ព័ត៍មានទាន់​ហេតុការណ៏
Search

យោធា​ចេញ​មក​តាម​ដងផ្លូវ​ក្នុងប្រទេស​ហ្សី​ម​បា​វ៉េ ​ប៉ុន្តែ​មិនមែន​រដ្ឋប្រហារ​

រថយន្ត​យោធា​ បាន​ចេញ​មក​តាម​ដង​ផ្លូវ​នៃ​រដ្ឋធានី​របស់​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​ហើយ​ស្នូរ​បាញ់កាំភ្លើង​រយៈពេល​យូរ​ត្រូវបាន​គេ​ឮ​នៅ​ជិត​លំនៅដ្ឋាន​របស់​ប្រធានាធិបតី​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ចំពេល​ដែលមាន​សំណួរ​ជាច្រើន​ទាក់ទង​នឹង​ការក្តោបក្តាប់​អំណាច​របស់លោក Robert Mugabe បើទោះបីជា​កងទ័ព​បាន​បដិសេធ​ការធ្វើ​រដ្ឋប្រហារ​នៅក្នុង​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​ក៏ដោយ​។​

ភាព​តានតឹង​រវាង​មេដឹកនាំ​វ័យ​៩៣​ឆ្នាំ​រូបនេះ​និង​យោធា​ដែល​បាន​ជួយ​រជ្ជកាល​របស់គាត់​គឺ​បាន​កើនឡើង​កាន់តែខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ដោយ​គណបក្ស ZANU-PF របស់លោក Mugabe កាលពី​ថ្ងៃ​អង្គារ​បាន​ចោទប្រកាន់​មេបញ្ជាការ​កងទ័ព​លោក Constantino Chiwenga ថា បាន “​ប្រ​ព្រឹ​ត្ដ​អំពើ​ក្បត់ជាតិ​”​។​

សកម្មភាព​របស់​យោធា​ត្រូវបាន​គេ​មើលឃើញថា​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ចំពោះ​លោក Mugabe ប៉ុន្តែ​លោក​ឧត្ដមសេនីយ៍ឯក Sibusiso Moyo បានបង្ហាញ​មុខ​ក្នុង​ទូរទស្សន៍​រដ្ឋ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ដើម្បី​បដិសេធថា កងទ័ព​មិនមែន​សំដៅ​ទៅលើ​មេដឹកនាំ​ដែល​ទន់ខ្សោយ​នោះទេ​។​

លោក Moyo បាន​និយាយថា “​វា​មិនមែនជា​ការកាន់កាប់​អំណាច​របស់​យោធា​លើ​រដ្ឋាភិបាល​ទេ​។ យើង​មានបំណង​ចង់​ធានា​ដល់​ប្រទេសជាតិ​ថា លោក​ប្រធានាធិបតី​និង​គ្រួសារ​របស់គាត់​គឺមាន​សុវត្ថិភាព​ហើយ​សន្តិសុខ​របស់​ពួកគេ​ត្រូវបាន​ធានា​”​។​

លោក​បាន​បន្ថែមថា “​យើង​គ្រាន់តែ​កំណត់​គោលដៅ​លើ​ឧក្រិដ្ឋជន​ដែល​នៅ​ជុំវិញ​គាត់​ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​ប៉ុណ្ណោះ​។ នៅពេលដែល​យើង​បាន​បំពេញបេសកកម្ម​របស់​យើង​ចប់ យើង​រំពឹងថា​ស្ថានភាព​នឹង​វិល​ត្រលប់​ទៅរក​ភាពប្រក្រតី​ឡើងវិញ​”​។​

លោក Chiwenga ធ្លាប់បាន​ទាមទារ​ឲ្យ​លោក Mugabe ដែល​បាន​គ្រប់គ្រង​ប្រទេស​នេះ​ចាប់តាំងពី​ទទួលឯករាជ្យ​ភាព​ពី​ចក្រភព​អង់គ្លេស​ឆ្នាំ​១៩៨០​មក​នោះ​ឲ្យ​បញ្ឈប់​ការ​បោសសម្អាត​មន្ត្រី​បក្ស​ជាន់ខ្ពស់​រួមទាំង​អនុ​ប្រធានាធិបតី Emmerson Mnangagwa ផងដែរ​ដែល​ត្រូវបាន​បណ្តេញចេញ​កាលពី​សប្តាហ៍​មុន​។​

មុនពេល​ត្រូវបាន​បណ្តេញចេញ​, លោក Mnangagwa បាន​ប៉ះទង្គិច​គ្នា​ម្តង​ហើយ​ម្តងទៀត​ជាមួយ​ភរិយា​របស់លោក Mugabe ដែលមាន​ឈ្មោះថា Grace អាយុ​៥២​ឆ្នាំ​ដែល​ត្រូវបាន​គេ​មើលឃើញថា​នឹង​ក្លាយជា​ប្រធានាធិបតី​បន្ទាប់​។​

សាក្សី​ម្នាក់​បាន​ប្រាប់ AFP ថា ស្នូរ​គ្រាប់កាំភ្លើង​ដ៏​យូរ​បាន​ផ្ទុះឡើង​នៅ​ជិត​លំនៅដ្ឋាន​ឯកជន​របស់លោក Mugabe នៅ​ជាយក្រុង Borrowdale កាលពី​ព្រឹក​ថ្ងៃ​ពុធ​។​

រថពាសដែក​ដែល​បាន​ប្រទះឃើញ​នៅ​ខាងក្រៅ​ទីក្រុង Harare ក៏បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​រ​ព្រួយបារម្ភ​ផងដែរ​ខណៈ​លោក Chiwenga បាន​ព្រមាន​ពី​អន្តរាគមន៍​យោធា​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114