ព័ត៍មានទាន់​ហេតុការណ៏
Search

កសិដ្ឋាន​ភ្ញាស់ “កូន​មាន់” មួយខែ ​អាច​រកចំណូលបានជាង ​”១ពាន់​ដុល្លារ”

កំពង់ឆ្នាំង ​៖ ម្ចាស់​កសិដ្ឋាន​ភ្ញាស់​កូន​មាន់​លក់​មួយកន្លែង ​ក្រោយពី​ត​ស៊ូអំណត់​ព្យាយាម ​ក្នុង​មុខរបរខាងលើនេះ​ អស់​រយៈពេល​៣​ឆ្នាំ​មក បានធ្វើឱ្យ​ជីវភាព​គ្រួសារ​គាត់ ​ដែល​ធ្លាប់មាន​ការលំបាក ប្រែមកជា​មានជីវភាព​ធូរធារ ដោយ​ពេល​បច្ចុប្បន្ននេះ ​ក្នុងមួយ​​ខែ ​អាច​រកប្រាក់​ចំណូល​បាន ជាង​១​ពាន់​ដុល្លារ និង​ ធ្វើ​ផ្ទះថ្ម​បាន​មួយ​ល្វែង​ រស់នៅ​សមរម្យ​នឹង​គេ​ផងដែរ។ ជាងនេះទៅទៀត ម្ចាស់កិសដ្ឋាន ក៏ត្រូវបាន​គេចាត់ទុកជា​ កសិករ​ភ្ញាស់​កូន​មាន់​គំរូ ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ​ទៀតផង​។

កសិដ្ឋាន​ភ្ញាស់​កូន​មាន់លក់ ដែលបានរៀបរាប់ខាងលើនេះ ជាកម្មសិទ្ធិរបស់ លោក ប៉ែន ចាន់ណា អាយុ​៣៩​ឆ្នាំ និង​ អ្នកស្រី ប៊ី ធី​រ៉េ​ន អាយុ​ ២៩​ឆ្នាំ ត្រូវជា​ភរិយា។ អ្នកទាំង២ សព្វថ្ងៃរស់នៅ​ក្នុងភូមិ​ក្បាលដំរី ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច។

នៅ​ព្រឹក​ថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ម្ចាស់កសិដ្ឋានខាងលើ បាន​ប្រាប់​ឱ្យដឹងថា​ សព្វថ្ងៃនេះ​ពួកគាត់​ មាន​ទូ​ពាក់កណ្តាលស្វ័យប្រវត្តិ​ ៧​គ្រឿង សម្រាប់​ភ្ញាស់​កូន​មាន់​លក់ ដែល​អាច​ភ្ញាស់​កូន​មាន់​ បានជា​មធ្យមក្នុង​មួយ​ខែ​ពី​ ២៥០០ ក្បាល ទៅ ​៣០០០​ ក្បាល។ ​ពងមាន់​ស្រែ​ពិតប្រាកដ ​គាត់​ទិញចូលក្នុងមួយ​គ្រាប់​ថ្លៃ​ពី ​៨០០​ ទៅ​ ១០០០​ រៀល រីឯ​កូន​មាន់​អាច​លក់​ចេញ​ ក្នុង​មួយ​ក្បាល​ថ្លៃ ៣៧០០​ រៀល ដោយមាន​ម៉ូយ​មកពី​តាម​បណ្តា​ខេត្ត​មួយចំនួន ក្នុងនោះរួម​មាន ខេត្តតាកែវ កំពង់ធំ កណ្តាល កំពង់ស្ពឺ ជាដើម ​បានមក​ទិញយក​ទៅ មិនដែល​នៅសល់​កូន​មាន់​ឡើយ​។


លោក ប៉ែន ចាន់ណា បានបញ្ជាក់​ឱ្យដឹងថា ការ​ភ្ញាស់​កូន​មាន់​ ក្នុង​ទូ​ពាក់កណ្តាល​ស្វ័យប្រវត្តិ ត្រូវមាន​កម្រិត​កម្ដៅ​ជា​មធ្យម​ ៤១​ អង្សា និង ​ត្រូវ​ធ្វើការ​ត្រឡប់​ពងមាន់ ​នៅក្នុង​ទូ​ជា​រៀងរាល់ថ្ងៃ ហើយ​កូន​មាន់​នឹង​ញាស់​ ក្នុង​រយៈពេល​ពី​១៨ថ្ងៃ​ ទៅ ​២១ថ្ងៃ​ ទើប​ញាស់​អស់​។ បន្ទាប់មក លោក​ត្រូវយក​កូនមាន់​ទាំងអស់នោះ​ ទៅដាក់​ក្នុង​ទ្រុង ​ដោយ​ត្រូវ​ប្រើ​អំពូល​ភ្លើង​កម្ដៅ ​ជា​រៀងរាល់​យប់​ថែមទៀត ហើយថែបំប៉ន​ចំណី​វា​ រហូតដល់​ពួកវា​មាន​អាយុ ​១០​ ថ្ងៃ ​ទើប​លក់​ចេញ​បាន​។ តែបើ​យើង​ទុក​ចិញ្ចឹម ឱ្យវា​ធំធាត់​វិញ​ គឺ​ត្រូវ​ថែបំប៉ន​ឱ្យចំ​ណី​មាន់​ លាយ​ជាមួយ​ស្រូវ រយៈពេល​៣​ខែ​ វា​នឹងមាន​ទម្ងន់ពី​ ១,២០​ គីឡូ ទៅ​ ១,៥០ ​គីឡូ​។

