ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្ស​វិទ្យាល័យ​កម្ពុជា មើលឃើញ​ពិភព​លោកធំ​ជាង​មុន បន្ទាប់ពី​បាន​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា នៅ​ប្រទេស​ជប៉ុន​រួចមក

ក្នុង​ជំហាន​ស្វាហាប់ រហ័សរហួន ជាមួយ​ទឹកមុខ​ញញឹម យុវតី​ម្នាក់ អាយុ ១៧​ឆ្នាំ ក្នុង​សម្លៀកបំពាក់ ជា​សិស្សសាលា​វិទ្យាល័យ​បាក់​ទូក ឈ្មោះ ឃៀង លី​គៀង បាន​និយាយប្រាប់​ដោយ​សេចក្តីក្លាហាន នៅក្នុង​កម្មវិធី​ទទួល​ស្វាគមន៍ ឯកអគ្គរដ្ឋទូត​វ័យក្មេង​ជប៉ុន​-​កម្ពុជា (Teenage Ambassadors 2017) ដែល​រៀបចំ​នៅ​ស្ថានទូត​ជប៉ុន កាលពី​យប់​ថ្ងៃទី ២៣ ខែវិច្ឆិកា ថា “​ខ្ញុំ​បាន​យល់ដឹង​ច្រើន​ជាមុន ខុសប្លែក​ពីមុន បន្ទាប់ពី​បាន​ចូលរួម ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​នៅ​ប្រទេស​ជប៉ុន កាលពី​ខែកញ្ញា​កន្លងទៅ ដែល​បាន​ផ្ដល់ជូន​ដល់​សិស្សសាលា​កម្ពុជា តាមរយៈ​មូលនិធិ AEON 1% Club”​។​

​ឆ្នាំ ២០១៧ នេះ គឺជា​លើក​ទី ៤ ហើយ​ដែល មូលនិធិ AEON 1% Club បានរៀបចំ​ឲ្យ​មានកម្ម​វិធី Teenage Ambassadors 2017 ដោយ​ប​ញ្ចូ​ន​សិស្ស​វិទ្យាល័យ​កម្ពុជា ប្រុស​ចំនួន​៨​នាក់ និង​ស្រី​ចំនួន​៨​នាក់ ឲ្យ​ទៅ​ស្នាក់នៅ​ជាមួយ សិស្ស​វិទ្យាល័យ​របស់​ប្រទេស​ជប៉ុន ដើម្បី​ស្វែងយល់​ពី​ការសិក្សា​, ការ​រស់ និង​ប្រពៃណី​របស់​ប្រទេស​ជប៉ុន​។ គោលបំណង​ចម្បង​នៃ​កម្មវិធី​នេះ​គឺ ដើម្បី​បង្កើត​នូវ​មិត្តភាព រវាង​សិស្ស​នៃ​ប្រទេស​ទាំង​២ ក៏ដូចជា​ពង្រឹង​ចំណងមិត្តភាព រវាង​ប្រទេស​ទាំង​២​ផងដែរ​។ ម្យ៉ាងវិញទៀត សិស្ស​នៃ​ប្រទេស​ទាំងពី នឹង​បាន​រៀន​ពីគ្នា​ទៅវិញទៅមក​នូវ​ប្រពៃណី​, ស្វែងយល់​ពី​ភាពខុសគ្នា ក្នុងការ​រស់នៅ​, ការគិត​, ការធ្វើ នៅក្នុង​ពិភពលោក​មួយ ដែលមាន​ចម្រុះ​ជាតិ​សាសន៍ ប្រពៃណី និង​ទំនៀម​ទំលាប់​។​

​យុវ​សិស្ស លី​គៀង បាន​ឲ្យ​ដឹង​ទៀតថា “​ក្នុង​ការដែល​បាន​ទៅ​ប្រទេស​ជប៉ុន រយៈពេល​១​សប្ដាហ៍​ហ្នឹង ខ្ញុំ​អាច​និយាយបានថា ខ្ញុំ​ទទួលបាន​បទពិសោធន៍​ច្រើន ទី​១ គឺ​ការទំនាក់ទំនង ជាមួយ​អ្នកដទៃ ដែល​យើង​អត់​ដែល​ស្គាល់​សោះ ទី​២ សម្រាប់​បទពិសោធន៍​នៅក្នុង​ថ្នាក់រៀន យើង​ទៅដល់ យើង​ដឹងថា សាលា​គេ ការរៀនសូត្រ​របស់គេ ប្រព័ន្ធ​សិក្សា​របស់គេ រៀប​យ៉ាង​មិច គឺ​ខុសពី​នៅ​ស្រុក​ខ្មែរ​យើង នៅ​ទី​នោះគេ​រៀន ១​ថ្ងៃ​ពេញ ចំណែក​យើង​រៀន​តែមួយ​ពេល​។​”

