ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ចម្រុះ​​ ​ប្រើ​ពេល​៨​ម៉ោង ​​ទម្រាំ​អនុវត្ត​សេចក្ដី​ជូនដំណឹង​របស់​សាលាក្រុង​សៀមរាប​ ទទួល​បាន​ជោគជ័យ

សៀមរាប ៖ ​នា​រសៀល​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​១៦​រសៀល ក្រុមការងារ​ចម្រុះ​​ បាន​ចុះ​អនុវត្ត​លិខិត​លេខ ៣២៧/១៧​ ស​.​ជ​.​ណ ចុះ​ថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ ២០១៧ របស់​រដ្ឋបាល​ក្រុង​សៀមរាប ក្នុងការ​ធ្វើការរុះរើ និង ដកហូត​ទូកញ្ចក់​លក់​គ្រឿងអលង្ការ​មួយ​កន្លែង​នៅក្នុងផ្សារលើ​ធំថ្មី ដែលជា​កម្មសិទ្ធិ​របស់​លោក តាន់ សុផល ដែល​បាន​ជួល​ពី​អ្នកស្រី តាំង សុ​បួ​យ ដោយបាន​លក់ដូរ​ខុសប្លង់តូប ដែល​គណៈកម្មាធិការ​ប្រតិបត្តិ​សមាគម​អាជីវករ​សំណង់​ផ្សារលើ​ធំថ្មីបានកំណត់ ស្ថិតនៅ​ក្នុងភូមិ​ដក​ពោធិ​សង្កាត់​ស្លក្រាម ក្រុង/​ខេត្តសៀមរាប។

សមត្ថកិច្ច​ចម្រុះ ​ដែល​ចុះ​ប្រតិបត្តិការ​ខាងលើ​រួម​មាន ​រដ្ឋបាល​សាលាខេត្ត រដ្ឋបាល​ក្រុង​សៀមរាប​ អធិការ​នគរបាល​ កងរាជអាវុធហត្ថ​ក្រុង ការិយាល័យ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ក្រុង ចៅសង្កាត់ មេភូមិ គណៈកម្មការ​គ្រប់គ្រង​ផ្សារ​លើ​ធំថ្មី កម្លាំង​ប្រជា​ការពារ​ភូមិ និង កម្មករ​សាលាក្រុង​សរុប​៣០​នាក់ ដែល​ដឹកនាំ​ដោយ​លោក នួន ពុទ្ធា​រ៉ា នាយក​រដ្ឋបាល​សាលាខេត្តសៀមរាប លោក សូរ ប្លា​តុង អភិបាល​នៃ​គណៈ​អភិបាលក្រុង​សៀមរាប ដោយមាន​ការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប។

ក្នុង​សកម្ម​ភាពចុះ​អនុវត្ត​ធ្វើការ​រុះរើ​ទូកញ្ចក់​នេះ យើង​សង្កេតឃើញថា មានការ​ប្រកែក​ត​វ៉ា​គ្នា​យ៉ាងពេញទំហឹង​រវាង​កម្លាំងចម្រុះ និង ម្ចាស់​ទូ ព្រមទាំង​អាជីវករ និង​ អាជីវករ​ធ្វើ​អាជីវកម្ម​លក់​មាសដូចគ្នា ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង ភ្ញៀវដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីផ្សារ​លើធំថ្មី​ផងដែរ។

ក្នុងនោះដែរ​យើង សង្កេតឃើញភាគី​ម្ចាស់​ទូក៏បាន​ទូរ​ស័ព្ទ​ដល់​ថ្នាក់ដឹកនាំ​មួយចំនួន ឲ្យ​ជួយ​ធ្វើការអន្តរាគមន៍ចំពោះ​ការអនុវត្ត​សេចក្តីជូនដំណឹង​របស់សាលាក្រុង។ ក្នុងនោះ​ក៏មាន​ជន​ចម្លែកដែល​អួតថា ខ្លួន​ជា​កងរាជអាវុធហត្ថ បានមក​ស្រែក​ឡូឡា​ដាក់​កម្លាំងចម្រុះ ព្រមទាំង​មេធាវីម្នាក់រួមទាំង​អ្នកកាសែត​គ្មាន​សុជីវធម៌​ម្នាក់​ផងដែរ។

