ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​ចម្រុះ​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ ដែល​លួច​ប្រព្រឹត្ត​តាម​ដៃទន្លេ

បាត់ដំបង ​៖​ ស្បៃ​មង​រាប់ពាន់​ម៉ែត្រ​ ដែល​ក្រុម​ឱកាសនិយម​ តែងតែ​លួច​ឆ្មក់​ដាក់​ពង្រាយ​ដើម្បី​ចាប់​យក​ត្រី​គ្រប់​ប្រភេទ​នៅ​តាម​ដៃទន្លេ​សាប ​ ត្រូវ​បាន​កម្លាំង​ចម្រុះ​ ចុះ​ធ្វើការ​បង្ក្រាប​ ព្រមទាំង​ដុត​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​ផង​ដែរ ខណៈ​​​ជន​មិន​ស្គាល់​មុខ​ បាន​លប​ដាក់​ពង្រាយ​ក្នុង​តំបន់​បឹង​ទន្លេសាប។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​ ក្រោយពី​ទទួល​បាន​បទបញ្ជា​ពី​លោក ឧត្ដមសេនីយ៍ទោ​ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​នោះ​, លោក វរសេនីយ៍ទោ ប្រាក់ ធី នាយរង​ការិយាល័យ​ នគរបាល ​សេដ្ឋកិច្ច​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត និង​នគរបាល​ស្រុក​មោងឫស្សី ចំនួន​១៥​នាក់​ សហការ​​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ កម្លាំង​សង្កាត់​រដ្ឋបាល​ជលផល កងរាជអាវុធហត្ថ ​ តំបន់​ប្រតិបត្តិការ​សឹក​រង និង​សហគមន៍​នេសាទ​ បាន​ចេញ​ប្រតិបត្តិការ​ចុះ​ពិនិត្យ​ទីតាំង​មួយ​ចំនួន ​ដែល​មាន​ការ​លប​លួច​ដាក់​ពង្រាយ​ស្បៃ​មង​ដើម្បី​ចាប់​កូន​ត្រី។

នៅ​ក្នុង​កិច្ចប្រតិបត្តិការ​នោះ​ កម្លាំង​ចម្រុះ​ បាន​ប្រើប្រាស់​កាណូត​ចំនួន​១០​គ្រឿង​ក្នុង​ការ​រុករក​បទ​ល្មើស​នេសាទ​លើ​ដែនទឹក​ ដោយ​​បាន​​ចុះទៅ​កាន់​ចំណុច​ បាក់​ស្នរ​ ចំណុច បឹង​ផ្តូ​ល​ខ្ពស់ និង​ចំណុច ត្រែង​ធ្នង់ ក្នុង​ភូមិ​សាស្ត្រ ឃុំ​ជ្រៃ នឹង​ឃុំ​ឫស្សី​ក្រាំង​ ដែល​ទីតាំង​ខាងលើនេះ ម្ចាស់​បានគេច​ខ្លួន​អស់​ទៅ​ហើយ មុន​ពេល​កម្លាំង​ទៅដល់។

ជា​លទ្ធផល លោក​អនុសេនីយ៍ឯក ស គឹម​ឡុង អធិការ​ស្តីទី នៃ​អធិការដ្ឋាន នគរបាល​ ស្រុក​មោងឫស្សី បាន​អះអាង​ថា សមត្ថកិច្ច​ចម្រុះ បាន​កម្ទេច​សាច់​មង បាន​ប្រវែង​៥ ២០០ ម៉ែត្រ ឡុ​ក​ចំនួន​៧ បង្គោល​ចំនួន ១ ៩០០ ដើម និង​រំដោះ​កូន​ត្រី ក្នុង​បាន​២៥០​គីឡូក្រាម​ ចំពោះ​សម្ភារៈ​ខាងលើ ត្រូវ​បាន​កម្លាំង​ចម្រុះ​ដុត​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង៕