(រូបភាព៖ ​លោក ហូ​រី​ណូ​អ៊ុ​ជី ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​នៅ​ប្រទេស​កម្ពុជា )

​លោក ហូ​រី​ណូ​អ៊ុ​ជី ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានលើកឡើង​នៅក្នុង​កម្មវិធី​នោះ​ថា “​កម្មវិធី Teenage Ambassadors 2017 នេះ​មាន​អត្ថន័យ យ៉ាង​ជ្រៀលជ្រៅ​សម្រាប់​ប្រទេស​ទាំង​២ គឺ​បាន​បង្កើត​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន និង​ប្រជាជន របស់​ប្រទេស​ទាំង​២ ដែល​នាំ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ រវាង​ប្រទេស និង​ប្រទេស របស់​ប្រទេស​ទាំង​២​ផងដែរ​។​”

​លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា “​កម្មវិធី​នេះ បាន​ជួយ​ឲ្យ​សិស្សានុសិស្ស​ជប៉ុន និង​កម្ពុជា មើលឃើញ​ពិភព​ខាងក្រៅ និង​ការគិត បាន​ទូលំទូលាយ​។ ពួកគេ​អាច​សិក្សា​និង​ទទួលយក​នូវ​ភាពខុសគ្នា​, យល់ដឹង​នូវ​ភាពស្រដៀងគ្នា និង​អាច​បន្សំ​យ៉ាង​ងាយស្រួល នៅក្នុង​ស្ថានភាព​ខុសប្លែក​ពីមុន និង​កន្លែង​ដែលមាន​វប្បធម៌​ចម្រុះ​។ ”

​លោក Hiroshi Yokoo ដែលជា​ប្រធាន មូលនិធិ AEON 1% Club បាន​ឲ្យ​ដឹងថា “​មូលនិធិ AEON 1% Club បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៨៩ នៅក្នុង​ប្រទេស​ជប៉ុន ដោយ​ដកយក​ប្រាក់ចំណេញ បានមកពី​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ​របស់ AEON ទាំងអស់​ចំនួន ១% មុនពេល​បង់ពន្ធ ដាក់​ចូលមក​មូលនិធិ​នេះ ដើម្បី​ប្រើប្រាស់​ធ្វើជា សកម្មភាព​ជួយ​ដល់​សង្គម​វិញ ដោយ​ផ្ដោតទៅលើ​សកម្មភាព ៣​ធំៗ គឺ ១. សកម្មភាព​អភិវឌ្ឍន៍ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ មានការ​ថែរក្សា​បរិស្ថាន និង​ការអប់រំ ២. សកម្មភាព​ពង្រឹង​មិត្តភាព ជាមួយ​ប្រទេសជិតខាង និង ៣. អភិរក្ស​នូវ​វប្បធម៌​ចាស់ៗ ឲ្យ​បាន​គង់វង្ស សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​”

(រូបភាព៖ លោក Hiroshi Yokoo ដែលជា​ប្រធាន មូលនិធិ AEON 1% Club)

​លោក​បាន​បន្តទៀតថា “​តាមរយៈ​មូលនិធិ​នេះ សាលា​ចំនួន ១៥០ កន្លែង​ត្រូវបាន​សាងសង់ នៅ​ទូទាំងប្រទេស​កម្ពុជា ដើម្បី​ផ្ដល់​ជា​កន្លែង​សិក្សា ដល់​កុមារ​នៅក្នុង​សហគមន៍​របស់​ពួកគេ​។ តាមរយៈ​អង្គការ​យូ​នី​ស្គូ មូលនិធិ​នេះ​ចូលរួម​ផ្ដល់​ទឹកស្អាត នៅក្នុង​តំបន់​មួយចំនួន នៃ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ២០១០ មករ​ហូត​ដល់ពេលនេះ​។ កម្មវិធី Teenage Ambassadors Program ដែលជា​កម្ម​វិធិ​ផ្លាស់ប្តូ​ទស្សនៈកិច្ច រវាង​សិស្ស​វិទ្យាល័យ​នៃ​ប្រទេស​កម្ពុជា ជាមួយនិង​សិស្ស​វិទ្យាល័យ​ជប៉ុន ដែល​រហូតមក​ដល់ពេលនេះ មាន​សិស្ស​វិទ្យាល័យ​កម្ពុជា ចំនួន​១៧២​នាក់​ហើយ បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​”

