ព័ត៍មានទាន់​ហេតុការណ៏
Search

អវត្តមាន​មេធាវី​ តុលា​ការលើក​ពេល​សវនាការ​រឿងក្តី​កូនប្រុស​នាយ​ ហុងដា សម្លាប់​ម្តាយចុង​

ភ្នំពេញ​ ៖ ​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ល្ងាច​ថ្ងៃទី១៤ ​​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ នេះ បាន​លើក​ពេល​សវនាការ​លើ​សំណុំរឿង​កូនប្រុស​នាយ​ ហុងដា និង​ សង្សារ​ សម្លាប់​ម្តាយ​ចុង​ប្លន់​យក​ទ្រព្យសម្បត្តិ​ដើម្បី​ទិញ​គ្រឿងញៀន។

មូលហេតុ​ដែល​តុលាការ​លើក​ពេល​កាត់ទោស​នេះ​ ដោយ​សារ​លោក​មេធាវី សួស ចិន្តា ដែល​ការពារផ្លូវច្បាប់​ឱ្យ​ជនជាប់ចោទ​បានដាក់​ពាក្យ​សុំ​ពន្យារពេល​សវនាការ ដោយសារ​ជាប់​បំពេញបេសកកម្ម​នៅ​ខេត្ត។ ដូច្នេះហើយ​លោក​ចៅក្រម ឌុ​ច សុខ​សារិន បានសម្រេច​លើក​ពេលសវនាការសំណុំ​រឿងនេះទៅ​ថ្ងៃក្រោយ​វិញ​ដោយ​មិន​កំណត់។​

ជនជាប់ចោទ​មានឈ្មោះ ខា សុ​ខេន ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ជា​កូនប្រុស​បង្កើតរបស់លោក​ ហុងដា និង​ ឈ្មោះ នេ​ត រស្មី​កន្និកា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជាប់ចោទ​ពីបទឃាតកម្ម តាម​មាត្រា​ ១៩៩​ នៃក្រមព្រហ្មទណ្ឌ ត្រូវបាន​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ ដើម្បី​សួរដេញដោល​ក្នុង​សវនាការនេះ ប៉ុន្តែ​នៅពេល​តុលាការ​សម្រេច​លើក​សវនាការ ជន​ត្រូវ​ចោទ​ត្រូវ​ប​ញ្ជូ​ន​ទៅ​ឃុំខ្លួន​វិញ។​

ខា សុ​ខេន និង​ នេ​ត រស្មី​កន្និកា ត្រូវបានកម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌអាវុធហត្ថ​រាជធានីភ្នំពេញ សហការ​ជាមួយ​មូលដ្ឋានអាវុធហត្ថ​ខណ្ឌដង្កោ និង​ ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួនកាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៧ កន្លងទៅ ក្រោយពេល​មាន​អំពើ​ឃាតកម្ម​កើតឡើង។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ឈ្មោះ ខា សុ​ខេន បាន​សារភាពថា រូបគេ​ពិតជា​បានធ្វើសកម្មភាព​សម្លាប់​ម្តាយចុង​ឈ្មោះ ស៊ឹម ច​ន្ធី អាយុ​១៩​ឆ្នាំ ពិតប្រាកដ​មែន គឺ​ធ្វើ​សកម្មភាពតែម្នាក់ឯង កាលពី​យប់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៧ នៅ​បន្ទប់​ខុន​ដូរបស់​ឪពុក​បង្កើត​គេ (​នាយ​ ហុងដា​) តែ​ក្រោយពេល​សម្លាប់​រួច សង្សារ​របស់ខ្លួន​មកពីធ្វើការ​វិញ​ទាន់ ខ្លួន​ក៏បាន​អង្វរសង្សារកុំ​ឲ្យ​ឆោឡោ និង​ ជួយ​យក​ភួយមក​រុំ​សាកសពអូស​ទៅ​ទុកនៅ​បន្ទប់ទឹក ព្រមទាំងដោះយក​កងដៃ​ ២១​កង ចិញ្ចៀន​ ១​វង់ ទូរស័ព្ទ​ណូគា ១​គ្រឿង និង ​ម៉ូតូ​មួយគ្រឿង ចាកចេញ​តែម្តង​ ដែល​រឿងនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលពេញ​ផ្ទៃ​ប្រទេស​ ពិសេសបណ្តាញសង្គមហ្វេ​ស​ប៊ុ​ក។​

​ឈ្មោះ​ សុ​ខេន ​បាន​រៀបរាប់ថា រូបគេ​បានមក​រស់នៅខុន​ដូ​ជាមួយ​ឪពុក និង ​ម្តាយចុង ប្រហែល​៤ទៅ​៥​ខែ​មកហើយ ព្រោះ​ម្តាយបង្កើត​ឈ្មោះ រ៉េ​ន សុធា​រី ហៅ ​ឃ្មឹ​ប​ ដែល​ត្រូវជា​ប្រពន្ធ​មុន​របស់នាយ​ ហុងដា មាន​ប្តី​ថ្មី​។ ក្នុងពេល​មក​រស់នៅជាមួយ​ឪពុក ឈ្មោះ ​សុ​ខេន បាន​នាំ​សង្សារឈ្មោះ នេ​ត រស្មី​កន្និកា មក​នៅ​ជាមួយ ហើយខ្លួន​មិនសូវ​ចូលចិត្តម្តាយចុង​ទេ ដោយសារនៅពេលដែល​ឪពុក​ខ្លួនមិន​នៅផ្ទះ ម្តាយចុង​តែងតែ​ជេរ និង​ ស្ដីបន្ទោសឲ្យ​ខ្លួន​ជាញឹកញាប់ ធ្វើ​ឲ្យ​ខ្លួន​មាន​គំនុំមករ​ហូត​។​

ក្រោយពេល​សម្លាប់ម្តាយចុង​រួចហើយ ឈ្មោះ​ សុ​ខេន ​បាន​ទៅ​សម្រាក​នៅផ្ទះម្តាយ​របស់សង្សារមួយយប់ក្នុងខណ្ឌ​ឫស្សី​កែវ លុះ​ព្រឹក​ឡើងទើប​នាំ​សង្សារ​មក​ដេកស្នាក់នៅ​ជក់​ថ្នាំញៀននៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រីឯ​គ្រឿងអលង្ការដែល​រូបគេ​ប្លន់​បាន យកទៅ​បញ្ចាំ​បាន៤​ម៉ឺន​រៀល ព្រោះ​អ្នក​បញ្ចាំ​ប្រាប់ថា កាឡៃ ហើយ​ម៉ូតូ​បញ្ចាំ​បាន​១០០​ដុល្លារ រួច​យកលុយ​ទាំងនោះ​ទិញ​ថ្នាំញៀន​ជក់​អស់ហើយ។​

ជាការ​កត់សម្គាល់​ បច្ចុប្បន្ន​នេះ​បញ្ហា​គ្រឿងញៀន​បាន​នាំមក​នូវ​វិបត្តិ​យ៉ាង​សម្បើម​ដល់​សង្គម ​មិន​ថានៅ​ទីក្រុង ​ឬ ​ជនបទ​ទេ បទល្មើស​គ្រឿង​រីកដុះដាល​គួរឱ្យ​ព្រួយ​បារ​ម្ភ​បំផុត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684