ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែក្រវាត់​​ Carabao ​ជុំ​ចុងក្រោយ ៖ ឌុ​ម កែវ​ដា និង សេង ស្រឿ​ន ឡើង​ប្រកួត​បង្គ្រប់​កិច្ច

​​អ្នក​ប្រដាល់​របស់​កម្ពុជា ឌុ​ម កែវ​ដា អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ និង សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តាដំបង​ដែក ដែល​ជំនួស​ ប៉ោ ភា​រិ​ទ្ធ ឬ​ យ៉េន ឌី​ណា ក្លិបសមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​នោះ នឹងត្រូវ​ឡើង​ប្រកួត​ជាមួយ​ថៃសម្រាប់​សប្តាហ៍​ទី​៩ ដែលជា​ការប្រកួត​ជម្រុះ​ជុំ​ចុងក្រោយនៃព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ ​ទម្ងន់ ​៦៣,៥០០​ គីឡូក្រាម នៅរសៀល​ថ្ងៃ​សៅ​រ៍ ​ទី​១៨ ​វិច្ឆិកា​ ឆ្នាំ២០១៧​នេះ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍។

​​សម្រាប់​ការប្រកួត​ជម្រុះ​ចុងក្រោយ​នេះ ឌុ​ម កែវ​ដា និង សេង ស្រឿ​ន ក៏ដូចជា​អ្នក​ប្រដាល់​ថៃ ​Phat Chayden និង Phat Payak គឺ​ឡើង​ប្រកួត​គ្រាន់តែ​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ព្រោះ​មកទល់នឹង​ពេលនេះអ្នក​ដែល​ត្រូវ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ទាំង​ខ្មែរ​ ទាំង​ថៃ ត្រូវបាន​គេ​រកឃើញ​តាំងពី​សប្តាហ៍​មុនម្ល៉េះ គឺ​អ្នក​ប្រដាល់​ខ្មែរ​គឺ​ ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ហើយអ្នក​ប្រដាល់​ថៃ​គឺ Kong Sayam ។

ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ ទម្ងន់​ ៦៣,៥០០​ គីឡូក្រាម​នេះ ដែលមាន​កីឡាករខ្មែរ​៤​រូប កីឡាករ​ថៃ​៤​ រូបនោះ គឺ​ជ្រើសរើស​តាម​រូបមន្ត​ប្រកួត​ជម្រុះ​យកតែ​ខ្មែរ​ម្នាក់​ និង ​ថៃម្នាក់​ប៉ុណ្ណោះ សម្រាប់​យកទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្តើម​ជើងឯក គឺ​ពុំមាន​ការប្រកួត​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​នោះឡើយ។ ដូច្នេះ ៤ ​រូប​ដែល​ប្រកួត​ជុំ​ចុងក្រោយ​នេះ ហើយ​ដែលមាន​ពិន្ទុចាញ់ ​ផាន់​ គ្រាន់ ​និង Kong Sayam នោះ គឺ​បាន​ត្រឹម​ឡើង​វាយ​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ទោះបីជាអ្នកណា​ឈ្នះ អ្នកណា​ចាញ់ ក៏​មិនបាន​ចូលទៅ​ផ្តាច់ព្រ័ត្រ​ដែរ។

​ឌុ​ម កែវ​ដា គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ Phat Chhayden ដែលជា​ការប្រកួត​ជុំ​ទី​៤ ​និង ​ជា​ជុំ​ចុងក្រោយនោះ។ រវាង​អ្នក​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ទេ​កន្លងមក។ ​ទោះជា​យ៉ាងនេះ​ក្តី តាមការកត់សម្គាល់​ពី​សមត្ថភាព​របស់​ពួកគេ​ទាំងពីរ​នោះ Phat Chhayden ​គឺ​មិន​ឈ្នះ​ ឌុ​ម កែវ​ដា នោះឡើយ។