​លោក Hiroshi Yokoo បាន​អះអាង​ទៀតថា តាមរយៈ​មូលនិធិ​នេះ ក៏មាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​កម្ពុជា ក្នុងការ​ទៅ​បន្ត​ការសិក្សា នៅ​មហា​វិទ្យា​ក្នុងប្រទេស​ជប៉ុន​ផងដែរ​។​

​តាមរយៈ​បទពិសោធ​របស់ យុវតី ឃៀង លី​គៀង ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី ផ្លាស់ប្តូរ​ខាងលើនេះ បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍ ចំពោះ​ការរស់នៅ​របស់​ប្រជាជន ប្រទេស​ជប៉ុន​ថា សមាជិក​នៅក្នុង​គ្រួសារ គឺ​ជួបជុំ​ញ៉ាំ​អាហារ​ពេលព្រឹក និង​អាហារ​ពេល​ល្ងាច​ជាមួយគ្នា ហើយ​ឪពុកម្ដាយ គឺ​បាន​សួរ​នាំទៅ​កូន​របស់​ពួកគេ​គ្រប់គ្នា ជា​រៀងរាល់ថ្ងៃ អំពី​ការសិក្សា​ជាដើម ខុសប្លែក​ពី​ប្រទេស​កម្ពុជា​។​

(រូបភាព៖ ​លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា)

“​ដូច​គ្រួសារ​របស់ខ្ញុំ ប៉ា​និង​ម៉ាក់​របស់ខ្ញុំ​គាត់​ជា​គ្រួ​បង្រៀន ពួកយើង​មិនសូវ​បាន​ជួបគ្នា​និយាយ ឬ​ស្ទើរតែ មិន​និយាយ​រកគ្នា​មួយ​ម៉ាត់​ផង ក្នុង​មួយថ្ងៃ​។ គឺ​ព្រឹក​ឡើង​ម្នាក់ៗ ចេញទៅ​បំពេញការងារ​រៀងៗ​ខ្លួន ហើយ​ពេល​ល្ងាច​មកដល់​ផ្ទះ​វិញ ពួកគាត់​ចូល​សម្រាក់​អស់ហើយ គឺ​ពុំ​សូវ​មាន​ពេលវេលា​អង្គុយ​ជុំគ្នា និយាយ​គ្នា​នោះទេ​” ឃាង លី​គៀង បញ្ជាក់​ឲ្យ​ដឹង​។​

“​ភាពក្លាហាន បើ​យើង​មិនដែល​ចេញទៅ​ក្រៅ​សោះ នោះ​យើង​នៅតែ​អត់​ហ៊ានៗ ធ្វើ​អ្វី​ទាំងអស់។ តែបើ​យើង​ធ្លាប់​ទៅ​ក្រៅ បើសិនជា​យើង​អត់​ហ៊ាន ដូចជា​ពេល​យើង​ឃ្លាន អត់​ហ៊ាន​សួរ​គេ មានន័យថា​យើង​អត់​ហើយ​។ ចំពោះ​ការឡើង​និយាយ​វិញ គឺ​តម្រូវ​ឲ្យ​យើង​មានចំណេះដឹង និង​ភាពក្លាហាន ប្រសិនបើ​យើង​ធ្វើបាន តែ​អត់​ហ៊ាន​ឡើង​និយាយ​ទេ គឺ​យើង​បានត្រឹមតែ​ធ្វើ​ហើយ​ទុកចោល​។ ចឹ​ង​ដើម្បី​ឲ្យ​យើង​មាន​ភាពក្លាហាន ហើយ​ត្រូវ​គិតបែបនេះ ខ្ញុំ​ចង់​មក​កន្លែង​ហ្នឹង ខ្ញុំ​មកដល់​ទី​ហ្នឹង ចឹ​ង​ខ្ញុំ​ត្រូវធ្វើ​អ្វី​ដើម្បី​តបស្នង ទៅ​ហ្នឹង​អ្វីដែល​ខ្ញុំ​ខំប្រឹង​មកដល់​កន្លែង​ហ្នឹង​” ឃៀង លី​គៀង បាន​ចែករំលែក​នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន ដល់​ទៅ​សិស្សានុសិស្ស​ផ្សេងទៀត និង​លើកទឹកចិត្ត​របស់​ពួកគេ ឲ្យ​មាន​ភាពក្លាហាន​នៅក្នុង​សង្គម​៕

(រូបភាព៖ លោក ហូ​រី​ណូ​អ៊ុ​ជី ហ៊ី​ដេ​ហ៊ី​សា និង​យុវតី ឃៀង លី​គៀង)