ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បត់​ចូល​ក្រុមហ៊ុន​កាត់​ទទឹង​ផ្លូវ​ ម៉ូតូ​បើក​លឿន​បុក​ចំពាក់​កណ្តាល​ស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់

ភ្នំ​ពេ​ញ ៖ យុវជន​ម្នាក់​ បាន​ស្លាប់ ​និង ​ស្ត្រី​ពីរ​នាក់​ បាន​រង​របួស​ធ្ងន់​ ខណៈ​ដែល​ពួកគេ​បើកបរ​ម៉ូតូ​ឌុបគ្នា ​ហើយ​បាន​ទៅ​បុក​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ ដែល​បត់​ឆ្លង​ផ្លូវ​ចូល​ទៅ​ក្រុមហ៊ុន ​ដោយ​ពុំ​ទុក​ឲ្យ​ម៉ូតូ​ទៅ​ផុត​សិន​នោះ​ទេ។

ហេតុការណ៍គ្រោះថ្នាក់​នេះ ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិលេខ​១​ ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

តាម​ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ទោ ឯក​ សារ៉ន អធិការ​រ​ង​នគរបាល​ខណ្ឌ​ច្បារអំពៅ ទទួលបន្ទុក​សណ្តាប់ធ្នាប់​ចរាចរណ៍​បាន​ឲ្យ​ដឹងថា ​នៅវេលា​ម៉ោង​ ៨ ​និង​ ៣៥ ​នាទី​យប់ ​ថ្ងៃទី​៦ ​ខែធ្នូ នេះ ​នៅ​ចំណុច​ខាងលើ​ពិតជា​មាន​ករណី​គ្រោះ​ចរាចរណ៍ ​បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​ និង ​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់ពិតប្រាកងមែន​។​

លោក​អធិការ​រង​បាន​ឲ្យ​ដឹងថា​ នៅមុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ ZoomerX ពណ៌​ស ​ជិះ​ឌុបគ្នា​៣​នាក់​ ក្នុងនោះ​គឺ​មនុស្ស​ប្រុស​ជា​អ្នក​ឌុប ​និង​ មាន​ស្ត្រី​ពីរ​នាក់​អង្គុយក្រោយ​។​ លោកបន្តថា ​ម៉ូតូ​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ​ក្នុងទិសដៅ​ពី​កើ​តទៅលិច​ក្នុង​ល្បឿន​លឿន​ ​លុះ​ទៅដល់​មុខ​ចំណុច​ច្រកចូល​ក្រុមហ៊ុន​ស៊ីម៉ងត៍ ​SCG​ ក៏​ស្រាប់​តែមានរថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយគ្រឿង ​ពាក់​ស្លាក​លេខ ​ភ្នំពេញ 3A0244 ​ដែល​ធ្វើដំណើរ​ពីច្បារអំពៅ​ បាន​បត់​ចូលទៅក្នុង​ក្រុមហ៊ុន ​ដោយ​ពុំបាន​មើល​ឆ្វេង​មើល​ស្តាំ​ទេ ​គឺ​បត់​ចូល​ទាំងទទឹងផ្លូវ​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​កំពុង​លឿន​បាន​បុក​ចូល​ក្រោម​រថយន្ត ​ធ្វើ​ឲ្យ​យុវជនដែលបើកបរ​ម៉ូតូ​បាន​បាក់ក​ស្លាប់​ និង​ នារី​ពីរ​នាក់​អង្គុយ​ក្រោយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ ហើយត្រូវបាន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ ​ចំណែក​សព​យុវជន​រងគ្រោះ​ស្ថិតនៅ​ក្រោម​កង់​រថយន្ត ដោយឡែក​អ្នកបើកបរ​រថយន្ត​បាន​រត់​ចូលទៅក្នុង​ក្រុមហ៊ុន​បាត់ស្រមោល​។

លោក​អធិការ​រង​នគរបាល​បាន​ឲ្យ​ដឹងថា​ យុវជន​ដែល​បាន​ស្លាប់​នោះ​ឈ្មោះ ​លឹម ទ្រី អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ មានស្រុក​កំណើត​ភូមិ​កំពង់​ព្រីង​ ឃុំសិត្បូ​ ស្រុក​ស្អាង ​ខេត្ត​កណ្តាល​។ ​ឯ​នារី​ពីរ​នាក់​ដែល​រួម​ដំណើរ​ពុំត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ​។ ​ចំពោះ​រថយន្ត​ និង​ ម៉ូតូ​ ​ត្រូវបានបញ្ជូនទៅ​ដោះស្រាយ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684