ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ​ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​អញ្ជើញ​ចូលរួម​អបអរសាទរ​មហាសន្និបាត​វិសាមញ្ញ​កាយរឹទ្ធិ​ជាតិ​កម្ពុជា​លើក​ទី​៤

ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​កាយរឹទ្ធិ​ជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​២​រោច ខែ​មិគសិរ ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧​នេះ នឹង​អញ្ជើញ​ចូលរួម​អបអរសាទរ​មហាសន្និបាត​វិសាមញ្ញ​កាយរឹទ្ធិ​ជាតិ​កម្ពុជា​លើក​ទី​៤ ដែល​រៀប​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

កាយរឹទ្ធិ​ជាតិ​កម្ពុជា ដែលមាន​លោក​បណ្ឌិត ហង់​ជូន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ជា​ប្រធាន បាន​បើក​មហាសន្និបាត​លើក​ទី​៤ ដើម្បី​បូកសរុប​លទ្ធផល​ការងារ​ក្នុង​រយៈពេល ១០​ឆ្នាំ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​ថ្មី​បន្តបន្ទាប់​ទៀត។ មហាសន្និបាត​នេះ ក៏​ដើម្បី​កែ​នូវ​ធម្មនុញ្ញ​និង​បទបញ្ជាផ្ទៃក្នុង​មួយ​ចំនួន​របស់​កាយរឹទ្ធិ​ជាតិ​កម្ពុជា។

សូម​បញ្ជាក់​ថា កាយរឹទ្ធិ​ជាតិ​កម្ពុជា ត្រូវ​បាន​បង្កើត​ដំបូង​មាន​ឈ្មោះថា អង្គការ​ខេ​មរ​កាយរឹទ្ធិ​កម្ពុជា ​ដោយ​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៣៤ ក្រោម​ការដឹកនាំ​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនី​រ៉េត ជាមួយ​ថ្នាក់ដឹកនាំ​ផ្សេងទៀត។ ជំនាន់​ដំបូង នៃ​ខេ​មរ​កាយរឹទ្ធិ​កម្ពុជា​បាន​ពង្រីក និង​ផ្សព្វផ្សាយ​ទៅដល់​៧-៨​ខេត្ត ក្រុង និង​មាន​សមាជិក​ច្រើនជាង ១០០០​នាក់។

កាយរឹទ្ធិ​ជាតិ​កម្ពុជា ត្រូវបាន​បាត់បង់​ទៅវិញ​ទាំងស្រុង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់ ប៉ុល ពត​។ ក្រោម​ការផ្តួចផ្តើម និង​ជំរុញ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាយរឹទ្ធិ​ជាតិ​កម្ពុជា ត្រូវបាន​បង្កើត​ឡើងជា​ថ្មី​នៅ​ឆ្នាំ​២០០០ និង​បានរៀបចំ​រចនាសម្ព័ន្ធ​ជា​បន្ត​បន្ទាប់ពី​ថ្នាក់ជាតិ ដល់​មូលដ្ឋាន​។​

កាយរឹទ្ធិ​ជាតិ​កម្ពុជា ត្រូវបាន​បែងចែក​ជា​៣​ថ្នាក់​រួមមាន​៖ កាយរឹទ្ធិ​ប្អូន (​អាយុ​៩-១១​ឆ្នាំ​), កាយរឹទ្ធិ (​អាយុ ១២-១៧​ឆ្នាំ​) និង​កាយរឹទ្ធិ​រៀមច្បង (​អាយុ ១៨-២៥​ឆ្នាំ​)​។ មកដល់​ពេល​បច្ចុប្បន្ន​កាយរឹទ្ធិ​ជាតិ​កម្ពុជា មាន​សមាជិក​សរុប ១៣១,៧០៥​នាក់ ក្នុងនោះ​កាយរឹទ្ធិ​ប្អូន​មាន​ចំនួន ៤៧០៣​នាក់ កាយរឹទ្ធិ​មាន​ចំនួន ៩៣,៩៥៤​នាក់ និង​កាយរឹទ្ធិ​រៀមច្បង​មាន​ចំនួន ២០,៥៥០​នាក់​។​

កាយរឹទ្ធិ​ជាតិ​កម្ពុជា ត្រូវបាន​ទទួលស្គាល់​ជា​សមាជិក​ពេញសិទ្ធិ​នៃ​អង្គការ​ពិភពលោក​ចលនា​កាយរឹទ្ធិ​នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០០៨ និង​ត្រូវ​បាន​ប្រកាស​ជា​ឱឡារិក​នៅក្នុង​អង្គ​មហាសន្និបាត​លើក​ទី​៣៨​នា​ថ្ងៃទី​១៤-១៨ ខែកក្កដា ឆ្នាំ​២០០៨ នៅ​កូរ៉េខាងត្បូង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684