Phat Chhayden ប្រកួត​៣​ជុំ​កន្លងមក ឈ្នះ​១ ចាញ់​២​ប្រកួត បាន​៥​ពិន្ទុ ខ​ណៈ​ដែល Kong Sayam គេមាន​១០​ពិន្ទុ ​ក្នុង​៤​ប្រកួត គឺ​ឈ្នះ​៣ ចាញ់​១​ប្រកួត។ ឯ​ ឌុ​ម កែវ​ដា ​ប្រកួត​៣​ជុំ​កន្លងមក ឈ្នះ​២ ចាញ់​១ មាន​៧​ពិន្ទុ ខ​ណៈ​ដែល ​ផាន់ គ្រាន់​ ដែល​បាន​ឡើងទៅ​ផ្ដាច់ព្រ័ត្រ​នោះ មាន​ពិន្ទុ​១២​ពិន្ទុឯណោះ ​ក្នុង​៤​ប្រកួត ​គឺ​ឈ្នះ​ទាំង​៤​ប្រកួត។

​ចំណែក សេង ស្រឿ​ន ដែល​ឡើង​ប្រកួត​ជំនួស​ ប៉ោ ភា​រិ​ទ្ធ​ ឬ​ យ៉េន​ឌី​ណា​ នោះ ទោះជា​ឈ្នះ​ថៃក៏ត្រូវតែ​ឱ្យ​ថៃ​ឈ្នះ​ដែរ ព្រោះ​ ប៉ោ ភា​រិ​ទ្ធ បោះបង់​ការប្រកួត​ហើយ​ សេង ស្រឿ​ន ​គឺ​គ្រាន់តែ​ដាក់ប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ។ យ៉ាងណា Phat Payak ដែលជា​គូរ​បស់ ​សេង ស្រឿ​ន ទោះ​បានឈ្នះក្នុងការ​ប្រកួត​លើក​នេះ​ក៏ដោយក៏​មិនបាន​ជាប់​ដែរ ព្រោះ​៣​ប្រកួត​កន្លងមក គេ​ឈ្នះ​១ និង ចាញ់​២​ប្រកួត​ទៅហើយ។​

សូមបញ្ជាក់ថា ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៤ ​ឆ្នាំ​២០១៧​ ទម្ងន់ ​៦៣,៥០០ ​គីឡូក្រាមនេះ មានទឹក​ប្រាក់រង្វាន់​លេខ​១ ទទួលបាន ​៥.០០០ ​ដុល្លារ​អាមេរិក និង លេខ​២ ​បាន ​៣.០០០ ដុល្លារអាមេរិក។​

​ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ហេង វាសនា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹងខេត្តបាត់ដំបង នឹង​ឡើងមក​ប្រកួត​ជម្រះបញ្ជី​ជាមួយ ​វឿន សា​វិ​ន អ្នក​ប្រដាល់​ក្លិប​ថ្មគោលពោធិ​សែន​ជ័យ ដោយ​ប្រកួត​ក្នុង​ទម្ងន់ ​៦០​ គីឡូក្រាម។​ ​ហេង វាសនា ធ្លាប់​ត្រូវ​ វឿន សា​វិ​ន វាយ​ឱ្យ​សន្លប់​ចំនួនពីរលើក​រួចមកហើយកាលពី​ឆ្នាំ​២០១៦ ដែល​លើក​ទី​១ ​សន្លប់​ក្នុង​ទឹក​ទី​១ និង លើក​ទី​២ សន្លប់​ក្នុង​ទឹក​ទី​៣។ ​ដូច្នេះ ចាំមើល​តើ​ ហេង វាសនា អាច​សងសឹក​ វឿន សា​វិ​ន បានសម្រេច​ឬ​អត់​លើក​នេះ?។

​ចំ​ណែ​ក សេក គឹម​សាន្ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ក៏​នឹង​ឡើងមក​ប្រកួត​សងសឹក ង៉ែត វុ​ធ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​ ៩១១​ ដែរ​។ ពីរ​នាក់​នេះក៏​ធ្លាប់​ប៉ះគ្នា​ពីរ​លើក​ដែរ ដោយ ​សេក គឹម​សាន្ត វាយ​ចាញ់ ​ង៉ែត វុ​ធ ទាំង​ពីរលើក​។​ ហេតុនេះ ចាំមើល​តើ សេក គឹម​សាន្ត អាច​សងសឹក ​វឿន សា​វិ​ន បាន​ឬ​អត់​?៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684