ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​វិលត្រឡប់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ពី​ប្រទេស​ចិន នាពេលនេះ បាន​នាំមក​នូវ​មោទនភាព​បន្ថែមទៀត​សម្រាប់​កម្ពុជា

សៀមរាប ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន អញ្ជើញ​និវត្តន៍​មកដល់​ខេត្តសៀមរាប​ហើយ​កាលពី​រសៀល​ថ្ងៃទី ២ ខែធ្នូ នេះ​បន្ទាប់ពី​បាន​ចូលរួម​កិច្ចសន្ទនា​កម្រិត​ខ្ពស់​រវាង​គណ​បក្ស​កុម្មុយនិស្ត​ចិន និង គណបក្សនយោបាយ​ពិភពលោក​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​នាំមក​នូវ​មោទនភាព​ថ្មី​ទៀត​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា។

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល បាន​ហៅ​ដំណើរ​ទៅ​ចូលរួម​កិច្ច​សន្ទនា​កម្រិត​ខ្ពស់​រវាង​គណ​បក្សកុម្មុយនិស្ត​ចិន និង គណបក្សនយោបាយ​ពិភពលោក​នៅ​ទីក្រុង​ប៉េកាំង​ថា នេះ​គឺជា​ការដាក់​បង្ហាញ​វត្តមាន​របស់​ប្រទេស​កម្ពុជា​បន្ថែមទៀត​នៅលើ​ផែនទី​ពិភពលោក។ មួយវិញទៀត គឺ​ការពង្រឹង​នូវ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា ជាមួយ​បណ្តា​ប្រទេស​នៅលើ​ពិភពលោក និង​ជំរុញ​ប្រទេស​កម្ពុជា​ទៅក្នុង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ប្រសើរ​ឡើងលើ​វិស័យសេដ្ឋកិច្ច។​

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ថា ក្នុងការ​ស្នាក់នៅ​និង​ចូលរួម​កិច្ចសន្ទនា​កម្រិត​ខ្ពស់​នៅ​ទីក្រុង​ប៉េកាំង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៣ របស់​ប្រទេស​ចិន (China Road & Bridge Corporation – Henan Transport Investment Group , Greenland Holding Group) ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ ពាក់ព័ន្ធ​ទៅនឹង​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។ ក្នុងជំនួប​នោះ សម្តេច​តេ​ជោ​បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ចិន​បន្ត​មក​វិនិយោគ​នៅ​កម្ពុជា​បន្តទៀត ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​គោលនយោបាយ​លើកទឹកចិត្ត​ចំពោះ​វិនិយោគទុន ជាពិសេស​ការវិនិយោគ​ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយនេះ សម្តេច​ក៏បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន​ខិតខំ​ធ្វើយ៉ាងណា​ជំរុញ​ការកសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ​ឲ្យ​បាន​លឿន​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជួបពិភាក្សា​ការងារ​ដោយផ្ទាល់​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ក្នុង​ភាពជា​មិត្ត​ដ៏​ស្និទ្ធជិត។ នៅក្នុង​ជំនួប​នោះ លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន មានប្រសាសន៍​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ដែល​បាន​ជួប​សន្ទនា​ដោយផ្ទាល់​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សាជាថ្មី​ម្តងទៀត​។ ឯកឧត្តម​អគ្គលេខាធិការ​បក្ស​កុ​ម្មុយ​និស្តិ​ចិន មានប្រសាសន៍​ដែរ​ថា សម្តេច​តេ​ជោ​គឺជា​មិត្ត​ចាស់ មិត្ត​ពិតប្រាកដ និង​ជា​មិត្ត​គួរ​ជាទី​ទុកចិត្ត​របស់​ប្រជាជន​និង​បក្ស​កុម្មុយនីស្ត​ចិន​។ ឯកឧត្តម​បាន​បន្តថា​នាពេល​បច្ចុប្បន្ននេះ ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន មាន​ភាពល្អប្រសើរ​ជាង​ពេលណាៗ​ទាំងអស់ មិនតែប៉ុណ្ណោះ​ភាគី​ទាំងពីរ​នៅតែ​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន គ្មាន​ពេល​ឈប់ ពោល​គឺជា​ទំនាក់ទំនង​ពិត​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​មានការ​គាំទ្រ​គ្នា​ទៅវិញទៅមក​។ ឯកឧត្តម​បន្តថា ដោយសារ​ឆ្នាំ​២០១៨ គឺជា​ខួប​៦០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំងពីរ​ភាគី​ទាំងពីរ​បាន​សន្យា​រួមគ្នា​ហើយ​ថា នឹង​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។

ឯកឧត្តម​ប្រធានាធិបតី មានប្រសាសន៍ថា អ្វីដែល​លោក​ចង់​ឮ​ពីស​ម្តេច គឺ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា។ ឯកឧត្តម​បន្តថា នៅ​ប្រទេស​ចិន​បាន​កំណត់ថា​អ្នក​ដែល​ឲ្យ​គុណ​មក​យើង យើង​ត្រូវតែ​សងគុណ​ទៅ​គេ​វិញ ពោលគឺ​យើង​នឹង​កសាង​សហគមន៍​ដែលមាន​វាសនា​រួមគ្នា​ជាមួយនឹង​ប្រទេស​កម្ពុជា​។ ឯកឧត្តម​បន្តថា បើ​ទោះ​បជ្ឈិម​ប្រទេស​ចាត់ទុក​កម្ពុជា ជា​អ្វី​ក៏ដោយ ក៏​ចិន​បានប្រកាស​រួចហើយ​ថា ចិន​នឹង​បន្ត​ជួយ​គាំទ្រ​ដោយ​គ្មាន​ការ​ងាក​រេ ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា ពិសេស​គាំទ្រ​ដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ការបន្ត​ដឹកនាំ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុ​ជាត​ទៅមុខទៀត​។ ជាមួយគ្នានេះ ចិន​នឹង​បញ្ជូន​អ្នកឯកទេស​របស់ខ្លួន ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា ពិសេស​ការជំរុញ​ក្រុមហ៊ុន​ចិន​ទៅ​បណ្តាក់ទុន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​។

​ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​ដល់​ឯកឧត្តម ប្រធានាធិបតី ធ្វើយ៉ាងណា​ជំរុញ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ ឲ្យ​បានចេញ​ជា​រូបរាង​ដោយសារ​វា​ឆ្លើយតប​ទៅ​និង​ចក្ខុវិស័យ ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ របស់​ឯកឧត្តម​ប្រធានាធិបតី និង​ជា​ប៉ូល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ សម្តេច​ក៏បាន​ស្នើ​ដល់​ឯកឧត្តម​ប្រធានាធិបតី ជួយ​ដល់​អង្គការ​សង្គម​ស៊ីវិល និង​ផ្នែក​ផ្សេងៗ​ទៀត​របស់​ប្រទេស​កម្ពុជា​។

បន្ទាប់មក​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ចូលរួម​បើក​កិច្ចសន្ទនា​ថ្នាក់ខ្ពស់​រវាង​គណបក្ស​កុម្មុយនីស្ត​ចិន​ជាមួយ​គណបក្សនយោបាយ​នានា​លើ​ពិភពលោក ។ កិច្ចសន្ទនា​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​បណ្តា​មេដឹកនាំ​មកពី​គណបក្ស​ជាង​២០០​និង​អង្គការ​នយោបាយ​នៅក្នុង​បណ្តា​ប្រទេស ជាង​១២០ នៅ​ជុំវិញ​ពិភពលោក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684