ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូឧទ្ទេស​ម្នាក់ ​មាន​ចម្ងល់​ បន្ទាប់ពី​ត្រូវ​គេ​ឲ្យ​ចាំ​សាលា​ម្នាក់ឯង

បាត់ដំបង ៖ លោកគ្រូ​ម្នាក់ ក្នុងចំណោម​លោកគ្រូ អ្នកគ្រូ សរុប​ប្រមាណ​ជាង ៥០ នាក់​ត្រូវបាន​គេ​ឲ្យទៅ​បង្រៀន​តែម្នាក់ឯង ស្រប​ពេលដែល​គ្រូៗ​ទាំងអស់​ត្រូវបានចាត់តាំង​ឲ្យទៅ​ធ្វើ​អនុរក្ស ក្នុង​ការប្រឡង​ជ្រើសរើស​គ្រូ​បឋម និង​គ្រូម​ត្តេ​យ្យ នៅ​ទូទាំងប្រទេស​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២៤ និង ២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ។​

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ​ គឺ​គ្រូបង្រៀន​ជាច្រើន​ ត្រូវបានតែងតាំង​ជា​អនុរក្ស​ក្នុង​ការប្រឡង​ជ្រើសរើស គ្រូ​កម្រិត​ម​ត្តេ​យ្យ​សិក្សា និង​គ្រូ​បឋមសិក្សា នៅ​ទូទាំងប្រទេស​។ ដោយឡែក​គ្រូៗ​ប្រមាណ​ជាង​៥០​នាក់ នៅក្នុង​សាលា​គរុកោសល្យ ភូមិភាគ​បាត់ដំបង​ក៏​ត្រូវបានចាត់តាំង​ជា​អនុរក្ស​ទាំងអស់​ដែរ ដោយ​នៅសល់តែ​លោកគ្រូ​ម្នាក់​គត់ ដែលមាន​នាទី​ជា​គ្រូឧទ្ទេស បង្រៀន​ផ្នែក​មុខវិជ្ជា ប្រវត្តិវិទ្យា ត្រូវបាន​ចាំ​សាលា​តែម្នាក់ឯង។​

នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន លោក អ៊ុយ ធី អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច​ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​ធ្លាប់​ប្រឡូក​ជា​គ្រូឧទ្ទេស​នៅក្នុង​សាលា​នេះ​អស់​រយៈពេល​១៨​ឆ្នាំ មកហើយ​នោះ បាន​លើកឡើងថា នៅក្នុង​ឆាកជីវិត​ជា​គ្រូបង្រៀន លោក​បាន​ប្រឹងប្រែង និង​ខិតខំ​បណ្ដុះបណ្ដាល​ដល់​គរុ​សិស្ស​បាន​១៨​ជំនាន់​ និង​បណ្តុះបណ្តាល​សិក្ខាកាម ចំនួន​១១ ជំនាន់ មកហើយ គឺ​គ្មាន​ការ​រាថយ​ឡើយ ដែល​គរុកោសល្យ​ភូមិភាគ​នេះ គឺ​ទទួល​គរុ​សិស្ស​មកពី​បណ្តា​ខេត្ត​មួយចំនួន​ដូចជា ខេត្តបាត់ដំបង​ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្ត​ប៉ៃលិន ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប​។​

លោកគ្រូ​បាន​បន្តថា កន្លងមក​ឈ្មោះ​លោក ក៏ត្រូវ​បាន​ក្រសួង ឬក៏​មន្ទីរ​ចាត់តាំង​ឲ្យធ្វើជា​អនុរក្ស​ទៅតាម​មណ្ឌល​នានា​ផងដែរ ប៉ុន្តែ​រូបលោក​ផ្ទាល់​គឺ​ធ្លាប់​អវត្តមាន​ចំនួន​ពីរដង ដោយសារតែ​កម្លាំង​ក្នុង​រាងកាយ មិន​អាចឲ្យ​រូបលោក​ធ្វើដំណើរ​ទៅតាម​ការចាត់តាំង​ដល់​ខេត្ត​ឆ្ងាយៗ​ទាំង​នោះបាន ប៉ុន្តែ​លោក​ក៏បាន​ជូនដំណឹង​ដល់​មណ្ឌល​នោះ​ផងដែរ ដើម្បី​កុំឲ្យ​ខុស​នឹង​នីតិ​វិធី ដោយ​លោក​មិន​ទទួលយក​ថវិកា​ដែលជា​របប​ក្នុងការ​ចាត់តាំង​ធ្វើជា​អនុរក្ស​នោះឡើយ។

