ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា នឹង​ប៉ះ​ក្រុម Lao Toyota របស់​ឡាវ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2018

ក្រុម​ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2017) នឹងមាន​ឈ្មោះ​ចេញទៅ​ប្រកួត​ពានរង្វាន់​ក្លិប​បាល់ទាត់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2018 ជា​បន្ត​នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ ខណៈ​តាម​គម្រោង​នឹងត្រូវ​ប៉ះ​ក្រុម​ជើងឯក​លី​គ​កំពូល​របស់​ប្រទេស​ឡាវ​គឺ​ក្រុម Lao Toyota FC ក្នុង​វគ្គ​ជម្រុះ (Play-off Round) ជុំ​ចុងក្រោយ​ជាមុនសិន មុន​មានឈ្មោះ​ទៅលេង​វគ្គ​បែងចែក​ពូ​ល (Group Stage)​។

ពានរង្វាន់ AFC Cup 2018 ជា​ពានរង្វាន់​កម្រិត​ទាប​ជាង AFC Champion League 2018 ដោយមាន​ក្រុម​ចូលរួម​ចំនួន​៤៦​ក្រុម​មកពី​២៦​ប្រទេស ដោយ​ប្រកួត​ជម្រុះ​ពី​វគ្គ​ជម្រុះ​ដំបូង​, វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​, វគ្គ​ចែក​ពូ​ល​, វគ្គ​ជម្រុះ​តាម​តំបន់ (​តំបន់​អាស៊ាន និង​ពាន​អាស៊ី​ខាងកើត​) វគ្គ​Knockout Stage (​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​)​។ ពានរង្វាន់​នេះ​ប្រកួត​ចាប់ពី​ថ្ងៃ​៨ ខែមករា ដល់​ថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០១៧​។​

យោងតាម​ការ​កំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បានបញ្ជាក់​នៅ​ថ្ងៃ​ចាប់​ពូ​ល​រសៀល​ថ្ងៃ​ពុធ ទី​៦ ខែធ្នូ ថ្មីៗ​នេះ​ថា​ក្រុម​ដែល​ឈ្នះ​រវាង​ក្រុម​តំណាង​លី​គ​កំពូល​កម្ពុជា និង​ក្រុម Lao Toyota FC នឹង​ឡើង​ទៅលេង​វគ្គ​ចែក​ពូ​ល​ក្នុង​ក្រុម​ចំនួន​៣៦​ផ្សេងទៀត​ដែល​បែង​ចែកជា​ពូ​ល​៩​ផ្សេងគ្នា​ដើម្បី​បន្ត​រក​ក្រុម​ខ្លាំង​ឡើង​ទៅ​វគ្គ​បន្ត​រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ដំបូង​ឡើយ​ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ក្រុម​ជើងឯក​រង​ប្រទេស​ហ្វីលីពីន នោះ​ទេ​ក្នុង​វគ្គ​ជម្រុះ​ប៉ុន្តែ​ដោយសារ​ខាង​ក្រុមទី​ម័​រ​ខាងកើត និង​ក្រុម​ប្រ៊ុយណេ ដកខ្លួន​ទើប​កម្មវិធី​ប្រកួត​មានការ​ប្រែប្រួល​។

ការប្រកួត​រវាង​ក្រុម​លី​គ​កំពូល​កម្ពុជា ជាមួយ​ក្រុម Lao Toyota FC នឹងធ្វើ​ឡើង​ចំនួន​២​ជើង​គឺ​នៅ​ថ្ងៃទី​២២ និង​ទី​២៩ ខែមករា ឆ្នាំ​២០១៨ ដោយ​ប្តូរ​ទឹកដី​គ្នា​។ ក្រុម​ឈ្នះ​វគ្គ​ជម្រុះ​នេះ​នឹង​ឡើងទៅ​ប្រកួត​នៅក្នុង​វគ្គ​បែងចែក​ពូ​ល ដែល​ទើប​ចាប់ឆ្នោត​រួចរាល់​ពោលគឺ​ក្នុង​ពូ​ល F រួមជាមួយ​ក្រុម​មកពី​លី​គ​កំពូល​ហ្វីលីពីន (​អាចជា​ក្រុម​ជើងឯក ឬ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣), ក្រុម​លី​គ​កំពូល​សិង្ហ​បុរី Home United​និង​លី​គ​កំពូល​មី​យ៉ាន់​ម៉ា​Shan United ឬ Yadanarbon FC ដែល​កំពុង​អង្គុយចាំ​។

យ៉ាង​ណា​ក្តី​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា នៅ​មិនទាន់​រកឃើញ​ក្រុម​នៅឡើយ​នោះ​ទេ ដោយ​រង់ចាំ​មើល​ការប្រកួត​ជម្រុះ Play Office ជា​មុនសិន​ដោយ​ក្រុម​ក្រសួងការពារជាតិ ជួប​ណាហ្គា​វើ​ល ហើយ​ក្រុម​ឈ្នះ​ឡើង​ទៅ​ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​ក្រុម​ឈ្នះ​ជា​បន្ត​ឡើងទៅ​ប៉ះ​បឹងកេត ដើម្បី​ប្រជែងជើងឯក​ប្រចាំ​រដូវកាល​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684