ព័ត៍មានទាន់​ហេតុការណ៏
Search

វ៉ាន់ នី​ឡា អវត្តមាន​ថ្ងៃ​ពិសេស​បងប្រុស​ព្រោះតែ​…..!

ភ្នំពេញ ​៖ ​នៅ​ក្នុង​ពិធីជប់លៀង​មង្គល​ការ​របស់​កវីនិពន្ធ​ និង​ជា​អ្នកដឹកនាំ​សម្ដែង​លោក សុខ ជំនោ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា គេ​សង្កេតឃើញ​មាន​​​តារា​សម្ដែង ចម្រៀង ​និង​កំប្លែង​ល្បី​ៗ​ជាច្រើន​បាន​បង្ហាញ​វត្តមាន​ចូលរួម​អបអរ​បង្ក​បរិយាកាស​សប្បាយរីករាយ​ខ្លាំង។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកចូលរួម​មានការ​ងឿង​ធ្ងន់​នោះ​ នៅ​ត្រង់ថា​ ពុំ​ឃើញ​វត្តមាន​តារា​ចម្រៀង​ស្រី​កញ្ញា​ វ៉ាន់ នី​ឡា ចូលរួម​ឡើយ។

មង្គលការ​របស់​លោក សុខ ជំនោ បាន​រៀបចំ​ធ្វើឡើង​យ៉ាង​អធិកអធម​ ដោយ​បាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​សុទ្ធ​សឹង​តារា​សិល្បៈ​ល្បី។ មិនតែប៉ុណ្ណោះ​លោក សុខ ជំនោ ក៏បាន​ចំណាយ​លុយ​អស់​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​ ដើម្បី​រៀបចំ​ពិធី​មង្គលការ​របស់​ខ្លួន​ មិន​ចាញ់​តារា​ប្រុស​-​ស្រី​ឯទៀត​ឡើយ។

ដោយឡែក​ជាការ​កត់សម្គាល់​នៅ​ថ្ងៃ​ពិសេស​របស់​លោក សុខ ជំនោ នេះ​ដែរ​បែរ​ជា​បាត់​វត្តមាន​របស់​តារា​ចម្រៀង​ស្រី​ដែល​ត្រូវជា​ប្អូនបង្កើត​គឺ​កញ្ញា វ៉ាន់ នី​ឡា រហូត​មាន​អ្នកចូលរួម​ជាច្រើន​បាន​លើក​ជា​សំណួរ​ថា តើ​ហេតុអ្វី​បានជា​មិនឃើញ​វត្តមាន​របស់​កញ្ញា វ៉ាន់ នី​ឡា ចូលរួម​មង្គលការ​របស់​បងប្រុស​ខ្លួន​បែបនេះ។

ជា​ចម្លើយ​ត្រូវ​បាន​តារា​ស្រី​កញ្ញា វ៉ាន់ នី​ឡា​បញ្ជាក់​ថា ​ការ​មិន​មាន​វត្តមាន​របស់​នាង​នៅក្នុង​ថ្ងៃ​មង្គលការ​របស់​បងប្រុស​នោះ​ក៏​ព្រោះតែ​ខ្លួន​មាន​ភារកិច្ច​ចាំបាច់​ចេញទៅ​ប្រទេស​បារាំង។​ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​នាង​មិនបាន​ចូលរួម​អបអរ​ថ្ងៃ​ពិសេស​របស់​បងប្រុស។ ប៉ុន្តែ​យ៉ាងណា​ខ្លួន​នាង​ក៏បាន​ជូនពរ​ដល់​ប្រុស ​និង​ភរិយា​ហើយ​ផង​ដែរ។

សូម​បញ្ជាក់​ថា​ អ្នកនិពន្ធ​ល្បីឈ្មោះ​លោក សុខ ជំនោ បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​ភរិយា​មាន​រយៈពេល​ប្រមាណ​២​ឆ្នាំ​ ហើយ​ចំណង​អាពាហ៍ពិពាហ៍​នេះ ​ក៏បាន​ផ្តើម​ឡើង​ពី​ការយល់​ចិត្ត​គ្នា​រវាង​អ្នក​ទាំងពីរ​ក្រោយពេល​ព្យាយាម​ប្រើ​ពេលវេលា​សិក្សា​ចិត្ត​បំណិត​គ្នា​ហើយ​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114