ព័ត៍មានទាន់​ហេតុការណ៏
Search

ដំណើរ​ទស្សនកិច្ច​របស់​លោក​ជំទាវ​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស​បាន​នាំមក​នូវ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ចំនួន​១១ ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​រវាង កម្ពុជា​-​បង់​ក្លា​ដេ​ស

ភ្នំពេញ ​៖ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង បង់​ក្លា​ដេ​សបាន​ប្តេជ្ញាចិត្ត​រួមគ្នា​ដើម្បី​លើក​កម្ពស់ ទំនាក់ទំនង​បង់​ក្លា​ដេ​ស​ និង ​កម្ពុជា​ឲ្យ​ដល់​កម្រិត​ថ្មី​មួយទៀត។ ភាគី​ទាំង​ពីរបាន​ឯកភាព​រៀបចំ​កិច្ច ប្រជុំ​គណៈកម្មការ​ចម្រុះ​លើក​ទី​១​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំងពីរ នៅ​ទីក្រុង ដា​កា និង បានសម្រេច​ចិត្ត​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១ នៃ​គណៈកម្មាធិការ​ពាណិជ្ជកម្ម រួម​ហៅថា (JTC)​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំក្រោយ ។ ភាគី​ក៏បាន​ពិចារណា​អំពី​សំណើ​ស្ដីពី​ការ​បើក​នូវ​បេសកកម្ម​ការទូត​នៅ​ប្រទេស​រៀងខ្លួន​នៅ​ទីក្រុង​រៀងៗ​ខ្លួន។

នៅក្នុង​ជំនួប​ទ្វេភាគី​ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដែល​ជា​ថ្ងៃ​ទី២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ព្រះរាជាណាចក្រ កម្ពុជា លោកជំទាវ សេក ហា​ស៊ីណា នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស ត្រូវ​បាន​ទទួល​បដិសណ្ឋាកិច្ច​ផ្លូវ ការ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ។ បន្ទាប់ពី​ពិធី​បដិសណ្ឋាកិច្ច​ផ្លូវ ការ​រួចមក ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួបពិភាក្សា​គ្នា​ជា​លក្ខណៈ​ចង្អៀត​និង ទូលាយ ប្រមាណ​ជិត ២ ម៉ោង។

នៅ​ក្នុង​សន្និសីទកាសែត​រួមគ្នា​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បង្ហាញ​ឲ្យ​ឃើញ​ពី​កិច្ច សហប្រតិបត្តិ​ការ​រួម​គ្នា​រវាង​ប្រទេស​ទាំងពីរ ,​ការ​ជំរុញ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ឲ្យ​ឈានដល់​កម្រិត​ថ្មី​មួយទៀត។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ថា​ កាលពី ១៦ ឆ្នាំ មុន​គឺ​នៅ​ឆ្នាំ ២០០១ លោកជំទាវ សេក ហា​ស៊ីណា បាន​មក​ទស្សនកិច្ច​លើក​ទី ១ ។ ថ្ងៃនេះ​គឺ ទស្សនកិច្ច លើក​ទី ២ របស់លោក​ស្រី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​កាលពី​ឆ្នាំ ២០១១ ខ្ញុំ​ក៏មាន ឱកាស​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​បង់​ក្លា​ដេ​ស។

សម្តេច​តេ​ជោ​មានប្រសាសន៍​បន្ត​ថា ​ថ្ងៃនេះ​ឯកសារ​ជាច្រើន​ត្រូវបាន​ចុះហត្ថលេខា​ជា​មួយនឹង​សេចក្ដីថ្លែងការណ៍​រួម​ដែល​ចាត់ទុកថា​ជា​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ។ ប្រទេស ទាំងពីរ​ក៏បាន​ឯកភាព​គ្នា​ជ្រើសរើស​ផ្លូវ​នៅ​ទីក្រុង​ភ្នំពេញ និង នៅ​ទីក្រុង​ដា​កា​ដើម្បី​ដាក់​ព្រះនាម របស់​ព្រះបិតា​ជាតិ​របស់​កម្ពុជា​និង​បិតា​ជាតិ​រ​បស់បង់​ក្លា​ដែ​ស នេះ​ជា​និមិត្តរូប​នៃ​សាមគ្គីភាព​រវាង ប្រទេស​ទាំងពីរ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​លោកជំទាវ​នាយករដ្ឋមន្ត្រី ដែល សម្តេច​ហៅថា​ជា​បងស្រី នូវ​ការ​គាំទ្រ​ទាំងឡាយ​ដែល​បងស្រី​ធ្លាប់​បាន​ផ្ដល់ ចំពោះ​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល​កន្លងទៅ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ទុក​កិច្ចពិភាក្សា​នៅ​ថ្ងៃ​នេះ​ថា​ ពោរពេញ​ទៅដោយ​លទ្ធផល​ដែល​សម្តេច​ចាត់ទុកថា​ជា​ផ្នែក​ដ៏​សំខាន់​ដែល​យើង​ត្រូវ​បន្ត​រួម​ដំណើរ​ជាមួយគ្នា ក្នុងឋានៈ​ជា ប្រទេស​កំពុងអភិវឌ្ឍន៍​។

