ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​បរទេស ជួយ​អន្តរា​គមន៍​ពលរដ្ឋ​ខ្មែរ​១៧​នាក់

ភ្នំពេញ ​៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​កាលពី​ថ្ងៃ​១១​កើត ខែ​មិគសិរ ឆ្នាំរកា ព​.​ស​. ២៥៦១ ត្រូវ​នឹង​នៅ​ថ្ងៃ​ពុធ ទី​២៩ ខែវិច្ឆិកា គ​.​ស​.២០១៧​ថា ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ទីក្រុង​ហូជីមិញ ជួយ​អន្តរា​គម​ន៍​ពលរដ្ឋ​ខ្មែរ​ចំនួន​១៧​នាក់ បាន​ត្រឡប់មក​កម្ពុជា​វិញ​។

តាម​លោក ជុំ សុន្ទរី ករណី​ទី​១. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​៤​នាក់ តាម​សំណើ​របស់​សាមី​ខ្លួន ដែល​ពលករ​ខ្មែរ​ទាំងនោះ​មាន ទី​១, ពល​ការិនី លឿង ធីតា អាយុ​៣០​ឆ្នាំ មកពី​ខេត្ត​ក្រចេះ បានធ្វើ​ដំណើរ​ទៅ​ម៉ាឡេស៊ី​ដោយ​ខ្លួនឯង និង​បាន​ធ្វើ​ការងារ​តាម​ផ្ទះ នៅ​ឆ្នាំ​២០១២ ប៉ុន្តែ​បាន​ឈប់​ពី​ការងារ​នៅ​ឆ្នាំ២០១៦ បន្ទាប់ពី​សម្រាល​កូនស្រី​ម្នាក់ ទី​២, ពលករ ឡឹប ដា​រី​ហ្វី​ន អាយុ​៣០​ឆ្នាំ មកពី​ខេត្តបាត់ដំបង បាន​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​ឈើ​នៅ​រដ្ឋ Selangor ប្រទេស​ម៉ាឡេស៊ី ក្នុង​ឆ្នាំ​២០១៤ តាមរយៈ​មេខ្យល់ ទី​៣, ពល​ការិនី​ឈ្មោះ ម៉េង ខ្លី អាយុ​២៣​ឆ្នាំ មកពី​ខេត្ត​កំពង់ចាម បាន​ទៅ​ម៉ាឡេស៊ី ធ្វើការ​ជា​អ្នក​បោសសំអាត នៅ​ឆ្នាំ​២០១៥ តាមរយៈ​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា​។ នាង​បាន​ស្នើសុំ​ស្ថានទូត​ជួយ​ទាមទារ​ប្រាក់ខែ​ដែល​ខ្វះ​ពី​និយោជក ហើយ​ក្រោយ​ស្ថានទូត​ធ្វើ​អន្តរាគមន៍ ពល​ការិនី​បានទទួល​ប្រាក់ខែ គ្រប់​ចំនួន​និង​លិខិតឆ្លងដែន​វិញ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។

លោក ជុំ សុន្ទរី បញ្ជាក់​ថា ស្ថានទូត​បាន​ចេញ​លិខិត​ធ្វើដំណើរ និង​សម្របសម្រួល​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ី ហើយ​ពលរដ្ឋ​ខ្មែរ​ទាំង​៤​នាក់ បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​ចុងខែ​វិច្ឆិកា​នេះ​។

ករណី​ទី​២. ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ បាន​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​១៣​នាក់ ដែល​ចូលទៅ​ស្នាក់នៅ និង​ប្រកប​របរ​លក់​ឆ្នោត​នៅ​វៀតណាម​។ ពលរដ្ឋ​ទាំងនោះ មកពី​ខេត្តស្វាយរៀង មាន​អាយុ​ចន្លោះ​ពី​១​ឆ្នាំ​ដល់​៧០​ឆ្នាំ (​កុមារ​ចំនួន​៨​នាក់​) ហើយ​អាជ្ញាធរ​វៀតណាម​បានរៀបចំ​អោយ​ស្នាក់នៅ​បណ្តោះ​អាសន្ន​ក្នុង​មជ្ឈមណ្ឌល​គាំពារ​សង្គម​ទីក្រុង​ហូជីមិញ មុន​ពេល​បញ្ជូនមក​ស្ថាន​អគ្គ​កុងស៊ុល​។

ស្ថាន​អគ្គ​កុងស៊ុល បាន​ជូន​ពលរដ្ឋ​ទាំង​១៣​នាក់ មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ តាម​ច្រក​ទ្វារព្រំដែន​អន្តរជាតិ​បាវិត ដើម្បី​ប្រគល់​ជូន​អាជ្ញាធរ​កម្ពុជា ចាត់ចែង​បញ្ជូន​បន្តទៅ​ស្រុកកំណើត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114