ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងការបរទេស​ សម្រេច​លុបចោល​លិខិតឆ្លងដែន​ផ្លូវការ​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​៥៦​រូប

ភ្នំពេញ ​៖ ក្រសួងការបរទេស និង​សហការ​អន្តរជាតិ បាន​សម្រេច​លុបចោល​លិខិតឆ្លងដែន​ផ្លូវការ​របស់​អតីតមន្ត្រី​ជាន់ខ្ពស់ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៦​រូប ដែល​បាន​បាត់បង់​សិទ្ធិ និង​តំណែង​របស់​ខ្លួន ក្រោយពី​តុលាការ​កំពូល​បានសម្រេច​រំលាយ​គណបក្ស​នេះ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា កន្លងទៅ នេះ​បើ​យោង​តាម​លិខិត​ជូនដំណឹង​របស់​ក្រសួងការបរទេស​កាល​ពីថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។

តាម​លិខិត​ជូនដំណឹង​ដល់​ស្ថានទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​បរទេស ជា​ភាសា​អង់គ្លេស (​ប្រែ​ក្រៅផ្លូវការ​) ស្តីពី​ការ​មោឃភាព​លើ​លិខិតឆ្លងដែន​ផ្លូវការ​របស់​អតីតមន្ត្រី​ជាន់ខ្ពស់ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៥៦​រូប លើក​ឡើង​ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា មាន​កិត្តិយស​ជូនដំណឹង​ចំពោះ​មន្ត្រី​បេសកកម្ម​ការទូត និង​កុងស៊ុល​ទាំងអស់ ដែល​បានទទួល​ស្គាល់​ដោយ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ការ​មោឃភាព​លិខិតឆ្លងដែន​ផ្លូវការ​ចំនួន​៥៦​រូប ដែលមាន​ឈ្មោះ​ខាងក្រោម​។

ទាក់ទង​បញ្ហា​នេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧​ថា ជា​គោលការណ៍​របស់​ក្រសួងការបរទេស​កម្ពុ​ជា អ្នក​ដែល​កាន់​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ​នៅ​ពេល​បាត់បង់​តួនាទី ឬ​បាត់បង់​សិទ្ធិ​ក្រសួងការបរទេស​កម្ពុ​ជា​តែងតែ​ជូនដំណឹង​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ស្ថានទូត​នៅ​បរទេស​អំពី​ការលុបចោល​នូវ​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ​ទាំងនោះ រួម​ទាំង​មន្ត្រីរាជការ​នៅតាម​ក្រសួង មន្ទីរ ស្ថាប័នរដ្ឋ​ទាំងអស់ ហើយ​ក្នុងនោះ​ក៏មាន​មន្ត្រីរាជការ​របស់​សួង​ការបរទេស​ផងដែរ។

តាម​លោក ជុំ សុន្ទរី មន្ត្រី​ការ​ទូត និង​បុគ្គលិក​ការទូត​នានា ដែល​ប្រើ​លិខិតឆ្លងដែន​ផ្លូវការ នៅពេល​បញ្ចប់​បេសកកម្ម ឬ​ផុត​អាណត្តិ​ការងារ ក្រសួង​តែងតែ​ប្រកាស​អំពី​ការលុបចោល​នូវ​លិខិតឆ្លងដែន​ផ្លូវការ​ទាំងនោះ ហើយ​ការងារ​ក្រសួង​តែងតែ​ធ្វើជា​ប្រក្រតី​។ លោក​បញ្ជាក់​ថា លិខិតឆ្លងដែន​ធម្មតា ជា​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ហើយ​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ ជា​សមត្ថកិច្ច​ក្រសួងការបរទេស ដូច្នេះ​ទាក់ទង​នឹង​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ គឺ​ក្រសួងការបរទេស​ជា​អ្នក​ប្រកាស​លុបចោល​នូវ​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ​របស់​បុគ្គល​ដែល​បាត់បង់​សិទ្ធិ ក្នុងនោះ​រួមទាំង​មន្ត្រីរាជការ​ផងដែរ។

សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល ដែល​ជា​តុលាការ​ជាន់ខ្ពស់​បំផុត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ ហើយ​សេចក្តីសម្រេច​នេះ ជា​សេចក្តីសម្រេច​បិទ​ផ្លូវ​តវ៉ា ដែល​សេចក្តីសម្រេច​នោះ គឺ​ទី​១, ទទួលស្គាល់​ពាក្យ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ទុកជា​ត្រឹមត្រូវ​តាម​ទម្រង់ និង​គតិ​ច្បាប់ ទី​២- ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ពី​ថ្ងៃនេះ​តទៅ ទី​៣-​ប្រកាស​ហាមឃាត់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ក្នុង​រយៈពេល​៥​ឆ្នាំ និង​ទី​៤- សេចក្តីប្រកាស​នេះ​ធ្វើ​ឡើងជា​សាធារណៈ ហើយ​សេចក្តីសម្រេច​នេះ​បិទផ្លូវ​តវ៉ា​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114