សម្តេច​តេ​ជោ​បាន​បន្តថា កម្ពុជា​បានផ្ដល់​នូវ​ការគាំទ្រ​ភ្លាមៗ​ជាមួយ​សំណូមពរ​របស់​បង់ ក្លា​ដែ​ស​នៅក្នុង​ការរៀបចំ​បង្កើត​អោយក្លាយ​ទៅជា​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន ហើយ​កម្ពុជា នឹង​បន្ត​ធ្វើការ​ជាមួយនឹង​ដៃគូ​អាស៊ាន​ដើម្បី​សម្រេច​ទៅដល់​ការព្រមព្រៀង​។ កម្ពុជា​ក៏​បានផ្ដល់ នូវ​ការគាំទ្រ​ជាមួយនិង​ភាពជា​ដៃគូ​នៅ​ក្នុង​មេគង្គ​គង្គា​ហើយ​សម្តេច​នឹងធ្វើ​កិច្ចការ​នេះ​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ខែមករា​ឆ្នាំក្រោយ​ ព្រមទាំង​ធ្វើ​កិច្ចការ​នេះ​ជាមួយនឹង​ដៃគូ​ក្នុង​មេគង្គ​ផង​ដែរ ដើម្បី​ឲ្យ​បង់​ក្លា​ដែ​សមាន​លទ្ធភាព​ចូលរួម​ក្នុង​ក្របខណ្ឌ​ជា​ដៃគូ​រវាង​មេគង្គ​គង្គា។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀត​ថា យើង​ក៏​មិនបាន​ភ្លេច​នឹង​ពិភាក្សា​ទាក់ទង​ជា​មួយ​នឹង​ជនភៀសខ្លួន​យ៉ាងច្រើន​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​បង់​ក្លា​ដេ​ស​ហើយ​យើង​វាយតម្លៃ​ខ្ពស់​ចំពោះ​បង់​ក្លា​ដេ​ស​បើទោះបី​ប្រជាជន​មាន​ទៅដល់ ១៦០ លាន​នាក់​ក៏​នៅ​ទទួល​ចិញ្ចឹម ប្រជាជន ប្រមាណ ១ លាន​នាក់​ថែមទៀត​ដែល​ភៀសខ្លួន​ចេញពី​មី​យ៉ាន់​ម៉ា​។ យើង​ក៏​ពិចារណា​រួមគ្នា​ដើម្បី ធ្វើ​ឲ្យមាន​ឡើង​នៅ​មាតុភូមិ​និវត្ត​ហើយ​សង្ឃឹមថា​ភាគី​ទាំងពីរ​បង់​ក្លា​ដេ​ស​និង​មី​យ៉ាន់​ម៉ា រក​ឃើញ នូវ​ដំណោះស្រាយ​ដែល​អាច​ឲ្យ​ប្រជាជន​វិល​ត្រលប់​ទៅកាន់​មាតុភូមិ​វិញ​។ សម្តេច​តេ​ជោ​បាន​អរគុណ​ចំពោះ​លោកស្រី​ដែល​បាន​អញ្ជើញសម្តេច​ទៅ ទស្សនកិច្ច​នៅ បង់​ក្លា​ដេ​ស​សាជាថ្មី​ម្ដងទៀត សម្តេច​សូម​ទទួលយក​នៅ​ការអញ្ជើញ​នេះ​ដោយ​ការពេញចិត្ត​។

លោកជំទាវ​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស បាន​មានប្រសាសន៍ថា ប្រទេស​ទាំងពីរ​មានបំណង​ប្រាថ្នា​រួមគ្នា​ដើម្បី​លើកកម្ពស់​សន្តិភាព​សន្តិ​សុខ​និង​ការអភិវឌ្ឍ។ ជនជាតិ​ទាំងពីរ​បង់​ក្លា​ដេ​ស និង កម្ពុ​ជាមាន​ប្រពៃណី​បូរាណ​ដូចគ្នា។ ទស្សនកិច្ច​របស់លោក​ស្រី​មក​កម្ពុ​ជាមាន​ផ្លែផ្កា​យ៉ាង​ជ្រាល ជ្រៅ​បំផុត​…​។

