ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ​ Kipson ​របស់​ណាហ្គា​វើ​ល ឈរ​ក្នុង​បញ្ជី​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ត្រឹម ដំណាច់​វគ្គ​ប្រកួត​វិលជុំ

កីឡាករ​ Autheire Kipson របស់​ក្លិប​ណាហ្គា​វើ​ល កំពុង​បន្ត​ឈរ​កំពូល​តារាង​ក្នុង​បញ្ជី​កីឡាករ​ដែលទាត់​បញ្ចូល​ទី​បាន​ច្រើនជាងគេ គិត​ត្រឹម​សប្ដាហ៍​ទី​២២ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2017) ពោល គឺ​ត្រឹម​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​វិលជុំ​ចុងក្រោយ បន្ទាប់ពី​រក​បាន​គ្រាប់​បាល់​ច្រើនជាង​កីឡាករ​ដទៃ​ ពោល គឺ​រក​បាន​ ២៦ ​គ្រាប់​ម្នាក់ឯង​។​

ឆ្លងកាត់ ​២២​ សប្ដាហ៍​មកនេះ ​ក្រុម​ទាំង​ ១២ បាន​ទាត់​​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក​ចំនួន​ ៥១៨ ​គ្រាប់ ហើយ​ក្រៅពី​កីឡាករ​ជនជាតិ​រ្វ៉ា​ន់​ដា Autheire Kipson របស់​ក្លិប​ណាហ្គា​វើ​ល រកបាន​គ្រាប់​២៦គ្រាប់ច្រើនជាងគេ ឃើញថា​មាន​អ្នក​តាម​ពីក្រោយ​ដោយ​កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល Maycon Calijuri របស់​បឹងកេត រកបាន​២៥​គ្រាប់ ស្មើគ្នា​ជាមួយ​កីឡាករ​ជនជាតិ​កូរ៉េខាងជើង Choe Myong Ho របស់​ក្រសួងការពារជាតិ រកបាន​២៥​គ្រាប់ដូចគ្នា​។ កីឡាករបី​រូប​ផ្សេងទៀត​រក​បាន​គ្រាប់​បាល់​១៦គ្រាប់​ស្មើគ្នា ​គឺកីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Bisan Goerge របស់​អាស៊ី​អឺរ៉ុប បច្ចុប្បន្ន​ចូលរួម​ជាមួយព្រះខ័ន​រាជ​ស្វាយរៀង និង​ កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Timothy Okereke របស់​ក្រុម​ខេ​ម​បូ​ឌាន​ថា​យ​ហ្គឺ​រ កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Dzama Bata របស់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ចូលរួម​ជាមួយអាស៊ី​អឺរ៉ុប​។​

​ចំណែក​កីឡាករ​ជនជាតិ​ហ្គា​ណា Michael Osei Tutu របស់​ស៊ីម៉ាក់ រកបាន​១៣​គ្រាប់​ កីឡាករ​អាហ្វ្រិកខាងត្បូង Booysen Shane របស់​ភ្នំពេញ​ក្រោ​ន រកបាន​១៣​គ្រាប់ ដូចគ្នា​នឹង​កីឡាករ​ Chigozie Nwaokorie របស់​ព្រះខ័ន​រាជ​ស្វាយរៀង រកបាន​១២​គ្រាប់ និង​ កីឡាករ Kim Kyon Hun ជនជាតិកូរ៉េខាងជើង​របស់​ក្រុម​ក្រសួងការពារជាតិ រកបាន​១១​គ្រាប់​។ ក្រៅពីនោះ​សុទ្ធតែជា​អ្នករកគ្រាប់​បាល់​បាន​ម្នាក់ ​១០ គ្រាប់​ចុះក្រោម​។​

​សូម​រំលឹកថា​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានសម្រេច​បង្កើន​ក្រុម​ជា​សមាជិក​លី​គ​កំពូលរបស់ខ្លួន​ឱ្យ​កើនឡើង​រហូតដល់​១២​ក្លិប ដោយ​ប្រកួត​គ្នា​ចំនួន​២​ជុំ និង ​បន្ត​វគ្គ​ Play-Off ដោយចាប់​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៨ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៧​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា មានឱកាស​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ដូចជា​ពានរង្វាន់ Toyota Mekong Club Championship និង​ ពានរង្វាន់ AFC Cup ជាដើម​។​

​តាម​គម្រោង​ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​ ២០១៧ នេះ​ទៅ ​កីឡាករ​ដែល​រក​គ្រាប់​បាល់ច្រើនជាងគេបង្អស់ នោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នឹងប្រគល់​ពានរង្វាន់ (​ឬ​ហៅថាស្បែកជើង​មាស​) ព្រមទាំង​ថវិកាលើកទឹកចិត្ត​ចំនួន ​១.៥០០,០០០៛ ខណៈ​កីឡាករ ចាន់ វឌ្ឍនាកា ជា​ម្ចាស់​ពានរង្វាន់​នេះ​កាលពី​ឆ្នាំមុន ក្រោយ​រកបាន ​២២​ គ្រាប់​ម្នាក់ឯង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684