លុះ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ទាំង​រូបលោក ក៏ដូចជា​គ្រូៗ​ដទៃទៀត​ដែរ​ បាន​រង់ចាំ​ពិនិត្យ​ឈ្មោះ​ដែល​ត្រូវ​ចាត់តាំង​ឲ្យទៅ​ធ្វើជា​អនុរក្ស​នៅ​មណ្ឌល​ណាមួយ​ ផ្ទុយទៅវិញ​ក្នុង​សាលា​គរុកោសល្យ​ភូមិភាគ​ទាំងមូល គឺ​គ្រូៗ​មានឈ្មោះ​ទាំងអស់​លើកលែងតែ​លោកគ្រូ​ម្នាក់ឯង​គត់ ដែល​គ្មាន​ឈ្មោះ​នឹង​គេ ហើយ​លោកនាយក​សាលា​សុខ ហ៊ី​ង ក៏​មិនបាន​ប្រាប់​លោក​ថា ត្រូវ​សម្រាក ឬ​ត្រូវ​មក​ចាំ​សាលា​សោះឡើយ​ដោយ​ម្នាក់ៗ​បាន​បែកផ្លូវ​ទៅតាម​នាទី​រៀងៗ​ខ្លួន​ស្ងាត់​អស់។

ទីបំផុត នៅ​ថ្ងៃទី​២៤ ខែ ឆ្នាំ​ដដែល ដែល​ត្រូវ​នឹង​ថ្ងៃ​សុក្រ លោក​ក៏បាន​ធ្វើដំណើរ​មក​បង្រៀន​ធម្មតា គឺ​អ្វី​ដែល​ធ្វើឲ្យ​លោក​ខកចិត្ត​ជាខ្លាំង​នោះ​គឺ គរុ​សិស្ស​ទាំងអស់​ត្រូវបាន​គេ​ប្រាប់​ឲ្យ​ឈប់សម្រាក ឯ​លោក​គ្មាន​អ្នក​ប្រាប់ ដូច្នេះ​វត្តមាន​នៅពេលនោះ​គឺមាន​តែ​លោក​ម្នាក់ឯង​គត់​នៅក្នុង​សាលា​គរុកោសល្យ​ភូមិភាគ បាត់ដំបង។

ម្យ៉ាងវិញទៀត ថវិកា​ដែល​រាជរដ្ឋាភិបាល​បាន​បន្ថែម​លើ​មុខងារ គឺ​គ្រូៗ​ទើបតែ​ទួលបាន​ចំនួន​៤​ខែ គឺ​ខែសីហា កញ្ញា តុលា និង​វិច្ឆិកា ដែល​នឹងត្រូវ​បើក​សរុប​នាពេល​ខាងមុខនេះ​( រ៉ា​ប៉ែល ) តែ​ត្រូវបាន​ខាង​បេឡា​សាលា​ផ្តាំផ្ញើ​មុន​រួចជាស្រេច​ថា ពេល​បើកប្រាក់​រ៉ា​ប៉ែល​ខាង​បេឡា​សុំ​ម្នាក់ ពីរ​ម៉ឺ​ន​រៀល ( ២០ ០០០ រៀល ) ដោយ​គេ​មិនបាន​បញ្ជាក់ថា ការសុំ​នេះ​យកទៅ​ធ្វើ​អ្វី​នោះឡើយ ដែល​បញ្ហា​នេះ​ធ្វើឲ្យ​លោក​មាន​ចម្ងល់​កាន់តែខ្លាំង។​

រាល់​បញ្ហា​ខាងលើនេះ លោកគ្រូ​ឧទ្ទេស​បាន​លើក​ជា​សំណួរ​ថា តើ​នេះ​គឺជា​ទណ្ឌកម្ម​អ្វី​ ដែល​ត្រូវដាក់​មកលើ​រូបលោក? ហើយ​បើ​វា​ពិតជា​ទណ្ឌកម្ម​មែន លោក​សុំ​ឲ្យ​មានការ​បកស្រាយ និង​បំភ្លឺ​ឲ្យ​លោក​បាន​ដឹងផង ព្រោះ​ការធ្វើ​បែបនេះ វា​ហាក់បីដូចជា​បាន និង​កំពុង​ជាន់ពន្លិច​ដល់​កិត្តិយស​របស់​បុគ្គលិក​សិក្សា​ផង និង​ដល់​មុខមាត់​របស់​សិស្ស​រាប់ពាន់​នាក់​ផងដែរ ព្រោះ​វា​ជា​រឿង​មួយ​ដ៏​អាម៉ាស់​ជាទីបំផុត។

ជា​ចុងក្រោយ​លោក​ក៏បាន​សំណូមពរ​ដល់ លោក​បណ្ឌិត ហង្ស ជួនណា​រ៉ុ​ន មេត្តា​ពិនិត្យ​ឡើងវិញ ទៅលើ​អ្នករៀបចំ ចាត់តាំង​ឈ្មោះ​គ្រូៗ នៅ​ទូទាំងប្រទេស ទៅលើ​ការងារ​ជា​អនុរក្ស ព្រោះ​ទង្វើ​បែបនេះ​វា​មិន​សម​ទាល់តែសោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114