ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ ​លើ​ផ្លូវ​ទឹក ​បាត់ខ្លួន​មនុស្សម្នាក់​ជាង​ពីរ​ថ្ងៃ​ទើប​អណ្ដែត

​បាត់ដំបង ៖ សព​យុវជន​ម្នាក់​ ដែលមាន​មុខរបរ​ជា​អ្នក​នេសាទ​ត្រីនៅតាម​ដៃទន្លេ​សាប ​ត្រូវបាន​ប្រជា​នេ​សា​ទប្រទះឃើញ​អណ្តែត​ទឹក​ទាំង​ព្រឹក​ព្រលឹម បន្ទាប់ពី​មានការ​បាត់​យុវជន​រូបនេះ​អស់រយៈពេល​ជាង​ពីរ​ថ្ងៃ​មកហើយ ដោយសារតែ​រូបគេ​បាន​ជួបនឹង​គ្រោះថ្នាក់​​​លើ​ផ្លូវទឹកកាលពីពេល​ថ្មីៗ​នេះ។​

​តាម​ការអះអាង​ពី​លោក ណាប់ ស៊ីថា មេបញ្ជាការ​កងរាជអាវុធហត្ថស្រុក​ឯក​ភ្នំ​ បាន​រំលឹក​ឡើងវិញថា កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង៧យប់​ គឺ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ​រវាង​កាណូត​ស្មាច់ជាមួយនឹង​កាណូត​ស្មាច់​ដូចគ្នា នៅត្រង់ចំណុច​ភូមិកំពង់​ប្រហុក ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

​លោក​បាន​បន្តថា នៅពេលនោះ​ដោយសារតែ​យប់​ងងឹត គឺ​កាណូត​ជនរងគ្រោះ​ឈ្មោះ​ ណៃ សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ត្រង់ចំណុច​ខាងលើ ដែល​កំពុង​ដើរ​ដាក់មង គឺ​ត្រូវបានកាណូត​ស្មាច់​មួយគ្រឿង​ទៀត បាន​បើកបរ​យ៉ាង​លឿន​មក​បុក​យ៉ាង​ពេញទំហឹងបណ្តាលឱ្យជនរងគ្រោះ​ធ្លាក់​ទៅក្នុង​ទឹក ហើយក៏​បាត់​រហូតទោះបីជា​មានការ​ឆោឡោ​ និង ​ចុះ​រាវរក​ពី​សំណាក់​អ្នកភូមិ​យ៉ាងណា​ក៏​រក​មិនឃើញ​ដែរ។​

​លុះ​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ៧ និង ៣០នាទីព្រឹក ស្រាប់តែ​សព​ត្រូវបាន​អណ្តែតមកលើ​ផ្ទៃ​ទឹកទើប​មានការ​ភ្ញាក់ផ្អើល ដោយ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ចុះទៅ​ត្រួតពិនិត្យ​ដែរ ហើយ​ក៏បាន​អះអាងថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក កាលពី​ជួបនឹង​គ្រោះថ្នាក់​នោះ​ពិតមែន។​

​បច្ចុប្បន្ន​​ សព​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញធ្វើការ​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​ ដើម្បី​នាំយកទៅរៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684