ព័ត៍មានទាន់​ហេតុការណ៏
Search

​ការអំពាវនាវ​របស់​លោកស្រី មួរ សុខ​ហួរ ឱ្យ​អូស្ត្រាលី​ដាក់​គំនាប​លើ​កម្ពុជា ​ជា​ទង្វើ​ខុសច្បាប់ និង​មិន​តំណាងឱ្យ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ

​កាសែត​កម្ពុ​ជាថ្មី​ មាន​សេចក្តីសោកស្តាយ​ក្រៃលែង​ ដែល​លោកស្រី មួរ សុខ​ហួរ អតីត​សមាជិកសភា​ មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយចោល​ហើយ​នោះ បាន​ញុះញង់​ឱ្យ​ជនជាតិខ្មែរ​ នៅ​ប្រទេស​អូស្ត្រាលី​ ធ្វើបាតុកម្ម​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ ដាក់​គំនាប​លើ​ប្រទេស​កម្ពុជា​ទៀតផង​។ (​នេះ​បើតាម​អត្ថបទ​ព័ត៌មាន​ របស់​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍ ទំព័រ​ទី​១ ចេញផ្សាយ​ជា​ភាសា​អង់គ្លេស នៅ​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៧)

កាសែត​កម្ពុ​ជាថ្មី​ យល់ឃើញថា​ការអំពាវនាវ និង​សកម្មភាព​របស់លោក​ស្រី មួរ សុខ​ហួរ គឺជា​ទង្វើ​ខុសច្បាប់​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងស្រុង អាស្រ័យ​ដោយ​មន្ត្រីជាន់ខ្ពស់​ របស់​គណបក្សប្រឆាំង​ចំនួន​១១៨​នាក់​ ដែល​រួមមាន​លោកស្រី មួរ សុខ​ហួរ ផងដែរ​នោះ ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​ ផ្អាក​មិនឱ្យ​ធ្វើ​នយោបាយ​ចំនួន​ប្រាំ​ឆ្នាំ ក្រោយ​ពេលដែល​តុលាការ​កំពូល​ បានសម្រេច​រំលាយចោល​គ​ណ​បក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នោះ​។​

ទន្ទឹមនឹងនេះ កាសែត​កម្ពុ​ជាថ្មី​ក៏​យល់ឃើញ​ដែរ​ថា​ លោកស្រី មួរ សុខ​ហួរ ក៏ដូចជា​អតីត​សមាជិកសភា​ ចំនួន​៥៤​រូប​ទៀត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​រដ្ឋសភា​រំសាយ​ចោល​នោះ មិនអាច​ធ្វើជា​តំណាងឱ្យ​សម្លេង​ពិតប្រាកដ​ របស់​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​នោះឡើយ​។​

​ទី១ យើង​យល់ឃើញថា​ តំណាងរាស្ត្រ​មកពី​គណបក្ស​ដទៃទៀត​ ដែល​បាន​ចូលមក​កាន់តំណែង​ជំនួស​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​នោះ ទើប​ជា​តំណាង​ពិតប្រាកដ​នូវ​សម្លេង​របស់​អ្នកគាំទ្រ ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​។​

​ទី​២ អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ការ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​អតីត​តំណាងរាស្ត្រ ក្រុមប្រឹក្សា​ស្រុក ខណ្ឌ ជំទប់​ទី​១ ជំទប់​ទី​២ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ​ប្រមាណ​ជាង​២៦០០​នាក់ ដែលមាន​ចំនួន​លើស​ ៥០​ភាគរយ​នៃ​ចំនួន​សរុប​នោះ ក៏​គឺជា​តំណាង​ពិតប្រាកដ​របស់​សមាជិក និង​អ្នកគាំទ្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅតាម​រាជធានី​ខេត្ត​ក្រុង​នានា នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​ដូច​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី បានលើកឡើង រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​តែមាន ​ទំនាក់ទំនង​ល្អជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​អូស្ត្រាលី​ក៏​នឹងមិន​ធ្វើតាម​ ការអំពាវនាវ​ដ៏​គ្រោះថ្នាក់​របស់លោក​ស្រី មួរ សុខ​ហួរ ហើយ​ដាក់​គំនាប​លើ​ប្រទេស​កម្ពុជា​នោះដែរ​។

​លើសពីនេះទៅទៀត​នោះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី​ ដែល​លោកស្រី មួរ សុខ​ហួរ អះអាងថា​ នឹង​គាំទ្រ​សំណើ​របស់​លោកស្រី និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ថែមទាំង​មិន​ឆ្លើយតប​ចំពោះ​សំណួរ ​របស់​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍​ ដែល​បាន​សុំ​ការធ្វើ​អត្ថាធិប្បាយ​ ពី​ពួកគេ​ទៀតផង​។ នេះ​បញ្ជាក់​ឱ្យឃើញថា​ ប្រទេស​អូស្ត្រាលី​គ្មាន​បំណង​ជ្រៀតជ្រែក ​ចូលទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ដូចជា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​នោះឡើយ​។​

