ព័ត៍មានទាន់​ហេតុការណ៏
Search

ឱក សុគន្ធ​កញ្ញា ចូលរួម​ចែក​មួក​សុវត្ថិភាព​ និង ​បំផុស​ស្មារតី​ដល់​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ

ភ្នំពេញ​ ៖​ តាមរយៈ​ក្រុមហ៊ុន​សាម​សុង ​កំពូល​តារា​ចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​ និង ​ជាអ្នកតំណាង​ទូរស័ព្ទ​ដៃ​សាម​សុង​ កញ្ញា ឱក សុគន្ធ​កញ្ញា នា​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ នេះ​បានបង្ហាញវត្តមាន​ចូលរួម​ចែករំលែក​មួកសុវត្ថិភាព​ និង​ បំផុស​ស្មារតី​ដស់​សិស្សានុសិស្ស​ប្រមាណ​១ពាន់​នាក់ ​នា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។

កញ្ញា ឱក សុគន្ធ​កញ្ញា ជា​អ្នកតំណាង​ទូរស័ព្ទដៃ​សាម​សុង ​និង​ តារាចម្រៀង​ដ៏​ល្បីល្បាញក្នុងប្រទេស​កម្ពុជា ដែលមាន​វត្តមាន​ក្នុង​យុទ្ធនាការ​នេះ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា ក្នុងនាម​ជា​មនុស្ស​ធម្មតា​ដែលមាន​អាជីព​ជា​អ្នកចម្រៀង​ម្នាក់​ ខ្ញុំ​ពិត​ជាមាន​កិត្តិយស​ក្នុងការរួមចំណែក​ក្នុង​យុទ្ធនាការ​ដ៏​អស្ចារ្យ​នេះ ជាមួយ​ក្រុមហ៊ុន​សាម​សុង។

តារាចម្រៀង​កញ្ញា ឱក សុគន្ធ​កញ្ញា បាន​បន្តថា នាង​ខ្ញុំ​ធ្លាប់​ឃើញ​ឧប្បត្តិហេតុ និង ​សោកនាដកម្ម​ផ្សេងៗដែល​បានកើត​ឡើងជា​រៀងរាល់ថ្ងៃ ដូច្នេះហើយ​នាង​ខ្ញុំ​ក៏​សូម​សំណូមពរ​ឲ្យ បងប្អូន ពូ​មីង ទាំងអស់ សូម​ពាក់មួក​សុវត្ថិភាព​ដើម្បី​ការពារ​ជីវិត​យើងទាំងអស់គ្នា ​ព្រោះ​អាយុជីវិតរបស់​យើង​ម្នាក់ៗ​ពិតជា​សំខាន់​ជាង​អ្វី​ទាំងអស់​។

តាមរយៈ​នេះដែរ​ កញ្ញា ឱក សុគន្ធ​កញ្ញា ក៏បាន​បញ្ជាក់​បន្ថែមថា ការគោរព​ច្បាប់​ចរាចរណ៍​ គឺជាការស្រឡាញ់​អាយុជីវិត​ខ្លួនឯង​ ក៏ដូចជា​គោរព​ស្រឡាញ់​អាយុជីវិត​អ្នក​ដទៃ​ផងដែរ​។ ដូច្នេះហើយ​រាល់​ការធ្វើដំណើរ​តាម​ដងផ្លូវ ​មិនត្រូវ​មើលរំលង​ចំពោះ​ការពាក់​មួកសុវត្ថិភាព​ ឬ​ គោរពច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។

សូមបញ្ជាក់ថា​ ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ឧបទ្ទវហេតុ​ចរាចរណ៍​ ក្រុមហ៊ុនសាម​សុង​បាន​បន្ត​ជំរុញ​គំនិត​ផ្តួចផ្តើម​សហគមន៍​ក្នុងប្រទេស​កម្ពុជា​ ជាមួយនឹង​ពិធី​ចែក​មួកសុវត្ថិភាព​ក្រោម​គោលគំនិត «​អនាគត​សិស្ស​ឆ្នើម​ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» ដែល​ជួយ​ធ្វើ​ឲ្យ​អ្នកបើកបរ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ធ្វើដំណើរ។ ពិធី​នេះ ​បានរៀបចំ​ធ្វើឡើង​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684