ឆ្លងតាម​ការសម្រុះសម្រួល​របស់លោក នួន ពុទ្ធា​រ៉ា ដោយ​ភាគី​ម្ចាស់​ទូ​នៅ​ធ្វើការ​អូសបន្លាយពេលវេលា​ផងនោះ​ លោក នួន ពុទ្ធា​រ៉ា ក៏បាន​លើក​នូវ​ហេតុផល​មួយចំនួន ក្នុងការ​បញ្ចៀស​កុំ​ឲ្យ​កើតមាន​ហិង្សា​រវាង​គ្នា ព្រមទាំងសូម​ឲ្យ​ម្ចាស់​ទូកញ្ចក់ធ្វើការ​ជ្រើសរើស​នូវវិធា​ការ​៣ចំណុច ដោយ​រុះរើ​ខ្លួនឯង​ក្នុង​ពេលនេះ បើ​ខ្វះ​កម្លាំង​រុះរើ​ក្រុម​ការងារ​ជួយ ហើយបើ​មិន​រើ​នោះទេកងកម្លាំង​នឹងប្រើប្រាស់​វិធាន​ឲ្យ​ខាងតែបាន។ ក្នុងនោះដែរ​លោក​មេធាវី​ឈ្មោះ យិន រ៉ាវី ខាង​ភាគី​ម្ចាស់​ទូក៏បានផ្តល់​គំនិត​មួយចំនួន​ទៅតាម​នីតិវិធី​ច្បាប់ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​កើត​មាននូវអំពើហិង្សា នៅពេលកម្លាំងចម្រុះ​ធ្វើការ​អនុវត្ត​ន៍ទៅតាម​ផ្លូវច្បាប់។

​ដោយយោង​តាម​ពាក្យបណ្តឹង​របស់​បងប្អូន​អា​ជីក​រល​ក់មាសចំនួន​៥៨​តូប ធ្វើការ​ប្តឹងទៅ​សាលាក្រុង និង សាលាខេត្ត​សៀមរាប ដើម្បី​ដកហូត​តូប​លក់​មាស​ខុស​ទីតាំង​ក្នុង​ផ្សា​លើ​ធំថ្មី របស់លោក​ស្រី តាំង សុខ​បួ​យ ដែល​បាន​ជួល​ឲ្យ​ឈ្មោះ តាំង សុផល ដែល​បាន​លក់​តាំង​ពីមុនបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ ២០១៦ ហើយ​អាជ្ញាធរ​បាន​ទុកពេល​ឲ្យ​ម្ចាស់​តូប​ប្តូរ​មុខរបរ​តាម​ប្លង់​របស់​ផ្សារ​វិញ។

​ដោយ​ប្រើប្រាស់​ពេលវេលា​អស់​រយៈពេល៨​ម៉ោង ដែល​ទ្រាំ​ទៅតាម​ការ​ត្មះតិះដៀល​ពី​ម្ចាស់​តូប តាំង សុខ​បួ​យ និង​ អ្នក​ជួល តាំង សុផល យ៉ាងណាក៏ដោយ កម្លាំងចម្រុះ​មានការ​អត់ធ្មត់​ដើម្បីបំពេញការងារ​របស់ខ្លួនរហូត​ទទួលបាន​ជោគជ័យដោយ​សន្តិវិធី នៅវេលា​ម៉ោង ២៣ និង ៥០​នាទី ដោយបាន​ធ្វើការ​ឯកភាព​គ្នា​ទៅលើកំណត់ហេតុ​ដកហូត ដោយមាន​លោក​មេធាវី​ឈ្មោះ យិន រ៉ាវី ធ្វើជា​សាក្សី ហើយ​បាន​ដឹកយក​ទូកញ្ចក់​ទៅ​រក្សាទុក​នៅអធិការនគរបាល​ក្រុង​សៀមរាប​ ទៀតផង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684