ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​៣​នាក់ ​ភ្ញាក់​រលឹក​យក​អាវុធ​ខុសច្បាប់​៣​ដើម ​ជូន​ប៉ុស្តិ៍​មូលដ្ឋាន

ពោធិ៍សាត់ ​៖ ​ក្រោយ​ពេល​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ណែនាំ​​ពី​ សន្តិ​សុខ​ភូមិ​ឃុំ​សុវត្ថិភាព​ រួចមក គ្រាន់តែ​រយៈពេល​២​ថ្ងៃ​សោះ​ ពលរដ្ឋ​ចំនួន​៣​នាក់​នៅ​ស្រុក​២​ផ្សេងគ្នា​បាន​យក​អាវុធ​៣​ដើម​ប្រគល់​ជូន​សមត្ថកិច្ច​។

បើ​តាម​លោក ធាង ឡេង អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ប៉ុស្តិ៍​មូលដ្ឋាន​មាន​ប្រជាពលរដ្ឋ​ចំនួន​០២ នាក់ រស់នៅ​ចំណុច​អន្លង់ក្រូច ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ បាន​យក​អាវុធ ០២ ដើម ប្រគល់​ឲ្យ​កម្លាំង​ប៉ុស្តិ៍​នៅ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់។

លោក​អធិការ​បាន​ឲ្យ​ដឹង​បន្ត​ថា អ្នក​ទាំង​២​ទី​១.​ឈ្មោះ ភ លីម ភេទ​ស្រី អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ប្រគល់​អាវុធ​ធុន AK​ស្វាយ បង់ ០១ គ្មាន​គ្រាប់ រលប់​លេខ គុណភាព​៤៥% រើស​បាន​ពេល​ទៅ​ដក​ផ្សិត​នៅ​ជើងភ្នំ​អូ​រំ​សូ​។

ទី​២.​ឈ្មោះ ប៉ាត ឡាវ ភេទ​ស្រី អាយុ ៥៨ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ប្រគល់​អាវុធ​ធុន AK​ស្វាយ​បត់ គ្មាន​បង់ រលប់​លេខ គុណភាព​៣០% រើស​បាន​ពេល​ទៅ​ដក​ផ្សិត​នៅ​ជើងភ្នំ​ពង្រូល អាវុធ​ទាំង ០២ ដើម រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ប្រ​ម៉ោ​យ។

លោក យឹម ឈាង​ហៃ អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹងថា នៅ​វេលា​ម៉ោង ១៤​និង​០៥​នាទី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​១​នាក់​បាន​ស្ម័គ្រចិត្ត​យក​អាវុធ​កែច្នៃ​(​កាំភ្លើង​ស្នប់​)​ចំនួន​១​ដើម​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ចម្រើន​ផល។

លោក​បន្ត​ថា ពលរដ្ឋ​នោះ​ឈ្មោះ កែ ប៉ន ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ មាន​មុខរបរ​ជា​កសិករ មាន​ទីលំនៅ ភូមិ​ដូន​អី សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់​ខេត្តពោធិ៍សាត់។

ជាមួយគ្នា​នោះ​ លោក​អធិការ​ក្រុង​ពោធិ៍សាត់​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ពលរដ្ឋ​ខាងលើ​ផងដែរ ​ដែល​យល់ដឹង​ពី​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​នេះ។ ជាមួយគ្នា​នោះ​ដែរ ​លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​តំបន់​នេះ ជា​តំបន់​ជួរ​ភ្នំក្រវាញ សម្បូរ​ព្រៃ​និង​ភ្នំ​ច្រើន ហើយ​នៅ​ដាច់​ឆ្ងាយ​ពី​ទី​រួម​ខេត្ត, ​​អតីត ជាទី​តាំង​ភូមិសាស្ត្រ​សមរភូមិ​ប្រយុទ្ធ​ កាលពី​ប្រទេស​មាន​សង្គ្រាម ដែល​បន្សល់ទុក​ នូវ​អាវុធ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ច្រើន​ពេញ​ព្រៃភ្នំ។ ប៉ុន្តែ​ក្រោយ​ពី​ការ​ណែនាំ​ពី​ភូមិ​ឃុំ​សុវត្ថិភាព​រួច​​មក ​​ពលរដ្ឋ​គាត់​​មាន​ការ​យល់ដឹង​​ច្រើន​ពី​អាវុធ​ខុសច្បាប់​នេះ​ ​ទើប​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​យើង​​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684