ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ម្នាក់ ​ត្រូវ​គូ​ជម្លោះ​ជះ​ទឹក​អាស៊ីត​ដាក់ ខណៈ​ពេល​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​ទៅ​ធ្វើការ

​ភ្នំពេញ ​៖ ​ ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​លោក​អនុសេនីយ៍ឯក ម៉ៅ សាវឿន នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ បាន​ឲ្យ​ដឹង​ថា ​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ​ខែ​វិច្ឆិកា​ នេះ ​មាន​ករណី​ជះ​ទឹក​អាស៊ីត​មួយ​បាន​កើតឡើង ​ក្នុង​ភូមិ​ស្ទឹងមានជ័យ​ទី​១ ​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ ​បណ្ដាល​ឲ្យ ស្ត្រី​រង​គ្រោះ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។

​លោក ​ម៉ៅ សាវឿន បាន​បន្តថា ​ស្ត្រី​រងគ្រោះ​ក្នុង​ហេតុ​ការណ៍​នេះ​ ឈ្មោះ​ ឌឿ​ន ស៊ុន​ណា​រ៉ា​ អាយុ​៤៧ឆ្នាំ​ ​មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន ​មាន​ទីលំនៅ​ក្នុង​ភូមិ​កើតហេតុ។ លោក​នាយ​ប៉ុស្តិ៍​បាន​រៀបរាប់​ពីហេតុ​ការ​ណ៍នេះ​ថា​ នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញ​ពី​ផ្ទះ​​ទៅ​ធ្វើ​ការ លុះ​ទៅដល់​ចំណុច​កណ្ដាល​ភូមិ ​ក៏​ស្រាប់​តែ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មក​អែបនឹង​ម៉ូតូ​ស្ត្រី​រងគ្រោះ​ រួច​ជះ​ទឹក​អាស៊ីត​ពេញ​ផ្ទៃមុខ​ស្ត្រី​រងគ្រោះ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។ ដោយឡែក​ជន​បង្ក ​បាន​ជិះ​គេច​បាត់ ដោយ​បន្សល់​ទុក​ជន​រងគ្រោះ​នៅ​កន្លែង​កើតហេតុ​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​ដោយ​លាក់លៀម​បំផុត។

​លោក​ ម៉ៅ សាវឿន បាន​បញ្ជាក់​ដែរ​ថា ​បើ​ទោះ​ជា​យ៉ាងណា ​ជនបង្ក​ត្រូវ​បាន​សមត្ថកិច្ច​ស្គាល់​ឈ្មោះ ខៀវ វិសិដ្ឋ​សត្យា​ ហៅ​ថៃ​យ៉ា​ ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ មាន​លំនៅដ្ឋាន​ក្បែរ​ចំណុច​ជះ​ទឹក​អាស៊ីត​តែម្តង​ ហើយ​កំពុង​គេចខ្លួន​។ ​ក្នុង​ហេតុការណ៍​នេះ​ គឺ​ពិតជា​រឿង​គំនុំ​ដែល​អ្នកដឹង​រឿង​ គឺស្ថិតនៅលើ​ស្ត្រី​រងគ្រោះ​ និង ​ជនបង្ក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684