ព័ត៍មានទាន់​ហេតុការណ៏
Search

ឈឿន ឆៃ​ដែន​ ជួប ​Phlangphol ,​ឯម ឡេង​លី ​ជួប ​Kingdeng នៅ​សង្វៀន​ស្ទឹងមានជ័យ

ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជានៃ​ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្គូ​ផ្គងឱ្យ​ជួប​ប្រកួត​ជាមួយអ្នក​ប្រដាល់​ថៃ Phlangphol Petchharnna នា​រសៀល​ថ្ងៃទី​សៅ​រ៍ ទី​១៨​ ខែវិច្ឆិកា ​ឆ្នាំ២០១៧​ នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។ ពីរ​នាក់​នេះប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម។​

ជាលើក​ទី​២៨ របស់ ​ឈឿន ឆៃ​ដែន ដែល​គេ​បាន​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នោះ ដែល​២៧លើក​កន្លងមក គេ​វាយ​ឈ្នះ​បាន​១៧​លើក ចាញ់​៩​លើក និង​ ស្មើ​១​លើក។ ឆៃ​ដែន គេ​ជា​អតីតម្ចាស់​ខ្សែក្រវាត់​ជើងឯក​ទម្ងន់ ​៦០ ​គ​.​ក្រ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន។ គេមាន​កណ្តាប់ដៃ និង ​សន្ទុះ​ជើង​ទាត់​ខ្លាំង។​ ក្នុង​ប្រវត្តិ​ប្រកួត​ចំនួន​៩៧​លើក គេ​វាយ​ឈ្នះ​៦៨​លើក ចាញ់​២៤​លើក និង​ ស្មើ​០៥​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ចំនួន​២៦​លើក។​

ប៉ុន្តែ​យ៉ាងណា ឈឿន ឆៃ​ដែន ឡើង​ប្រកួត​លើក​នេះ ប្រហែលជា​មិន​ដូចជា​អ្នក​ប្រដាល់​មក​មុន​នោះទេ ព្រោះ​អ្នកប្រដាល់ Phlangphol ដែល​មក​លើក​នេះគេ​ខ្លាំង​គួរសម​ដែរ។ ឆៃ​ដែន ប្រកួតចុងក្រោយ​នេះបាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Chormbord ក្នុង​ទឹក​ទី​១ កាលពី​ថ្ងៃទី​២៩​ តុលា ​២០១៧។ ចាំមើល រវាង​ ឈឿន ឆៃ​ដែន និង Phlangphol អ្នក​ប្រដាល់​ថៃ តើន​រណា​ជា​អ្នកឈ្នះក្នុងការ​ជួបគ្នា​លើកដំបូង​នេះ?។​

ចំពោះអ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ឯម ឡេង​លី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួបជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Kingdeng Lukchampa។ ពួកគេ​ទាំងពីរ​នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៧១ គីឡូក្រាម។ Kingdeng គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រូបនេះ បើ​ប្រៀបជាមួយ​ ឯម ឡេង​លី គឺ​មិនដឹងថា​យ៉ាងណា​នោះទេ ព្រោះថា​ ឡេង​លី គេ​ជា​អ្នក​ប្រដាល់​ស្រករក្រោយ។

​យ៉ាងណា Kingdeng ប៉ះ​ជាមួយ​ ឯម ឡេង​លី ក៏​ប្រហែលជា​ជួប​ការលំបាក​ដែរ ព្រោះថា​ ឡេង​លី ថ្វីត្បិតតែ​មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​២០​លើក​ក្តី តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង ស្គាល់​ការ​ចាញ់តិចតួច​ប៉ុណ្ណោះ។​ គេ​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ វាយ​ឈ្នះ​ Rasisingha ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២២ ​តុលា ​កន្លងមកនេះ។ តែ​យ៉ាងណា ឯម ឡេង​លី ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង ​​ឯម ឡេង​លី និង Kingdeng នេះ ?។ ឡេង​លី គេ​មាន​កំណត់ត្រា​ប្រកួត​ទើបតែ ១៩​ លើក​ប៉ុណ្ណោះ តែ​គេ​វាយ​ឈ្នះ​១៣​លើក ចាញ់៥លើក និង​ ស្មើ​០១​លើក។

​ចំណែក ម៉ា នូ​អែល អ្នក​ប្រដាល់​កម្ពុជា​សញ្ជាតិ​នីហ្សេរីយ៉ា នៃ​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូផ្គងឲ្យជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​ស្បែក​ស​សញ្ជាតិ​ខ្មែរ ចាន់ សីហា ក្លិប​ខេ​មរៈ​ខ្លាហោះ។ ម៉ា​នូ​អែល និង ចាន់ សីហា ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ៨១ គីឡូក្រាម។​ នេះ​ជា​គូប្រកួត​ដ៏អស្ចារ្យ​មួយដែល​គេ​ជឿថា អ្នក​ប្រដាល់​ទាំងពីរនឹង​វាយប្រហារ​គ្នា​ដោយ​គ្មាន​បន្ធូរ​ដៃ​នោះទេ ព្រោះម្នាក់ៗ​សុទ្ធតែ​ចង់​ឈ្នះ​រៀងៗ​ខ្លួន ព្រោះ​ពួកគេ​ទាំងពីរ​ជា​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់។

​ចាន់ សីហា នេះគេ​ខ្លាំង​គួរសម​ដែរ គេ​ធ្លាប់​មក​ប្រកួត​បាន​ប៉ុន្មាន​លើក​ហើយ​លើស​ង្វៀន​បាយ័ន​នេះ។​ អ្នក​ប្រដាល់​ស្បែក​សរូប​នេះ បើ​ប្រៀប​ជាមួយ​អ្នក​ប្រដាល់​ស្បែក​ខ្មៅ ម៉ា នូ​អែល គឺប្រហាក់ប្រហែលគ្នា​ទេ។ ម៉ា នូ​អែល ខ្លាំង​កណ្តាប់ដៃ តែ​ទោះជា​យ៉ាងណា ម៉ា នូ​អែល ​ក៏ត្រូវ​ប្រយ័ត្នដែរសម្រាប់​ការប្រកួត​លើក​នេះ ព្រោះ​អ្នក​ប្រដាល់​ ចាន់ សីហា នេះគេ​ក៏​ខ្លាំង។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង ​ម៉ា នូ​អែល និង ចាន់ សីហា នេះ?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684