​លោកជំទាវ​បាន​បន្ត​ថា លោកស្រី​មានការ​គោរព​ចំពោះ​អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ និង បានសម្រេច​ដាក់ឈ្មោះ​ផ្លូវ​ដ៏​ល្បី​មួយ​នៅ​ក្នុង​ទីក្រុង​ដា​ក្កា ដើម្បី​ជា​ការ​គោរព ដល់​ព្រះមហាក្សត្រ​នរោត្តម​សីហនុ។

លោកជំទាវ​បាន​បន្ត​ទៀត សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​លោកជំទាវ​មានការ​ប្ដេជ្ញាចិត្ត​ដើម្បី លើក​កម្ពស់​ទំនាក់ទំនង​បង់​ក្លា​ដេ​ស​និង​កម្ពុជា​ឲ្យ​ដល់​កម្រិត​ថ្មី​មួយទៀត​នឹង​ទំហំ​ថ្មី​មួយទៀត។

លោកស្រី​កោតសរសើរ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។

នៅ​ក្នុង​ជំនួប​ផ្លូវការ​នា​ព្រឹក​នេះ​យើង​បាន​ពិភាក្សា​អំពី​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី​ទាំងអស់​នៅក្នុង​ទិដ្ឋភាព​មួយ​កក់ក្ដៅ​និង​ស្និទ្ធស្នាល។ ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​បង់​ក្លា​ដេ​ស​នៅ​ពេល នេះ​ជាការ​ពង្រឹង​ទំនាក់ទំនង​ខាង​វិស័យ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​និង​បច្ចេកទេស​។​

លោកជំទាវ​សង្ឃឹមថា ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្ដីពី​ការ​ជំរុញ​វិនិយោគ​កិច្ចព្រមព្រៀង​រវាង​សភាពាណិជ្ជកម្ម​ទាំងពីរ​នឹងចូលរួម​ចំណែក​ដល់​ការ​លើកកម្ពស់​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ទ្វេភាគី។

លោកជំទាវ​បាន​បន្ត​ថា លោកស្រី​មានការ​រីករាយ​ដែល​បាន​ទទួល​នូវ​ការធានា​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នូវ​ការគាំទ្រ​ដល់​ភាពជា​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​បង់​ក្លា​ដេ​ស​នៅ​ក្នុង​អាស៊ាន​ហើយ​ក្នុងនាម​ជា​ប្រទេស​គង្គា​។ បង់​ក្លា​ដេ​ស​ទន្ទឹង​រង់ចាំ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​សំដៅ​ឆ្ពោះ សម្រេច​បំណង​ប្រាថ្នា​សហប្រតិបត្តិ​ការ​មេគង្គ​គង្គា។

បន្ទាប់ពី​ជំនួប​នោះ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​អញ្ជើញ​ជា​សាក្សី​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង អនុស្សរណៈ​យោគយល់​គ្នា​ចំនួន ១១។

១.​សេចក្តី​ថ្លែងការណ៍​រួម​ស្តីពី លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ស្រី សេក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស ។ ចុះហត្ថលេខា​ដោយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​និង លោក Abul Hassan Mahmood All រដ្ឋមន្ត្រីក្រសួង​ការ បរទេស​បង់​ក្លា​ដេ​ស​។

​២. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ និង កិច្ចសហការ​លើ បញ្ហា​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​រហូតដល់​ឆ្នាំ​២០៣០​។ ចុះ​ហត្ថ​លេ ខា ដោយ​លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង លោក Md. Abul Kalam Azad នាយក​សម្របសម្រួល​កិច្ចការ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ខុទ្ទកាល័យ​នាយក​រដ្ឋ មន្ត្រី​បង់​ក្លា​ដេ​ស​។​

៣. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ។ ចុះហត្ថលេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ និង លោក លោក Abul Hassan Mahmood All រដ្ឋមន្ត្រីក្រសួង ការបរទេស​បង់​ក្លា​ដេ​ស​។

៤.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​។ ចុះហត្ថលេខា​ដោយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង លោក Rashed Khan Menon MP រដ្ឋមន្ត្រីក្រសួង​អាកាសចរណ៍​ស៊ីវិល និង​ទេសចរណ៍​បង់​ក្លា​ដេ​ស​។​

