ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ ៖​ បរិបទ​សង្គម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សហរដ្ឋអាមេរិក មិន​ខុសគ្នា​នោះ​ទេ

ភ្នំពេញ​ ៖ លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ថា បរិបទ​សង្គម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សហរដ្ឋអាមេរិក មិន​ខុសគ្នា​ប៉ុន្មាន​នោះ​ទេ ពីព្រោះ​ទន្ទឹម​នឹង​ការឡើង​កាន់អំណាច​រប​ស់លោក ដូ​ណា​ល់ ត្រាំ នគរបាល និង​កម្លាំង​ការពារជាតិ បាន​ចាត់វិធានការ​ក្តៅគគុក ក្នុងការ​បង្ក្រាប​ក្រុមបាតុករ និង​កុប្បកម្ម​ប្រឆាំង​ផ្សេងៗ ដើម្បី​ឲ្យ​ការចូល​កាន់តំណែង​ទទួលបាន​ជោគជ័យ ទោះយ៉ាងណា ដូ​ណា​ល់ ត្រាំ កំពុងតែ​ប្រឈម​នឹង​មហាសេដ្ឋី Tom Stayer ដែល​កំពុង​ស្វះ​ស្វែងរក​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​អាមេរិកាំង ក្នុងការ​ប្ដឹងទៅ​កាន់​តុលាការ​កំពូល​អាមេរិក ដើម្បី​បណ្ដេញ​លោក​ចេញពី​តំណែង​ផងដែរ។

លោក ផៃ ស៊ី​ផាន រៀបរាប់ថា លោកជំទាវ Hellery clinton ជា​បេ​ក្ខ​នារី​ប្រធានាធិបតី​អាមេរិកាំង​ចាញ់ឆ្នោត បាន​អំពាវនាវ​ជា​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិកាំង​ទាំងមូល​គាំទ្រ​បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​៤៥ លោក ដូ​ណា​ល់ ត្រាំ និង​បានទទួល​ស្គាល់​នូវ​ជោគជ័យ ហើយ​ស្វាគមន៍​ការសម្រេចចិត្ត​របស់​ព​ល​រដ្ឋ​អាមេរិកាំង​ភាគច្រើន ក្នុងការ​ជ្រើស​យក​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ លោក​បញ្ជាក់ថា នេះ​ជាការ “​បើក​បេះដូង​ស្វាគមន៍​” បើទោះបី​មានរឿង​អាស្រូវ​នៃ​ការបោះឆ្នោត ឬ​លទ្ធផល​នៃ​ការបោះឆ្នោត​យ៉ាងណាក៏ដោយ គឺ​សាធារណជន​មិនបាន​ឮ​ពាក្យ ឬ​ឃើញ​សកម្មភាព​លោកជំទាវ ដឹកនាំ​ធ្វើពហិការ​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត ឬ​មិន​ទទួលស្គាល់​សេចក្តីសម្រេច​របស់​ស្ថាប័នរដ្ឋ​ណាមួយ​ឡើយ។

តាម​លោក ផៃ ស៊ី​ផាន “​ការ​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​នៅ​វិមាន​ស​ (White house ) បានធ្វើ​ឡើង​តាម​ប្រតិទិន​កំណត់​ជាក់​លាក់​ និង​ទៀងទាត់​របស់​ច្បាប់​សហរដ្ឋអាមេរិក​។​

នគរបាល និង​កម្លាំង​ការពារជាតិ ( National guard) បានចេញ​សេចក្តីថ្លែងការណ៍ និង​ចាត់វិធានការ​ក្តៅគគុក ក្នុងការ​បង្ក្រាប​ក្រុមបាតុករ និង​កុប្បកម្ម​ប្រឆាំង នឹង​ការចូល​កាន់តំណែង​រប​ស់លោក​ប្រធានាធិបតី ដោយបាន​លើកឡើងថា “​ត្រូវតែ​បង្ក្រាប​គ្រាប់​មធ្យោបាយ​ចំពោះ​ការជួប​ជុំគ្នា​ខុសច្បាប់​”​។ នៅ​ទីបញ្ចប់​ការស្បថ​សច្ចាប្រណិធាន​ចូលកាន់​មុខតំណែង​ប្រធានាធិបតី​របស់លោក ដូ​ណា​ល់ ត្រាំ បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ តាម​ប្រតិទិន​ទៀងទាត់ ដែល​កំណត់ដោយ​ច្បាប់ និង​រលូន​តាម​នីតិវិធី​ដែល​បាន​ព្រៀងទុក​”​។