​​លោក ប៉ែន ចាន់ណា និង​ ភរិយា បាន​បន្តឱ្យដឹងថា​ មុខរបរ​ភ្ញាស់​កូន​មាន់​លក់​នេះ ពួកលោក​បានដំណើរការ ​៣​ឆ្នាំ មក​ហើយ  ដោយមាន​ការ​ទៅ​រៀនសូត្រ​ យក​បទពិសោធន៍​ពី​កសិដ្ឋាន​ នៅ​បណ្តាខេត្ត​មួយចំនួន និង ​ក៏មាន​ការផ្តល់​បច្ចេកទេស​ ពី​អ្នកជំនាញ​របស់​មន្ទីរ​កសិកម្ម​ ខេត្តកំពង់ឆ្នាំង ផងដែរ​។ ទន្ទឹម​នោះដែរ​ ក៏​ទាមទារ​ការតស៊ូ​ អំណត់​ព្យាយាម​ អស់​រយៈពេល​ ៣​ឆ្នាំ​មកហើយ​ដែរ ទើបទទួលបាន​ជោគជ័យ​បែបនេះ​។ ដោយឡែក​ នៅថ្ងៃខាងមុខ លោក​ក៏មាន​គម្រោង​ចិញ្ចឹម​មាន់​មេ ដោយ​ខ្លួនឯង​ សម្រាប់​យកពងមក​ភ្ញាស់ ​យក​កូន​លក់​ផងដែរ​។

​​ម្ចាស់​កសិដ្ឋាន​ភ្ញាស់​កូន​មាន់​លក់ បាន​បញ្ជាក់​ឱ្យដឹងថា​ ពីមុនមក​លោក​ជា​កសិក​រ​ធ្វើ​ស្រែតែប៉ុណ្ណោះ ក្រោយពី​ចាប់យក​មុខរបរ​ភ្ញាស់​កូន​មាន់​លក់​មក ​និង​ដោយ​ការខិតខំ​តស៊ូ​ រយៈពេល​៣​ឆ្នាំ​មកនេះ គ្រួសារ​លោក​ មានធនធានអាចធ្វើបាន​ផ្ទះថ្ម បាន​មួយ​ល្វែង​រស់នៅ​សមរម្យ​នឹង​គេ ហើយក៏​អាច​រកប្រាក់​ចំណូល​ បានគ្រាន់បើ​ផងដែរ​ សម្រាប់​លើកស្ទួយ​ ជីវភាព​រស់នៅ​ផងដែរ​។


​​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​ បានឱ្យដឹងថា​ លោក ប៉ែន ចាន់ណា និង​ ភរិយា គឺពិតជា​កសិករ​គំរូ​នៅក្នុង​ខេត្ត ដែល​កសិករ​ផ្សេងទៀត​ គួរ​តែ​យក​ជា​គំរូ​ និង រៀន​សូត​តាម ព្រោះថា​គ្រួសារ​លោក​ ពិតជា​ខិតខំ​តស៊ូ​រៀនសូត្រ​ណាស់ ​នៅក្នុង​មុខរបរ​នេះ ដែលសព្វថ្ងៃនេះ​ លោកមា​ន​បច្ចេកទេស ​អាច​ភ្ញាស់​កូន​មាន់​លក់បាន ​ក្នុង​មួយខែ​បានកំរៃ ​ជាង​១​ពាន់​ដុល្លារ និង​ មាន​ទីផ្សារ​លក់​ចេញ​ បានល្អ​ទៀតផង ដែល​មន្ទីរ​កសិកម្ម​ខេត្ត​សង្ឃឹមថា នៅពេលខាងមុខនេះ​ ក្នុងពេល​ប្រឡង​ថ្នាក់ជាតិ លោក ប៉ែន ចាន់ណា អាច​នឹង​ក្លាយជា​កសិករ​គំរូ ទូទាំងប្រទេស​ទៀតផង​៕