ព័ត៍មានទាន់​ហេតុការណ៏
Search

ជំនួយ​គ្រប់​ទិដ្ឋភាព ដែល​មាន​ទិសដៅ​ក្នុង​ការ​ឧបត្ថម្ភ​ដល់​គណបក្ស​នយោបាយ​ណាមួយ គឺជា​ជំនួយ​បែប​អាណានិគម​ថ្មី​មក​លើ​កម្ពុជា​

ភ្នំពេញ ​៖ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាងថា ជំនួយ​គ្រប់​ទិដ្ឋភាព​ទាំងអស់ ទោះបីជា​ដល់ គ​.​ជ​.​ប ក៏ដោយ មិនមែន​មានន័យ ឬ​ក្នុង​បំណង​ជួយ​លើក​តម្កើង​ដល់​គណបក្ស​នយោបាយ​ណាមួយ​នោះទេ ប៉ុន្តែ​បើសិនជា​ជំនួយ​ណាមួយ មានបំណង និង​ទិសដៅ​ក្នុងការ​ឧបត្ថម្ភ​ដល់​គណបក្ស​នយោបាយ គឺ​ចាត់ទុកថា​ជាការ​ជ្រៀតជ្រែក និង​ឈ្លានពាន​ដល់​អធិបតេយ្យភាព​រប​ស់​ប្រជាជាតិ​ខ្មែរ ក្នុងការ​ប្រើប្រាស់​នៃ​សិទ្ធិ​ស្វ័យ​សម្រេច​របស់ខ្លួន ហើយ​កម្ពុជា​យល់ឃើញថា ជា​ជំនួយ​នៃ​បែបផែន​អាណានិគម​ថ្មី​មកលើ​កម្ពុជា​។​

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​លើក​ឡើ​ង​បែបនេះ បន្ទាប់ពី​សហរដ្ឋអាមេរិក បានប្រកាស​បញ្ចប់​ការគាំទ្រ​របស់ខ្លួន​លើ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត (​គ​.​ជ​.​ប​) សម្រាប់​ដំណើរការ​បោះឆ្នោតជាតិ​ឆ្នាំ​២០១៨​។​

លោក ផៃ ស៊ី​ផាន លើកឡើងថា ការវិនិច្ឆ័យ​របស់​តុលាការ​កំពូល​កម្ពុជា គឺ​ធ្វើ​ក្នុងនាម និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​គ្មាន​ស្ថាប័ន​ណាមួយ​ទាំង​សង្គម​ជាតិខ្មែរ ក៏ដូចជា​សង្គមជាតិ បរទេស​ណាមួយ អាច​ជ្រៀតជ្រែក​បានទេ ហើយក៏​មិនអាច​មិន​គោរព​នោះបាន​ដែរ ពីព្រោះ​សេចក្តី​សម្រេច​នេះ ជា​តំណាង​នូវ​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា​។ លោក​បន្តថា ស្ថាប័នរដ្ឋ​ទាំងអស់ ត្រូវតែ​អនុវត្ត​ជាដាច់ខាត មិនអាច​រឹងទទឹង និង​ការសម្រេច​ក្តី​នេះ​បានទេ​។ រីឯ​ជំនួយ​ទាំង​សម្ភារៈ​បច្ចេកទេស និង​សន្តាន​ចិត្ត​របស់​ប្រជាជាតិ ដែលជា​មិត្ត​របស់​កម្ពុជា ក្នុង​ការជួយជ្រោមជ្រែង​ដល់ គ​.​ជ​.​ប គឺ​ចាត់ទុកជា​សេចក្តីសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​បណ្តា​មិត្ត​បរទេស​ទាំងអស់នោះ ក្នុងន័យ​ពង្រឹង​សិទ្ធិ​សម្រេច​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែលជា​សិទ្ធិ​ស្វ័យ​សម្រេច​ក្នុង​កិច្ច​ទទួលខុសត្រូវ​ជោគវាសនា​របស់ខ្លួន​។​

លោក ផៃ ស៊ី​ផាន បញ្ជាក់ថា “​ជំនួយ​គ្រប់​ទិដ្ឋភាព​ទាំងអស់​ដល់ គ​.​ជ​.​ប គឺ​មិនមែន​មានន័យ ឬ​ក្នុង​បំណង​ជួយ​លើកតម្កើង​ដល់​គណបក្សនយោបាយ​ណាមួយ​នោះទេ​។ បើសិនជា​ជំនួយ​ណាមួយ​នោះ ដែលមាន​បំណង និង​ទិសដៅ​ក្នុង​ឧបត្ថម្ភ​ដល់​គណបក្សនយោបាយ​ណាមួយ គឺ​ចាត់ទុកថា ជាការ​ជ្រៀតជ្រែក និង​ឈ្លានពាន​ដល់​អធិបតេយ្យភាព​រប​ស់​ប្រជាជាតិ​ខ្មែរ ក្នុងការ​ប្រើប្រាស់​នៃ​សិទ្ធិស្វ័យ​សម្រេច​របស់ខ្លួន ហើយ​ជំនួយ​នោះ​ក៏​កម្ពុជា​យល់ឃើញថា ជា​ជំនួយ នៃ​បែបផែន​អាណានិគម​ថ្មី​មកលើ​កម្ពុជា​”​។​
​សូមបញ្ជាក់ថា ក្រោយពី​តុលាការ​កំពូល​បានប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ សហរដ្ឋអាមេរិក បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​ខ្លី​មួយ ពី​សេត​វិមាន ហៅ​ដំណើរការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​ការ​ដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ហើយ​ជាការ​ឆ្លើយតប​នឹង​ការសម្រេច​នេះ ជំហាន​ដំបូង សហរដ្ឋអាមេរិក បានសម្រេច​បញ្ចប់​ការ​គាំទ្រ​របស់ខ្លួន​លើ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​របស់ គ​.​ជ​.​ប សម្រាប់​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៨ ដោយបាន​ចាត់ទុកថា ការបោះឆ្នោត​នោះ នឹង​មិន​ធ្វើឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។

ជាមួយនឹង​ការលើកឡើង​ខាងលើ សហរដ្ឋអាមេរិក ក៏បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា លុបចោល​នូវ​ការសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោះលែង​លោក កឹម សុខា ព្រមទាំង​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ធ្វើ​សកម្មភាព​ស្របច្បាប់​នៅ​កម្ពុជា​ឡើងវិញ​៕