះ សាយ ឡាំ អាយុ​៥៤​ឆ្នាំ ស្វាមី​បាន​ស្លាប់ចោល និង​ ពុំមាន​កូនចៅ​នឹង​គេ បច្ចុប្បន្ន​រស់នៅ​ជាមួយ​ឪពុក​ចាស់​ជា​រា ក្នុងភូមិ​សំរិទ្ធ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ។

​លោក​វរសេនីយ៍ត្រី អ៊ិន ប៉ូ មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​ប្រាសាទ​សំបូរ បាន​ឲ្យ​ដឹងថា ដោយមានការចង្អុលបង្ហាញ​ពី​សំណាក់ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ឲ្យ​កងកម្លាំង​គ្រប់​ផ្នែក​សឹក​រង​ស្រុក ​ក្រុង ផ្សារភ្ជាប់​មិត្តភាព​ជាមួយនឹង​ប្រជាពលរដ្ឋ និង​ ចុះជួយ​ប្រជាពលរដ្ឋ​រាល់​ការ​លំបាក់​តាម​លទ្ធភាព​ដែល​អាចធ្វើទៅបាន ដូចជា​គ្រោះ​មហន្តរាយ ជាពិសេស​ក្នុង​រដូវរំហើយកងកម្លាំង​ត្រូវ​ចុះជួយ​ដល់ប្រជាពលរដ្ឋ​ណាដែល​ខ្វះ​លទ្ធភាព​។

​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​ឲ្យ​ដឹងថា លោកបាន​ជំរុញឲ្យ​គ្រប់​អង្គភាព​ចំណុះ​ឲ្យអង្គភាពតំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ត្រូវ​យកចិត្តទុកដាក់​មកលើជីវភាព និង ​ការរស់នៅ​របស់ប្រជាពលរដ្ឋ​ក្រីក្រ គឺជាការបង្ហាញ​ឲ្យ​ឃើញ​ភាពជិតស្និទ្ធ​រវាង​កង​កម្លាំង និង​ ប្រជាពលរដ្ឋ ទាំងកាយវិការ ទាំង​ទង្វើ ​ដោយ​ការ​ធ្វើអំពើ​ល្អ តែ​ដោយឡែកលោក​វរសេនីយ៍ត្រី អ៊ិន បូ មេបញ្ជាការផ្នែក​សឹក​រង​ស្រុក​ប្រាសាទ​សំបូរ បាន​ដឹកនាំ​កម្លាំង២៣​នាក់ ចុះជួយ​ច្រូត​កាត់នេះ គឺជាការឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ភាពជា​ថ្នាក់ដឹកនាំ ដែល​ចេះ​ឈឺឆ្អាល ចេះ​ជួយដល់​ប្រជាពលរដ្ឋ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684