ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​អ្នក​នៅ​ពីក្រោយ​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ជាបន្ទាន់

ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ជា​ឲ្យ​អ្នក​នៅ​ពីក្រោយ​សង្វៀន​ជល់​មាន់​ដ៏​ធំ​មួយ នៅ​អរិយ​ក្សត្រ ខេត្តកណ្តាល ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ជាបន្ទាន់ មិន​ដូច្នេះ​ទេ នឹង​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ឲ្យ​ខាងតែបាន​។

ការ​ចេញ​បញ្ជា​នេះ បាន​ធ្វើឡើង​ក្រោយពី​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ដែល​មាន​កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ​ជិត​២០០​នាក់ ចុះទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់​ដ៏​ធំ និង​បើក​លេង​យូរ​ឆ្នាំ​មក​ហើយ នៅ​លើ​ទឹកដី​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល កាលពី​រសៀល​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​ឃាត់ខ្លួន​មនុស្ស​ជាង​១៥០​នាក់ ដែល​កំពុង​ចូល​លេងល្បែង និង​ដកហូត​រថយន្ដ​ជាង​៥០​គ្រឿង និង​ម៉ូតូ​ជិត​២០០​គ្រឿង​។

ភ្លាមៗ​បន្ទាប់ពី​ករណី​បង្ក្រាប​សង្វៀន​ជន់​មាន់​ដ៏​ធំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​បទ​សម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន FN កាលពី​រសៀល ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​បញ្ជា​ឲ្យ​អ្នក​នៅ​ពីក្រោយ​ខ្នង ករណី​បើក​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ខេត្ត​កណ្តាល ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ជាបន្ទាន់​។ បើ​ពួកគេ​មិន​ប្រគល់​ខ្លួន​ទេ ខ្ញុំ​នឹង​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ឲ្យ​ខាង​តែ​បាន ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ដោយ​គ្មាន ការលើកលែង ឬ​បន្ធូរ​បន្ថយ បើ​ទោះ​អ្នក​ទាំងនោះ​ជា​ក្មួយ ឬក៏​ក្មួយ​ប្រសា​របស់ខ្ញុំ​ក៏ដោយ​”។

​សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ ស្នងការ​នគរបាល​ខេត្តកណ្ដាល ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ា​វ ចំរើន សហការ​ជាមួយ​កម្លាំង​អាវុធ បាន​បើក​ប្រតិបត្តិ​បង្ក្រាប​សង្វៀន​ជល់​មាន់​ទ្រង់ទ្រាយ​ធំ​មួយ​នៅក្បែរ​របង​វត្ត​ខ្សាច់​ពោធិ៍​អារ្យ ស្ថិត​ក្នុងភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ដែល​គេ​ស្គាល់​ថា ជាទី​តាំង​របស់លោក ថៃ ផានី ហៅ ម៉ាប់ កូនប្រសា​របស់​លោក ហ៊ុន សាន ដោយ​បាន​ឃាត់​មនុស្ស​ប្រមាណ​១៥០​នាក់​។ ប្រតិបត្តិការ​ក្នុង​រូបភាព​ដ៏​ធំ​បែបនេះ ក៏បាន​កើតឡើង​ដូច​ទៅ​នឹង​ប្រតិបត្តិការ​កាលពី​ម្សិលមិញ នៅ​ក្នុង​ទឹកដី​ស្រុក​បាទី ខេត្តតាកែវ ដែល​អភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែល​ដឹកនាំ​កម្លាំង​នគរបាល កម្លាំង​អាវុធហត្ថ និង​កម្លាំង​ទាហាន ចុះទៅ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់ និង​បាញ់អាប៉ោង​ដ៏​ធំ និង​ដុះ​ស្លែ​ផងដែរ​។

បើ​តាម​លោក ម៉ៅ ភិ​រុណ អភិបាល​ខេត្ត​កណ្តាល​បាន​អះអាង​ថា ទីតាំង​នេះ គេ​ធ្លាប់​ណែនាំ​ច្រើនលើក​ច្រើនសាហើយ ប៉ុន្តែ​មិនទាន់​ដល់ពេល​ចាត់ការ មិន​មានន័យថា គេ​ខ្លាច​នោះ​ទេ ហើយ​ទីតាំង​សង្វៀន​ជល់​មាន់​នេះ ជា​ម្ចាស់​តែមួយ​ជាមួយ​ម្ចាស់​សង្វៀន​នៅ​ស្រុក​បាទី ខេត្តតាកែវ ហើយ​ប្រតិបត្តិ​ការ​បង្ក្រាប​នេះ លោក​ជា​គណៈ​បញ្ជា​ឯកភាព​ខេត្ត បាន​បញ្ជា​ឲ្យ​បង្ក្រាប និង​ចាត់ការ​តែម្តង​។

ទោះជា​បែប​ណា ​លោក​អភិបាលខេត្ត មិនបាន​លម្អិត​ព័ត៌មាន​ឲ្យ​បាន​ស៊ីជម្រៅ​ឡើយ ដោយ​លោក​ជំរុញ​ឲ្យ​ទៅ​សួរ​សមត្ថកិច្ច​ចុះ​ប្រតិបត្តិការ​ផ្ទាល់​តែម្ដង​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684