៥.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ម៉ូ​ឌែ​ល​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង ស្ថាប័ន​ចំណុះ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ចម្រុះ។ ចុះហត្ថលេខា​ដោយ លោក ប៉ាន សូរ​សក្តិ រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ លោក លោក Abul Hassan Mahmood All រដ្ឋមន្ត្រី ក្រសួងការបរទេស​ប​ង់​ក្លា​ដេ​ស។

៦. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ច​សហប្រតិបត្តិការ​ស្ថាប័ន​លើ​កិច្ច​ការ​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​វិនិយោគ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា និង អាជ្ញាធរ​អភិវឌ្ឍន៍​ការ​វិនិយោគ​បង់​ក្លា ដេ​ស ។ ចុះហត្ថលេខា​ដោយ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិ​ភូមិ​អម​នាយករ​ដ្ឋ​មន្ត្រី និង ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា និង​លោក Kazl M. Aminul Islam ប្រធាន ប្រតិបត្តិការ​អាជ្ញាធរ​អភិវឌ្ឍ​វិនិយោគ​បង់​ក្លា​ដេ​ស​។

​៧.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា ព័ត៌មាន​និង​គមនាគមន៍​។ ចុះហត្ថលេខា​ដោយ​លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ជាមួយ​លោក Zunaid Ahmed Palak អនុរដ្ឋមន្ត្រី​ទទួល បន្ទុក​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន​បង់​ក្លា​ដែ​ស​។

​៨. អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការវិ​ស័​យ​វារីវប្បកម្ម និង​នេសាទ​។ ចុះហត្ថលេខា​ដោយ​លោក ម៉ម អំណត់ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កម្ពុជា ជាមួយ​លោក M.d Maksudul Hasan Khan អគ្គលេខាធិការ​ក្រសួង​នេសាទ និង ប​សុ សត្វ​បង់​ក្លា​ដែ​ស​។

៩. អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​សហប្រតិបត្តិការ​ក្នុងការ​អភិរក្ស ប្រវត្តិសាស្ត្រ​សង្គ្រាម បូជនីយស្ថាន​សង្គ្រាម និង​កេរដំណែល​សង្គ្រាម​។ ចុះហត្ថលេខា​ដោយ​លោក សោម សុគន្ធ រដ្ឋ​លេ ខា​ធិ​ការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ជាមួយ​លោក Aparup Chowdhury អគ្គ​លេខាធិ​ការ​ក្រសួង​កិច្ចការ​សង្គ្រាម​រំដោះជាតិ​បង់​ក្លា​ដែ​ស។

១០.​អនុស្សរណៈ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ក​សិក្សា​ស្រាវជ្រាវ​រវាង​រាជបណ្ឌិត្យសភាកម្ពុជា និង​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ និង​យុទ្ធសាស្ត្រ​បង់​ក្លា​ដែ​ស​។ ចុះហត្ថលេខា​ដោយ លោក បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ជាមួយ​លោក Md. Shahidul Haque អគ្គលេខាធិការ​ក្រសួងការបរទេស​បង់​ក្លា​ដែ​ស​។​

១១. កិច្ចព្រមព្រៀង​ស្តីពី​សហប្រតិបត្តិការ​រ​វាង​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​សហព័ន្ធ​សភា​ពាណិជ្ជ កម្ម និង​ឧស្សាហ​កម្មបង់​ក្លា​ដែ​ស​។ ចុះហត្ថលេខា​ដោយ​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពា ណិ​ជ្ជ​កម្ម​កម្ពុជា​ជាមួយ​លោក Md. Shafiul Islam ប្រធាន​សហព័ន្ធ​សភាពាណិជ្ជកម្ម និង ឧស្សាហកម្ម​បង់​ក្លា​ដែ​ស​។​

​សូម​បញ្ជាក់​ថា លោកជំទាវ សេក្ខ ហា​ស៊ីណា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ មកដល់ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ម៉ោង​១២និង៣០​នាទី ថ្ងៃត្រង់​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​ទស្សនកិច្ច​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​០៣​ដល់​ថ្ងៃ​ទី​០៥ ​ខែធ្នូ ​ឆ្នាំ​២០១៧ ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា។ បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​រួច លោកជំទាវ​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​សនឹង​អញ្ជើញ​ចាកចេញ​ពី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​០៥​ខែធ្នូ ឆ្នាំ២០១៧ តែម្តង​៕

       



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684