ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​អញ្ជើញ​មកដល់​មាតុភូមិ​វិញ​ហើយ​

ភ្នំពេញ ​៖​ បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ពិភពលោក​សំខាន់ៗ​ជាច្រើន​ នៅលើ​ទឹកដី​នៃប្រទេស​វៀតណាម និង ប្រទេស​ហ្វីលីពីន អស់​រយៈពេល​៥​ថ្ងៃ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ​នៅវេលាម៉ោង ១០ និង ៣០ នាទី​ព្រឹក ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​របស់​កម្ពុ​ជា​ ចាក​ចេញពី​កម្ពុជា​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧​ ដោយបាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចសន្ទនា​ក្រៅផ្លូវការ​រវាង​មេដឹកនាំ​អាស៊ាន និង កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​ដា​ណាំង ប្រទេស​វៀតណាម​។

​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​នៅ​ប្រទេស​វៀតណាម​ សម្តេច​តេ​ជោ ហ៊ុន សែន បន្តដំណើរ​តាម​យន្តហោះពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ឆ្ពោះទៅ​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​១១ ខែវិច្ឆិកា ឆ្នាំ២០១៧​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត។​ ក្រៅពីការចូលរួម​កិច្ចប្រជុំ​ដ៏​មមាញឹក​ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឆ្លៀត​ជួបពិភាក្សា​ទ្វេភាគីផងដែរ ​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន នាយករដ្ឋមន្ត្រី​ឡាវ នាយករដ្ឋមន្ត្រី​រុស្ស៊ី និង អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ,​កិច្ចប្រជុំ CLV ។

​សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ Facebook របស់​សម្តេច​បានបញ្ជាក់​ថា ​ក្នុង​កិច្ចប្រជុំ​សំខាន់ៗ​ទាំង២​នោះ​ មាន​ឯកសារ​ព្រមព្រៀង​មួយ​ដ៏​សំខាន់បំផុត​ ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រមុខ​ដឹកនាំអាស៊ាន កាលពី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​ការការពារ​សិទ្ធិ​ពលករ​ចំណាកស្រុកអាស៊ានឲ្យ​មាន​សិទ្ធិ​សេរីភាព​កាន់តែ​ទូលំទូលាយ ​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​នៅក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ ដោយ​គ្មាន​ការភិតភ័យ​អ្វី​ឡើយ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​ប្រទេស​អាស៊ាន​ទាំង​១០ យើង​រួមសុខ​រួមទុក្ខ​ជាមួយគ្នា និង រីកចម្រើន​ទៅមុខ​ជាមួយគ្នា ដោយ​មិន​ទុក​ប្រទេស​ណា​ឲ្យ​នៅ​ពីក្រោយ​ឡើយ​។ ទន្ទឹមនឹងនោះ ក៏យើង​មិន​ជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង​របស់​ប្រទេស​ណា​ឡើយ ប៉ុន្តែ​យើង​រួមគ្នា​ដោះស្រាយ​បញ្ហានានាដោយ​សន្តិវិធី​ ដែល​នាំមក​នូវ​វិបុលភាព និង​ សន្តិភាព​»៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684