​ទន្ទឹមនឹងនេះ បើតាម​សេចក្តីរាយការណ៍​ របស់​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍​ខាងលើ មាន​ជនជាតិខ្មែរ​សញ្ជាតិ​អូស្ត្រាលី​ ចំនួន​ប្រមាណ​ជា​៥០០​ នាក់ ដែល​ភាគច្រើន​ជា​ជនភាសខ្លួន​ពី​សង្គ្រាម ​ជាង​ពីរ​ទសវត្ស​នៅ​ប្រទេស​កម្ពុជា​ ដូច​លោកស្រី មួរ សុខ​ហួរ ដែរនោះ បាន​ចូលរួម​ធ្វើបាតុកម្ម​តវ៉ា ទៅតាម​ក៏​ញុះញង់​របស់លោក​ស្រី និង​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ដទៃទៀត នៅខាងមុខ​រដ្ឋសភា​អូស្ត្រាលី នៅ​រដ្ឋធានី​កង់​បេ​រ៉ា កាលពី​ថ្ងៃទី​៥​ខែធ្នូ​នេះ​។​

​ជាការ​ពិតណាស់ កាសែត​កម្ពុ​ជាថ្មី​ មាន​សេចក្តីសោកស្តាយ​ក្រៃលែង​ ដែល​ជនជាតិខ្មែរ​សញ្ជាតិ​អូស្ត្រាលី​ទាំងនោះ បាន​ជឿ​តាម​ការ​ញុះញង់​របស់​អ្នកស្រី មួរ សុខ​ហួរ និង​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ដទៃទៀត ហើយ​នាំគ្នា​ធ្វើបាតុកម្ម​ឥតប្រយោជន៍​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​។​

​តើ​ពួកគេ​ភ្លេច​ហើយ​ឬ​នូវ​ទុក្ខវេទនា​របស់​ពួកគេ​ផ្ទាល់​ដែល​ធ្លាប់បាន​ឆ្លងកាត់​សម័យ​សង្គ្រាម ទម្រាំ​មាន​វាសនា​បាន​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ក្នុងនាម​ជា​ជនភាសខ្លួន​នោះ​? តើ​ពួកគេ​ទាំងនោះ​ចង់ឱ្យ​សង្គ្រាម​វិលត្រឡប់​មក​ប្រ​ទស​ស​កម្ពុជា​ជាថ្មី​ឬ​? ហើយ​តើ​ពួកគេ​មិន​អាណិត​បងប្អូន សាច់ញាតិ ក៏ដូចជា​ជនរួមជាតិ​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ​ឬ ប្រសិនបើ​ប្រទេស​កម្ពុ​ជាមាន​សង្គ្រាម​ជាថ្មី​នោះ​?

​កាសែត​កម្ពុ​ជាថ្មី​យល់ឃើញថា ជាជាង​នាំគ្នា​ធ្វើបាតុកម្ម​នាំឱ្យ​ខាត​ពេលវេលា និង​លុយកាក់​នោះ បងប្អូន​ជនជាតិខ្មែរ​ដែលមាន​ស​ញ្ជា​តិ​អូស្ត្រាលី ក៏ដូចជា​ជនជាតិខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប និង​បណ្តា​ប្រទេស​ដទៃទៀត គួរតែ​សិក្សា​ឱ្យបាន​ច្បាស់​នូវ​គោលបំណង​ដ៏​គ្រោះថ្នាក់​របស់​អតីត​មេដឹកនាំ​របស់​គណបក្ស​ប្រឆាំង​ដែល​បាន​ប៉ុនប៉ង​ធ្វើ​«​បដិវត្តន៍​ពណ៌​» និង​គ្រោះថ្នាក់​ជាយថាហេតុ​ដែល​ប​ង្ក​ឡើង​ដោយ​ការធ្វើ​«​បដិវត្តន៍​ពណ៌​»​នេះ​។​

​ទន្ទឹមនឹងនេះ កាសែត​កម្ពុ​ជាថ្មី​ក៏​សូម​លើកទឹកចិត្ត​ឱ្យ​ពួកគេ​ស្វែងយល់​ឱ្យបាន​ច្បាស់​នូវ​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បំណង​បញ្ចៀស​សង្គ្រាម​នៅក្នុង​មាតុប្រទេស​កំណើត​របស់​ពួកគេ ដើម្បីឱ្យ​បងប្អូន សាច់ញាតិ និង​ជនរួមជាតិ​របស់​ពួកគេ​អាច​រស់នៅ​ប្រកបដោយ​សុខសន្តិភាព ការឯកភាព​ជាតិ និង​ការ​អភិ​វ​ឌ្ឈ ដូចជា​ប្រទេស​អូស្ត្រាលី និង​បណ្តា​ប្រទេស​ដែល​ពួកគេ​កំពុង​រស់នៅ​នោះ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684