ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ៖ ទំនាក់ទំនង​ការទូត​កម្ពុជា​និង​កូរ៉េ​គឺជា​ទំនាក់ទំនង​ដ៏​ជោគជ័យ

ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់ទុកថា​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង កូរ៉េខាងត្បូង គឺជា​ទំនាក់ទំនង​ដ៏​ជោគជ័យ​មួយ ហើយ​ទំនាក់ទំនង​នេះ​បាន​វិវត្តន៍​យ៉ាង​ឆាប់រហ័ស។

ការ​រំលឹក​ពី​ទំនាក់ទំនង​ការទូត​នេះ​ ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​លោក គីម វុន​ជិន ( Kim Weon-Jin) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ចូលជួប​សំដែង​ការគួរ​សមនិង​ជម្រាបលា​នា​ល្ងាច​ថ្ងៃទី៥ ខែធ្នូ នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី។

លោក​ទូត​កូរ៉េ បានធ្វើការ​កត់សំគាល់​ថា នេះ​គឺជា​ខួប​២០​ឆ្នាំ​នៃ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ ហើយ​ទំនាក់ទំនង​នេះ​ទៀតសោត​បើ​គ្មាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទេ​ទំនាក់ទំនង​នេះ ក៏​មិន​អាច​មាន​មកដល់​ចំណុច​នេះ​ទេ​។ លោក​ទូត​បាន​គោរព​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​ដ៏​ឆ្លាសវៃ​របស់​សម្តេច​តេ​ជោ​ផងដែរ។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ឲ្យ​ដឹងថា នៅ​ក្នុង​ជំនួប​នោះ លោក គីម វុន​ជិន បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា បេសកកម្ម​របស់លោក​រយៈពេល ៣ ឆ្នាំកន្លងមក​នេះ​គឺ​លោក​ពិត​ជាមាន​កិត្តិយស​ណាស់​ ដែល​បាន​មក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​ក្នុង​គោលដៅ​ជំរុញ​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

លោក​បាន​បន្ត​ថា នេះ​គឺជា​ខួប​២០​ឆ្នាំ​នៃ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ​ហើយ​ទំនាក់ទំនង​នេះ​ទៀតសោត​បើ​គ្មាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទេ ទំនាក់ទំនង​នេះ​ក៏​មិន​អាច​មាន​មកដល់​ចំណុច​នេះ​ទេ ក្នុង​ន័យនេះ​លោក​បាន​គោរព​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​ផងដែរ។

លោក គីម វុន​ជិន បាន​ជម្រាបជូន​សម្តេច​អំពី​វឌ្ឍនភាព​នៃ​ការវិនិយោគ និង ជំនួយ​របស់​កូរ៉េ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា​ផ្លូវជាតិ​លេខ ៣ , ផ្លូវជាតិ​លេខ ២១ ,​ផ្លូវជាតិ​លេខ​៤៨ និង ការនាំ​ស្វាយ​ចេញទៅ​សាធារណរដ្ឋ​កូរ៉េ​ដែល​នៅ​ឆ្នាំ​ក្រោយនេះ ស្វាយ​របស់​កម្ពុជា​និង​មាន​វត្តមាន​នៅក្នុង​ប្រទេស​កូរ៉េ ។ លោក​បន្ត​ថា កូរ៉េ​នឹង​បន្ត​វិនិយោគ​នៅ​កម្ពុជា​លើក​ការកែច្នៃ​ផលិតផល​កសិកម្ម សម្រាប់​នាំចេញ​ផងដែរ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា យើង​អាច​ប្រកាស​បាន​ថា​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​កូរ៉េខាងត្បូង គឺជា​ទំនាក់ទំនង​ដ៏​ជោគជ័យ​មួយ ។ ទំនាក់ទំនង​នេះ​បាន​វិវត្តន៍​យ៉ាង​ឆាប់រហ័ស ។ ជាក់ស្តែង​ការ​វិនិយោគ និង​ការហោះហើរ​ជាច្រើន​ជើង​ពី​កម្ពុជា​ទៅ​កូរ៉េ និង​ពី​កូរ៉េ​មក​កម្ពុជា​តាមរយៈ​ទំនាក់ទំនង​ការងារ​,​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន ហើយ​ជា​មួយ​នឹង​ជំនួយ​ដែល​កូរ៉េ​បាន​ជួយ​ដល់​កម្ពុជា​រហូតមកដល់​ពេលនេះ​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​កម្ពុជា។

ជាង​នេះ​ទៀត​សម្តេច​បាន​សម្តែង​នូវ​ការរីករាយ​អបអរសាទរ​ចំពោះ​ការ​មាន​វត្តមាន​ផ្លែស្វាយ​កម្ពុជា​នៅ​ទីផ្សារ​របស់​សាធារណរដ្ឋ​កូរ៉េ​នៅ​ឆ្នាំ​ក្រោយនេះ។ សម្តេច​ក៏បាន​សម្តែង​នូវ​ការរីករាយ​ចំពោះ​វឌ្ឍនភាព​ការងារ​ដែល លោក គីម វុន​ជិន បាន​បំពេញ​នៅ​កម្ពុជា ។ សម្តេច​ក៏បាន​ជូនពរ​ឲ្យ​លោក គីម ទទួលបាន​ភាពជោគជ័យ​ក្នុង​ការងារ​ជា​បន្តទៀត​នៅពេល​ខាងមុខ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684