ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខេត្ត​កំពង់ធំ ប្ដេជ្ញា​ការពារ​សុខ​សុវត្ថិភាពជូន​ប្រជាពលរដ្ឋក្នុងពេល​បច្ចុប្បន្ន និង ​អនាគត​

កំពង់ធំ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ​លោក​សុខ លូ អភិបាលខេត្ត​កំពង់ធំ ​បាន​បើក​កិច្ចប្រជុំ​ ស្ដីពី​ការ​បង្កើត​គណៈ​ប្រចាំ​បញ្ជា​ប្រចាំ​ថ្ងៃរបស់​រដ្ឋបាល​ខេត្តកំពង់ធំ ដែលមាន​ការចូលរួម​ពី​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក​ សុខ លូ មានប្រសាសន៍​លើកឡើងថា​ សូម​ក្រុមការងារ​ទាំងអស់ ត្រូវយកចិត្តទុកដាក់សហការ​តាមដាន​សភាពការណ៍ សកម្មភាព​បទល្មើស​នានា ការរក្សាសន្តិសុខ និង ​សណ្តាប់ធ្នាប់​សង្គម និង​ ការបង្កា ទប់ស្កាត់ ​បង្ក្រាប​បទល្មើស​ផ្សេងៗក្នុង​ដែន​សមត្ថកិច្ចរបស់ខ្លួន ដោយ​រាយការ​​សុំយោបល់​ដឹកនាំ​ពី​ប្រធាន​គណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត តាមដាន​ត្រួតពិនិត្យ​លទ្ធផល​នៃ​ការអនុវត្ត​គោលការណ៍ ផែនការ​សកម្មភាព និង សេចក្តីសម្រេច​នានារបស់​គណៈបញ្ជាការ​ឯកភាព និង ​ធ្វើ​សេចក្តី​រាយការណ៍​ជូនគណៈបញ្ជាការ​ឯកភាព ដើម្បី​បន្ត​ដឹកនាំ​ឲ្យមាន​ប្រសិទ្ធភាព ត្រូវធ្វើ​របាយការណ៍​បូកសរុបលទ្ធផល​ការងារ​តាម​ដំណាក់កាល​នីមួយៗ ឬ​ របាយការណ៍រឿងហេតុ​ជាក់លាក់ជូនគណៈបញ្ជាការ​ឯកភាព ដើម្បី​រាយការណ៍​បន្ត​ជូន​ក្រសួងមហាផ្ទៃ ឬ​ ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យពិនិត្យ និង ​ផ្តល់​អនុសាសន៍​ដឹកនាំ​ឲ្យ​ទាន់ពេលវេលា​។

លោក​បន្ថែមទៀតថា រាល់​កម្លាំង​ទាំងអស់ ត្រូវមាន​ការទទួលខុសត្រូវ​តាម​វេន​ប្រចាំការ ២៤​ម៉ោង លើ ​២៤​ម៉ោង នៅ​រដ្ឋបាល​ខេត្តកំពង់ធំ ហើយ​វេន​ប្រចាំការ​នេះត្រូវ​អនុវត្ត​តួនាទីភារកិច្ច​របស់ខ្លួន ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ រហូតដល់មានការ​សម្រេច​ជាថ្មី ដោយ​ចាប់ផ្តើម​ពី​វេន​ប្រចាំការ​ទី១ ដល់​វេន​​ប្រចាំការទី​៥ មាន​លក្ខណៈ​វិលជុំ ដោយ​កន្លែង​ប្រចាំការ​នេះស្ថិតនៅ​ទីតាំង​ជំនួយការគណៈ​បញ្ជា​ឯកភាព​រដ្ឋបាលខេត្ត ក្នុង​បរិវេណ​សាលាខេត្ត​កំពង់ធំ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684