ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​បរទេស​ម្នាក់​ល​ង់​ទឹក​ស្លាប់​នៅ​ភ្នំ​គូលែន ​ដោយ​សារ​មិនចេះ​ហែល​ទឹក

សៀមរាប​ ៖​ ​ភ្ញៀវ​ទេសចរ​​ជនជាតិ​ព័រទុយហ្គាល់​ម្នាក់​ បាន​លង់ទឹក​ស្លាប់​នៅ​តំបន់​ទឹកធ្លាក់​ខ្នងភ្នំ​គូលែន​ ដោយសារតែ​ងូតទឹក​ជ្រៅ​ហើយ​មិនសូវ​ចេះ​ហែល​ទឹក។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់​ផ្អើល​នេះ បាន​កើតឡើង​នៅ​ម៉ោង​១៣ ​និង​ ២០​នាទី ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧ នៅ​ចំណុច​ទឹកធ្លាក់ ភូមិ​ព្រះអង្គ​ធំ​ ឃុំ​ខ្នងភ្នំ ​ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប។

លោក​វរសេនីយ៍ឯក ភឹង ​ច​ន្តា​រ៉េត ស្នងការរង​នគរ​បា​ល​ខេត្តសៀមរាប ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥ នេះ​ថា យោងតាម​ការបំភ្លឺ​រប​ស់​ឈ្មោះ ឡេង ចិន្តា ​អាយុ​៣៨ឆ្នាំ​ នៅ​ភូមិ​សាលាកន្សែង សង្កាត់ស្វាយដង្គំ​ ក្រុង​សៀមរាប មុខរបរជា​មគ្គុទ្ទេសក៍​ទេសចរណ៍ បាន​បំភ្លឺ​ប្រាប់​ឱ្យដឹង​ថា នៅវេលាម៉ោង​១២ ​និង ​១០​នាទី​ ខ្លួន​បាន​នាំ​ភ្ញៀវ​ជនជាតិ​ព័រទុយហ្គាល់ ពីរ​នាក់​ប្តី​ប្រពន្ធ​ ដែលមានឈ្មោះ ​ana mari ricao raimuno da silva lous filipe da silva teixeira​ ទៅងូតទឹក​នៅ​ចំណុច​ទឹកធ្លាក់​ភ្នំ​គូលែន​ជាន់​ក្រោម​ លុះ​អង្គុយ​មើល​ភ្ញៀវ​បាន​រយៈពេល​១​ម៉ោង ​រូបគេបានមក​ហូបបាយ​នៅ​ហាង​ផ្កា​ចាន់​ភ្នំ​គូលែន ទុក​ភ្ញៀវ​នៅ​ទីនោះ។ រហូត​ដល់​ម៉ោង​១២​ និង ​៤០​នាទី ​រូបគេ​បាន​ត្រឡប់មក​មើល​ភ្ញៀវ​វិញ ពេល​ចុះ​ដល់​ទឹកធ្លាក់​មាន​គេ​ប្រាប់ថា ​មាន​ភ្ញៀវ​ស្លាប់។ ពេលនោះគេ​បាន​ពិនិត្យមើល​ភ្ញៀវ​របស់គេ​ក៏​បាត់​ខាង​ប្តី គេ​បាន​សួរ​ទៅ​ប្រពន្ធ​ថា ​មានរឿង​អ្វីកើតឡើង? ​ប្រពន្ធ​ប្រាប់ថា​ ពួកគេ​ងូតទឹក​ជុំគ្នា​លុះ​ងូតទឹក​ដល់​កន្លែង​ជ្រៅ​ងាកមើល​ប្តី​ក៏​បាត់ ហើយបាន​ស្រែក​ឲ្យ​ភ្ញៀវ​ដូចគ្នា​ជួយ​រក​ព្រោះ​ប្តី​លិច​ចូលក្នុង​ទឹក។ ភ្លាមៗនោះភ្ញៀវ​ជាច្រើន​ដែល​លេង​នៅ​ទីនោះបាន​ជួយ​រក​ទើប​ឃើញ​ក្នុងទឹក ហើយ​លើក​យកមក​សង្គ្រោះ​ប៉ុន្តែ​ជនរងគ្រោះ​បាន​ឈ្លក់ទឹក​ស្លាប់​បាត់ទៅហើយ​។​

សាកសព​ត្រូវបាន​យក​ចេញពី​កន្លែងកើតហេតុ​ ហើយ​អាជ្ញាធរ​រួមមាន ​ប៉ុស្តិ៍​រដ្ឋបាល​,​ប៉ុស្តិ៍​បេតិកភណ្ឌ, អាជ្ញាធរ​អប្សរា​ ក្នុងនោះ​ក្រុមហ៊ុនបានទំនាក់ទំនង​ប៉ូលិស​ទេសចរណ៍​យក​​សពជនរងគ្រោះ​ឈ្មោះ lous filip Da silva teixeira អាយុ​៥៤​ឆ្នាំ ជនជាតិព័រទុយហ្គាល់ ភេទប្រុស​
​ ស្នាក់នៅ​សណ្ឋាគារ ឡូត​ទុ​ស​ប្លង់​។​

លោក​បន្តថា 
​មូលហេតុ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​នោះ ​គឺ​មកពី​ជនរងគ្រោះ​ចុះ​មុជទឹក​ជ្រៅ​ពេក​ ហើយមិនសូវ​ចេះ​ហែល​ទឹក​។​ បច្ចុប្បន្ន​ កម្លាំង​សមត្ថកិច្ច​ និង ​ក្រុមគ្រួសារ​សព​កំពុង​រៀបចំ​បញ្ជូន​សពទៅ​ប្រទេស​កំណើត ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684