ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​វេលា​ព្រឹក​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ជួបពិភាក្សា​ការងារ​រដ្ឋាភិបាល​ជាមួយ​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស​

ភ្នំពេញ ​៖ ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកជំទាវ​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស នៅ​វិមាន​សន្តិភាព​។

នៅក្នុង​ជំនួប​ទ្វេភាគី រវាង​មេដឹកនាំ​កំពូល​រវាង​កម្ពុជា​-​បង់​ក្លា​ដែ​ស នៅ​វិមាន​សន្តិភាព ក៏​នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​មួយចំនួន​ផងដែរ​។​

ម៉ោង​១១ ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ដដែល​នេះ លោកជំទាវ​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស នឹង​ចូល​បង្គំ​គាល់ ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ព្រះបរមរាជវាំង និង​ពេល​រសៀល ម៉ោង ៣​បន្ទាប់មក លោកជំទាវ​នាយករដ្ឋមន្ត្រី នឹង​ជួប​សន្ទនា​ជាមួយ ក្រុម​ធុរជន​មួយចំនួន​នៅ​កម្ពុជា ក្នុង​សណ្ឋាគារ​សូ​ហ្វី​តែ​ល។​

លុះ​នៅវេលា​ម៉ោង​៣​និង​៣០​នាទី លោកជំទាវ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ បន្ទាប់មក នៅ​ម៉ោង ៤​និង​៣០​នាទី លោកជំទាវ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយ​ត្រឡប់​ទៅ​សណ្ឋាគារ​វិញ​។​

លុះ​នៅវេលា​ម៉ោង ៦៣០​នាទី ល្ងាច លោកជំទាវ​នាយករដ្ឋមន្ត្រី នឹងចូលរួម​ពិសា​អាហារ​ពេល​ល្ងាច ដែល​រៀបចំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​។​

សូមបញ្ជាក់ថា បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​រួច លោកជំទាវ​នាយករដ្ឋមន្ត្រី បង់​ក្លា​ដេ​ស នឹង​អញ្ជើញ​ចាក​ចេញពី​កម្ពុជា ត្រឡប់​ទៅ​ប្រទេស​បង់​ក្លា​ដេ​ស​វិញ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ តែម្តង។

ឯកសារ​ចំនួន​១១​នោះ នឹង​ត្រូវបាន​ចុះហត្ថលេខា បន្ទាប់ពី​ជំនួប​ទ្វេភាគី​រវាង លោកជំទាវ​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ ក្នុងនោះ​មាន​ឯកសារ​ដូចតទៅ​៖
​ទី​១ – សេចក្តីថ្លែងការណ៍​រួម​ស្តីពី លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោកស្រី សេក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស​។ ចុះហត្ថលេខា​ដោយ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង លោក Abul Hassan Mahmood All រដ្ឋមន្ត្រី​ក្រសួងការបរទេស​បង់​ក្លា​ដេ​ស​។​

ទី​២-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ និង​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍ ដោយ​ចីរភាព​រហូតដល់​ឆ្នាំ​២០៣០​។ ចុះ​ហត្ថលេខា​ដោយ លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ និង លោក Md. Abul Kalam Azad នាយក​សម្របសម្រួល​កិច្ចការ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៃ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស​។​

ទី​៣-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ចុះហត្ថលេខា​ដោយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង លោក លោក Abul Hassan Mahmood All រដ្ឋមន្ត្រី​ក្រសួងការបរទេស​បង់​ក្លា​ដេ​ស​។​

ទី​៤- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​។ ចុះហត្ថលេខា​ដោយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង លោក Rashed Khan Menon MP រដ្ឋមន្ត្រីក្រសួង​អាកាសចរណ៍​ស៊ីវិល និង​ទេសចរណ៍​បង់​ក្លា​ដេ​ស​។​

ទី​៥- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ម៉ូ​ឌែ​ល​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ចំណុះ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ចម្រុះ​។ ចុះហត្ថលេខា​ដោយ លោក ប៉ាន សូរ​សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ លោក លោក Abul Hassan Mahmood All រដ្ឋមន្ត្រី​ក្រសួងការបរទេស​បង់​ក្លា​ដេ​ស​។​

ទី​៦-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ស្ថាប័ន​លើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការជំរុញ​វិនិយោគ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា និង​អាជ្ញាធរ​អភិវឌ្ឍន៍​ការវិនិយោគ​បង់​ក្លា​ដេ​ស​។ ចុះហត្ថលេខា​ដោយ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិ​ភូមិ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា និង​លោក Kazl M. Aminul Islam ប្រធាន​ប្រតិបត្តិការ​អាជ្ញាធរ​អភិវឌ្ឍ​វិនិយោគ​បង់​ក្លា​ដេ​ស​។​

ទី​៧-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​។ ចុះហត្ថលេខា​ដោយ​លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ជាមួយ​លោក Zunaid Ahmed Palak អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន​បង់​ក្លា​ដែ​ស​។​

ទី​៨-​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​វិស័យ​វារីវប្បកម្ម និង​នេសាទ​។ ចុះហត្ថលេខា​ដោយ​លោក ម៉ម អំណត់ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា ជាមួយ​លោក M.d Maksudul Hasan Khan អគ្គលេខាធិការ​ក្រសួង​នេសាទ និង​បសុសត្វ​បង់​ក្លា​ដែ​ស​។​

ទី​៩-​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​សហប្រតិបត្តិការ​ក្នុងការ​អភិរក្ស ប្រវត្តិសាស្ត្រ​សង្គ្រាម បូជនីយស្ថាន​សង្គ្រាម និង​កេរដំណែល​សង្គ្រាម​។ ចុះហត្ថលេខា​ដោយ​លោក សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា ជាមួយ​លោក Aparup Chowdhury អគ្គលេខាធិការ​ក្រសួង​កិច្ចការ​សង្គ្រាម​រំដោះជាតិ​បង់​ក្លា​ដែ​ស​។​

ទី​១០-​អនុស្សារណ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ក​សិក្សា​ស្រាវជ្រាវ​រវាង​រាជបណ្ឌិត្យសភាកម្ពុជា និង​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ និង​យុទ្ធសាស្ត្រ​បង់​ក្លា​ដែ​ស​។ ចុះហត្ថលេខា​ដោយ​លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ជាមួយ​លោក Md. Shahidul Haque អគ្គលេខាធិការ​ក្រសួងការបរទេស​បង់​ក្លា​ដែ​ស​។​

ទី​១១-​កិច្ចព្រមព្រៀង​ស្តីពី​សហប្រតិបត្តិការ​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សហព័ន្ធ​សភាពាណិជ្ជកម្ម និង​ឧស្សាហ​កម្មបង់​ក្លា​ដែ​ស​។ ចុះហត្ថលេខា​ដោយ​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​លោក Md. Shafiul Islam ប្រធាន​សហព័ន្ធ​សភាពាណិជ្ជកម្ម និង​ឧស្សាហ​កម្មបង់​ក្លា​ដែ​ស​។​

សូមបញ្ជាក់ថា លោកជំទាវ សេក្ខ ហា​ស៊ីណា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ម៉ោង​១២៖៣០​នាទី ថ្ងៃត្រង់​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​ទស្សនកិច្ច​៣​ថ្ងៃ​ពីថ្ងៃ​ទី​០៣ ដល់ ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា៕ ​​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684