ព័ត៍មានទាន់​ហេតុការណ៏
Search

ខូចចិត្តសង្សារ​រៀបការ​ចោលយក​សាំង​ដុត​ខ្លួន ​

កំពង់ចាម ៖ បុរស​ម្នាក់​គិត​ខ្លីចង់​ប្រល័យជីវិតខ្លួនឯង ព្រោះតែ​ខូចចិត្តនឹង​សង្សារជាទី​ស្រលាញ់​របស់ខ្លួនរៀបការចោល ​បាន​យក​ប្រេងសាំង​ចាក់​ដុត​លើ​ខ្លួនបង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ​ឆ្នាំ​២០១៧ ​វេលាម៉ោង​១៥ និង ៣០​នាទី នៅ​ចំណុច​ផ្ទះរបស់ឈ្មោះ​ ហ៊ាង គឹម​ស្រ៊ុន ភេទប្រុស ស្ថិត​ក្នុងភូមិ​សំបួរមាស​(​ខ​) ឃុំ​ពាមជីកង ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម។

លោក ជា ជួន អធិការនគរបាលស្រុកកងមាស បានឱ្យដឹងថា បុរសគិត​ខ្លី​ដែល​បាន​យកសាំង​ដុតខ្លួនឯង​នេះ ឈ្មោះ ហ៊ាង សំ​អូន ភេទប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ បណ្តាលឱ្យរ​លាក​ពេញ​ខ្លួន​។

ប្រភពដដែល​បានឱ្យដឹងថា បុរសឈ្មោះ សំ​អូន បាន​លួច​ស្រលាញ់នារី​ម្នាក់ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) ជា​យូរ​មកហើយ តែ​មិនបាន​ចូល​ស្តីដណ្តឹង​នៅ​ទ្បើ​យ​។ ស្រាប់តែ​ថ្មីៗ​នេះ នារីជាទី​ស្រលាញ់​របស់ខ្លួនបាន​រៀបការជាមួយ​ប្រុស​ថ្មី។ ក្រោយពី​ទទួលដំណឹងគួរឱ្យ​រន្ធត់​នេះ​ភ្លាម បុរសអភ័ព្វ​ស្នេហ៍​បាន​ទិញ​សាំងកន្លះ​លីត្រ យកមក​ចាក់​ស្រោច​លើខ្លួនហើយ​ដុត​ឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាលឱ្យ​រលាកពេញ​ខ្លួនរបួស​ធ្ងន់ធ្ងរ​។

ភ្លាមៗ​នោះដែរ បងប្អូនប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ បាននាំគ្នាជួយ​ពន្លត់ភ្លើងដែលកំពុងឆាបឆេះលើ​ខ្លួន​ជនរងគ្រោះ​។ បន្ទាប់មកក្រុមគ្រួសារ​បាន​ដឹកជនរងគ្រោះយកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ព្រៃឈរ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684