ព័ត៍មានទាន់​ហេតុការណ៏
Search

រយៈពេល​ពីរថ្ងៃ​ នគរបាល​ខណ្ឌឫស្សីកែវ​ បង្ក្រាប​គ្រឿងញៀន​៣​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ រកឃើញ​គ្រឿងញៀន​៧៤​កញ្ចប់​

ភ្នំពេញ ​៖ ជនសង្ស័យ​ចំនួន​៣​នាក់​ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ សហការ​ជាមួយ​កម្លាំងនគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក ​និង​ ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​១ ​ធ្វើការ​ស្រាវជ្រាវ​ពីរ​ថ្ងៃ​ និង ឃាត់ខ្លួន​ជនសង្ស័យជា​បន្តបន្ទាប់​បាន​៣​នាក់ ឆែកឆេរ​រកឃើញ​ថ្នាំញៀន ​៧៤ ​កញ្ចប់​តូច​។​

នគរបាល​និយាយថា​ ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ នៅ​ថ្ងៃទី​២៥ ​និង ​២៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ជាតិ​លេខ​៥ ​ត្រង់ចំណុច​ផ្ទះជួល​សង្កាត់​ស្វាយប៉ាក​ និង​ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សី​កែវ​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ ១-​ឈ្មោះ កាល​ហ្វា​រី​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ​(ជួញដូរថ្នាំញៀន​) ទី​២-ឈ្មោះ ​ង្វៀង​យាំង​ហា ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ​ជនជាតិ​វៀតណាម​នៅផ្ទះជួល​ក្រុមទី​៧ ​ភូមិ​លូ​សង្កាត់​ស្វាយប៉ាក ​ខណ្ឌឫស្សីកែវ ទី​៣​ឈ្មោះ នី ចរិយា ភេទ​ស្រី ​អាយុ២៦ឆ្នាំ ស្នាក់នៅ​ផ្សារ​តា​ប៊ុន ក្រុមទី​៤​ ភូមិ​លូ​ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ។​

​សមត្ថកិច្ច​បានឱ្យដឹង​បន្ថែមថា​ នៅវេលា​ម៉ោង​ខាងលើ​ កម្លាំង​ល្បាត​របស់​ខណ្ឌ​ឫស្សី​កេវ​ ​សហការ​ជាមួយ​ប៉ុស្តិ៍​ស្វាយប៉ាក ប្រទះឃើញ​ជនសង្ស័យ​ម្នាក់ក៏​ឃាត់ខ្លួន​សាក​សួរ​ ឆែកឆេរ​​រក​ចំនួន​៣​ករណី​ផ្សេងគ្នា​ជា​បន្តបន្ទាប់ ​រកឃើញ​ម្សៅ​​សារធាតុ​ញៀន​ចំនួន​៧៤​កញ្ចប់​តូច ​រួច​សមត្ថកិច្ចយើង​បាន​ឃាត់ខ្លួន​យកមក​ប៉ុស្តិ៍នគរបាល​ស្វាយប៉ាក​ ធ្វើការ​សាកសួរ​បន្ត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​៣​នាក់ខាងលើ​ និង ​វត្ថុតាង​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅអធិការដ្ឋាន​ខណ្ឌ​ឫស្សី​កែវ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114