ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ក្នុង​ពិធីសូត្រមន្ត​ក្រុង​ពាលី​នៃ​បុណ្យ​បួងសួង​សុំ​សេចក្តីសុខ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា

សៀមរាប ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ពិធីបួងសួង​សុំ​សេចក្ដីសុខ ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា នៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅ​ថ្ងៃទី ២​និង​ទី ៣ ខែធ្នូ ឆ្នាំ ២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

នៅ​រសៀល​ថ្ងៃទី ២ ខែធ្នូ​នេះ ​នៅមុខ​ប្រាសាទអង្គរវត្ត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​នៅក្នុង​ពិធី​ក្រុង​ពាលី​ដោយ​បាន​ប្រព្រឹត្ត​ទៅតាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា។ នៅក្នុង​ពិធី​នោះ​ក៏មាន​ការចូលរួម​របស់​មន្ត្រី​រាជរដ្ឋាភិបាល និង សមាជិក​សមាជិកា​រដ្ឋ​សភា​ព្រឹទ្ធសភា។ ក្នុង​នោះគេ​សង្កេតឃើញ​មាន​វត្តមាន​របស់​តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​សម្ដេច​ក្រុមព្រះ​នរោត្តមរណឫទ្ធិ​ចូលរួម​ផងដែរ។​

បន្ទាប់ពី​ពិធី​ក្រុង​ពាលី សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​ដែល​មាន​ព្រះសង្ឃ​ចំនួន​ព្រះសង្ឃ ៥០០​អង្គ នៅមុខ​ប្រាសាទអង្គរវត្ត។

លុះ​នៅ​ព្រឹក​ថ្ងៃទី ៣​ធ្នូ នេះ ក៏មាន​ពិធី​បួងសួង​សុំ​សេចក្តីសុខ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បន្ទាប់មក​ក៏មាន​ពិធី​រាប់បាត្រ​​​​​ព្រះសង្ឃ ៥​ពាន់​អង្គ ដែល​និមន្ត​មកពី​ខេត្តសៀមរាប និង​មកពី​បណ្ដា​ខេត្ត​ផ្សេង ដែលមាន​ព្រំប្រទល់​ជាប់​ខេត្តសៀមរាប​។ ​ដោយឡែក​ពេល​រសៀល ក៏មាន​កម្មវិធី​សម្តែង​សិល្បៈ រាំ​របាំ​ក្បាច់បុរាណ ប្រពៃណី និង​ចម្រៀង​សម័យ​ផងដែរ​នៅមុខ​បរិវេណ​ប្រាសាទ​អង្គរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684