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​រូបនោះ​អះអាងថា នីតិរដ្ឋ​បាន​ដើរតួ​សំខាន់បំផុត ក្នុង​ចំណាត់​ការរក្សា​សណ្តាប់ធ្នាប់​លទ្ធិប្រជាធិបតេយ្យ​។ ក្នុង​ពិធី​ចូលកាន់​តំណែង​នេះ លោក​ប្រធានាធិបតី​អាមេរិក​ទី​៤៥ ដូ​ណា​ល់ ត្រាំ បានធ្វើ​សច្ចាប្រណិធាន តាម​បង្គាប់​របស់​ចៅក្រម ដែលជា​ប្រធាន​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក (Supreme Court chief justice John Roberts) ហើយ​វិធានការ​ផ្លូវច្បាប់​មួយទៀត ក៏បាន​ដាក់​សម្ពាធ​អោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បញ្ឈប់ និង​បណ្ដេញ​ចេញពី​តំណែង​នូវ​មន្ត្រី​របស់​ខ្លួន​មួយ​ចំនួន ដែល​ទទួលរង​ការចោទប្រកាន់​ពី​បទ​ឃុបឃិត​ពាក់ព័ន្ធ​នយោបាយ​ជាមួយ​ប្រទេស (​រុស្ស៊ី​) ក្នុង​ការងារ​បោះឆ្នោត។ លោក​បន្តថា ទោះបី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទទួល​បាន​តំណែង​តាមរយៈ​ឆន្ទៈ នៃ​ជម្រើស​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​អាមេរិកកាំង​ភាគច្រើន​ក្ដី ក៏​លោក​កំពុងតែ​ប្រឈម​នឹង​មហាសេដ្ឋី Tom Stayer ដែល​កំពុង​ស្វះ​ស្វែងរក​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​អាមេរិកាំង (​ឥឡូវ​បាន​ជាង​១​លាន​នាក់​) ក្នុងការ​ប្ដឹងទៅ​កាន់​តុលាការ​កំពូល​អាមេរិក ដើម្បី​បណ្ដេញ​លោក​ចេញពី​តំណែង​ប្រធានាធិបតី ដែលជា​តំណែង​កើតចេញពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ផ្ទាល់​នោះ​។ នេះ​ជា​យន្តការ និង​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ នៃ​បទពិសោធន៍​មួយ​របស់​អាមេរិក ក្នុង​កិច្ចធានា​សង្គម​ប្រជាធិបតេយ្យ សណ្ដាប់ធ្នាប់ សន្តិសុខ​សង្គម និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។​

ងាក​មក​បរិបទ​នៅ​កម្ពុជា លោក ផៃ ស៊ី​ផាន លើកឡើងថា ក៏​មិនមាន​អ្វីៗ​ខុសគ្នា​ឆ្ងាយ​ពីគ្នា​នោះដែរ រវាង​សិទ្ធិ​ឆន្ទៈ តំណែង​នៅក្នុង​បរិបទ​នយោបាយ គឺ​តុលាការ​កំពូល​មានអំណាច​ឈរ​នៅលើ​មូលដ្ឋាន​ច្បាប់ ដែល​ធ្វើការ​វិនិច្ឆ័យ​ចំពោះ​អង្គហេតុ សម្រេច​តាម​អង្គច្បាប់ និង​កម្រិត​ជោគវាសនា​គណបក្ស​នយោបាយ ឬ​បុគ្គល​នយោបាយ​ណាមួយ​នោះ គឺ​ប្រជាពលរដ្ឋ​មាន​កាតព្វកិច្ច​បោះ​ឆ្នោត​ជ្រើសរើស កសាង និង​ការពារជាតិ​មាតុភូមិ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ ក៏មាន​អំណាច​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​តា​មរយៈ​ស្ថាប័នរដ្ឋ ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ (​រដ្ឋាភិបាល សភា និង​តុលាការ​)​។​

ឆ្លើយតប​នឹង​ការ​កៀរគរ​កម្លាំង​នយោបាយ នៅក្រៅ​ប្រទេស​គ្រប់​រូបភាព រាប់ទាំង​ការរៀបចំ​ធ្វើបាតុកម្ម​នៅក្រៅ​ប្រទេស ប្រឆាំងនឹង​សាលដីកា ឬ​ការវិនិច្ឆ័យ​របស់​តុលាការ​កំពូល​កម្ពុជា ដែល​បានសម្រេច ដោយ​បិទផ្លូវ​នៃ​ការ​តវ៉ា​ផង​នោះ គឺជា​ការ​បាច​អង្កាម​បញ្ច្រាស​ខ្យល់​តែប៉ុណ្ណោះ ហើយ​ជា​ហេតុផល​ពិតប្រាកដ​មួយ​ក្នុងការ​ប្រឆាំងនឹង​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​គោលការណ៍​អនុវត្ត​របប​ប្រជាធិបតេយ្យ ហើយ​បំណង​នេះ ក៏​ពុំមាន​លទ្ធភាព និង​សម្រេច​ដល់​គោលដៅ​បាន​នោះឡើយ ហើយ​នេះ​មិន​ត្រឹមតែ​ប្រឆាំង​និង​ក្រឹត្យក្រម​ប្រជាធិបតេយ្យ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​អាច​ចាត់ទុកថា ជាការ​ប្រឆាំង​នឹង​គោលការណ៍​ប្រជាធិបតេយ្យ​សកល​ផងដែរ​។​
ដោយឡែក​ទាក់ទង​នឹង​ការ​ខ្វាយខ្វល់ ការ​បារម្ភ​ដ៏​ធំធេង​របស់​ប្រទេស​ជា​មិត្ត​នោះ លោក ផៃ ស៊ី​ផាន អះអាងថា ដោយសារតែ​ប្រទេស​ជា​មិត្ត​ទាំងនោះ ពុំ​ទទួលបាន​ព័ត៌មាន​ពិត និង​គ្រប់​ជ្រុងជ្រោយ ហើយ​បានចេញ​សេចក្តីថ្លែងការណ៍ ដែលជា​វិធាន​បឋម​ក្នុងការ​គ្រប់គ្រង​ស្ថានភាព ឬ​គ្រាន់តែ​ជា​នយោបាយ​សម្រួល​ផ្លូវចិត្ត​ដល់​អ្នកទទួល​ការបាត់​បង់​តំណែង និង​ឱកាស​នយោបាយ​ពី​របប​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ ហើយ​កម្ពុជា​ស្វាគមន៍​រាល់​ទស្សនកិច្ច និង​តំណាង​ប្រជាជាតិ​ជា​មិត្ត ហើយ​ប្រទេស​ជា​មិត្ត​ទាំងអស់នោះ ក៏​មិនអាច​ដើរ ឬ​គូសវាស នៃ​មាគ៌ា​ប្រជាធិបតេយ្យ​ខុសពី​មូលដ្ឋាន​គ្រឺះ​នោះឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114