ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈប្រតិភូ​ ក្រសួងកសិកម្ម​ ទស្សនកិច្ច​កសិដ្ឋាន​ចិញ្ចឹម​គោ​ Mort & Co ដែល​បាន​ដំណើរការ​អស់​រយៈពេល ១២០​ឆ្នាំ

ភ្នំពេញ ​៖​ គណៈប្រតិភូ​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ ដឹកនាំ វេ​ង សាខុន បាន​ទៅ​ទស្សនកិច្ច​កសិដ្ឋាន​ចិញ្ចឹម​គោ Mort & Co ដែល​​​ដំណើរការ​អស់​រយៈពេល ១២០​ឆ្នាំ និង​មាន​ភាពជោគជ័យ​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន មាន​សមត្ថភាព​ចិញ្ចឹម​បំប៉ន​(​ស្តុក​ក្នុង​រយៈពេល​១០០ ថ្ងៃមុន​ការនាំចេញ​យក​កាប់​សាច់​និង​វេច​ខ្ចប់​)​។​

ក្រសួង កសិកម្ម បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដដែល​នេះ ​គណៈប្រតិភូ​បាន​ជួបពិភាក្សា​ជាមួយ​លោក Charlie Mort នាយក​ក្រុមហ៊ុន Mort & Co នៅ​ទីក្រុង Toowoomba ដើម្បី​ជំរុញ​ទំនាក់ទំនង​ធុរកិច្ច​រវាង​ក្រុមហ៊ុន​អន្តរជាតិ និង​ក្រុមហ៊ុន​ក្នុងស្រុក ព្រមទាំង​បាន​ផ្លាស់ប្ដូរ​បទពិសោធន៍​ពី​ការផលិត​ចំណី បច្ចេកទេស​នៃ​ការ​ចិញ្ចឹម និង​ការ​សហការ​រវាង​រដ្ឋ​និង​ឯកជន​នៅ​ប្រទេស​អូស្ត្រាលី។ បន្ទាប់មក​គណៈប្រតិភូ ​ក៏បាន​ទៅ​ទស្សនកិច្ច​កសិដ្ឋាន​ចិញ្ចឹម​គោ Mort & Co ដែល​បាន​ដំណើរការ​អស់​រយៈពេល ១២០​ឆ្នាំ និង​មាន​ភាព​ជោគជ័យ​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន មាន​សមត្ថភាព​ចិញ្ចឹម​បំប៉ន​(​ស្តុក​ក្នុង​រយៈពេល​១០០ ថ្ងៃមុន​ការនាំចេញ​យក​កាប់សាច់​និង​វិច​ខ្ចប់​) បាន ៥២ ០០០​ក្បាល និង​ធ្វើការ​នាំចេញ​សាច់​ទៅកាន់​ទីផ្សារ​អន្តរជាតិ ចំនួន ២៥០ ០០០​ក្បាល ស្មើនឹង​ប្រមាណ ៤៦ ០០០​តោន​ក្នុង​មួយឆ្នាំ។ តំណាង​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ភាព​ជោគជ័យ និង​ភាព​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​អន្តរជាតិ​របស់​ក្រុមហ៊ុន​គឺ​កើត​ចេញពី​ការ​ពង្រឹង​គុណភាព អនាម័យ សុវត្ថិភាព មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​បរិយាកាស​ការងារ​ល្អ។

សូម​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​គណៈប្រតិភូ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​អូស្ត្រាលី ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​ដែល​ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។

យោង​តាម​កម្មវិធី​ ដែល​បានគ្រោង​ទុក​ក្នុងការ​ស្នាក់នៅ​ប្រទេស​អូស្ត្រាលី ឯកឧត្តម​រដ្ឋមន្ត្រី នឹង​មានការ​ចូលជួប​សម្តែង​ការគួ​សម និង​ពិភាក្សា​ការងារ​ជាមួយ​៖១ លោកជំទាវ រដ្ឋមន្ត្រី​សហប្រតិបត្តិការ​អន្តរជាតិ ទទួលបន្ទុក​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក នៅ​ទីក្រុង​ស៊ិត​នី ២ ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​រវាង ក្រុមហ៊ុន​កសិកម្ម សូ​ម៉ា (SOMA AGRICULTURE ) និង​ក្រុមហ៊ុន​សាន់​រ៉ៃ (SUNRICE COMPANY) នៅ​ទីក្រុង​ស៊ិត​នី ៣ រដ្ឋមន្ត្រី​/​មន្ត្រី​ជាន់ខ្ពស់ ក្រសួងកសិកម្ម និង​ធនធាន​ទឹក អូស្ត្រាលី នៅ​ទីក្រុង​កង់​បេ​រ៉ា ៤ មជ្ឈមណ្ឌល​អូស្ត្រាលី សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ ៥ អាជ្ញាធរ​គ្រប់គ្រង​ធនធាន​ទឹក​នៃ​អាង​ម៉ូ​រី​ដារ​លីន (MURRY DARLING BASIN) ៦ វិទ្យាស្ថាន​កសិកម្ម​យ៉ាន​កូ និង​មជ្ឈមណ្ឌល​ឧត្ដមភាព​សម្រាប់​និរន្តរភាព​ស្រូវ នៅ​ញ៉ូ​សៅ​វ៉​ល (NSW) និង​មជ្ឈមណ្ឌល​ការស្រាវជ្រាវ​កសិកម្ម​ដទៃទៀត។​

សូម​បញ្ជាក់​ថា ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម នៃ​រដ្ឋាភិបាល​អូស្ត្រាលី បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ដ៏​ច្រើន​មក​កម្ពុជា លើ​ការ​អភិវឌ្ឍ​និង​ការស្រាវជ្រាវ​វិស័យ​កសិកម្ម អស់​រយៈពេល​ជាង ៣០ ឆ្នាំ​កន្លង​មក​ហើយ ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​នាំ​នាវា​កម្ពុជា​ចេញពី​ភាព​ខ្វះ​ស្បៀង រហូតដល់​កម្ពុជា​សល់​ស្បៀង ជា​ស្រូវ​ចំនួន​ប្រមាណ​ជាង ៥ លាន​តោន (៣,៦ លាន​តោន​អង្ករ​) នៅ​ឆ្នាំ​២០១៦ កន្លងទៅ សម្រាប់​ធ្វើ​ការនាំចេញ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114