ព័ត៍មានទាន់​ហេតុការណ៏
Search

រថភ្លើង​បុក​រថយន្ត​ក្រឡាប់​ផ្ងារ​ជើង ​សំណាង​អ្នកបើកបរ​មិន​គ្រោះថ្នាក់​

​ភ្នំពេញ ៖ រថយន្ត​ប្រភេទ​បែន​ដឹក​ដី​មួយ​គ្រឿង ​ខណៈ​បើកបរ​ឆ្លងកាត់​ផ្លូវដែក​មិនបានយកចិត្តទុកដាក់​ ក៏​ត្រូវ​រថភ្លើង​បុក​ចំពាក់​កណ្តាល​តួ​រថយន្ដ​ បណ្តាលឱ្យក្រឡាប់​ផ្ងារ​ជើងដេកផ្អៀង​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង តែ​សំណាង​ដែរ​ដោយសារ​អ្នកបើកបរ​មិនមាន​រងគ្រោះថ្នាក់​អ្វី​ឡើយ​ គឺ​ខូចខាត​តែ​រថយន្ដ​ប៉ុណ្ណោះ។ ​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​៧ ​ខែធ្នូ​ ឆ្នាំ២០១៧ នៅត្រង់ចំណុច​ផ្លូវ​រថភ្លើង​ កែង​ផ្លូវ​បេតុង​វត្ត​តាំង​កសាង​ខាងត្បូង​ ស្ថិតនៅ​ក្នុងភូមិចំការឪឡឹក​១​ សង្កាត់​កា​កាប​១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ រថយន្ត​ដែល​ក្រឡាប់​នោះ​ម៉ាក​នីសាន់ ​ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ​ ចង្កូត​ស្ដាំ​ PP-0641​ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ហិន ឌឿ​ន អាយុ​៣៦​ឆ្នាំ  មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ដូនទ្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

អ្នកបើកបរ​រថយន្ត​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បាន​បើកបរ​រថយន្ត​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ក្នុង​គោលបំណង​ទៅ​ដឹក​ខ្សាច់​នៅ​គីឡូម៉ែត្រ​លេខ​៩ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ ដោយបាន​បើកបរ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ ​លុះពេលទៅដល់​ត្រង់ចំណុច​កើតហេតុ ឃើញ​រនាំង​ហាមឃាត់​ឆ្លងកាត់​ផ្លូវដែក​អត់​បិទ គាត់​ស្មានថាអត់​មាន​រថភ្លើង​ឆ្លងកាត់ ម្យ៉ាងទៀត​មើល​អត់​ឃើញ​ផង ហើយ​ពេល​បើក​ទៅជិត​ដល់​ផ្លូវដែកទើប​ឃើញ​រថភ្លើង។​ ​ពេលនោះ​គាត់​បាន​ខំ​សាង​លេខ​ដើម្បី​បន្ថែម​ល្បឿន​ដែរ ​ប៉ុន្តែ​ឆ្លង​មិន​ផុត​ក៏ត្រូវបាន​រថភ្លើង​បុក​ចំពាក់​កណ្ដាល​តួ​រថយន្ដ​ បណ្ដាល​ឲ្យ​ខ្ទាត​ទៅមុខ​ចម្ងាយ​ប្រហែល​៨​ម៉ែត្រក្រឡាប់​តែម្ដង បន្ទាប់​មក​រថភ្លើង​បាន​បន្តដំណើរ​ទៅ​បាត់​ដោយ​មិនអាច​ឈប់​បានឡើយ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​ខាងលើ​បាន​ក្រឡាប់​សង្កត់​លើ​បង្គោល​រនាំង​ហាមឃាត់ឆ្លងកាត់​ផ្លូវដែក​ និង​ ខ្សែភ្លើង ប៉ុន្តែ​សំណាង​ណាស់​ដែល​អ្នកបើកបរ​មិនមាន​គ្រោះថ្នាក់ណាមួយកើតឡើង។ ​ក្រោយពេល​កើតហេតុ​អ្នកបើក​បរក៏មិនបាន​រត់​ទៅណា​ឡើយ គាត់បាន​ស្ថិតនៅ​ក្បែរ​រថយន្ត​រប​ស់គា​ត់​។

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើ កម្លាំង​នគរបាលចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ប្រគល់ឱ្យ​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ មក​ស្ទូចរថយន្ត​នោះ​យកទៅ​រក្សាទុក​រង់ចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​ទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684